អាស្រ័យទៅលើរបៀបនៃការគិត

តើអ្នក​ជា​ផ្នែក​​នៃ​បញ្ហា ឬ​ជា​ផ្នែក​នៃ​ដំណោះ​ស្រាយ? ទោះ​បី​ជា​សំ​ណួរ​នេះ​ត្រូវ​បាន​ចោទ​ឡើង ក្នុង​ពេល​ប្រជុំ​នៃ​មុខ​ជំនួញ ឬក្នុង​ក្រុម​ប្រឹក្សា​នៃ​ពួក​ជំនុំ ឬក៏​ក្នុង​ការ​ពិភាក្សា​ក្នុង​គ្រួសារ​ក៏​ដោយ ក៏​ជា​ញឹក​ញាប់ សំណួរ​នេះ កើត​មាន​ឡើង​ពី​ការ​ធុញ​ទ្រាន់ នៅ​ពេល​ព្យាយា​មស្វែង​យល់ អំពី​មូល​ហេតុ​ដែល​នរណា​ម្នាក់​​ប្រព្រឹត្ត​តាម​បែប​ណា​មួយ ។​ ការ​ឆ្លើយ​​សំណួរ​​នេះ គឺ​ច្រើន​តែ​អាស្រ័យ​ទៅ​លើ​របៀបនៃការគិតរបស់ខ្លួន​ទេ ។​

បើ​​យើង​ស្ថិត​​ក្នុង​ចំណោម​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​ចាក​ចេញ​ពី​នគរ​អេស៊ីព្ទ​ បន្ទាប់​ពី​បាន​ជាប់​ជា​ទាសករ​អស់​៤០០​ឆ្នាំ នោះ​យើង​ប្រហែល​ជា​យល់​ថា ស្តេច​ផារ៉ោន គឺ​ជា​ផ្នែក​មួយ​នៃ​បញ្ហា ហើយ​នោះ​គឺ​ជា​ការ​ពិត​មែន ។​​ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ជ្រាប​លើស​ពី​នេះ​ទៅ​ទៀត ។​​

យើង​ពិបាក​នឹង​យល់ នៅ​ពេល​ព្រះ​អម្ចាស់​ទ្រង់​បង្គាប​ឲ្យ​លោក​ម៉ូសេ​ ដឹក​នាំ​ពួក​អ៊ីស្រាអែល​ចូល​ទឹក​ដី​អេស៊ីព្ទ​​វិញ ហើយ​បោះ​ជំរុំ ដោយ​បែរ​ខ្នង​ដាក់​សមុទ្រ​ក្រហម​វិញ ដើម្បី​ឲ្យ​ស្តេច​ផារ៉ោន​លើក​ទ័ព​មក​វាយ​ប្រហារ​ពួក​គេ(និក្ខមនំ ១៤:១-៣)។​ ពេល​នោះ​ពួក​អ៊ីស្រាអែល​ស្មាន​ថា​ ពួកគេ​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន​ទេ ប៉ុន្តែ ព្រះ​ទ្រង់​មានប​ន្ទូល​ថា ទ្រង់​នឹង​បាន​ទទួល​សិរីល្អ និង​ព្រះ​កិ​ត្តិ​នាម តា​ម​រយៈស្តេច​ផារ៉ោន និង​ពួក​ទ័ព​ទ្រង់ “ពួក​​សាសន៍​​អេស៊ីព្ទ​​នឹង​​ដឹ​ង​ថា អញ​ជា​ព្រះយេហូវ៉ា​ពិត”(ខ.៤,១៧-១៨)។

នៅ​ពេល​យើង​មិន​អាច​យល់ អំពី​មូល​ហេតុ​ដែល​ព្រះ​​អនុញ្ញាត ឲ្យ​យើង​ជួប​ស្ថានភាព ដែល​យើង​មិន​អាច​ដោះស្រាយ​បាន នោះ​យើង​ចាំ​បាច់​ត្រូវ​ចាំ​ថា​ ទ្រង់​ឲ្យ​ការ​នោះ​​កើត​ឡើង ដើម្បី​ជា​ប្រយោជន៍​ដល់​យើង និង​ដើម្បី​សិរីល្អ​ទ្រង់​​ ។​ បើ​សិន​ជាយើ​ងអាច​អធិស្ឋា​ន​ថា “ឱ​ព្រះ​វរបិតា​អើយ សូម​ជួយ​ឲ្យ​ទូល​បង្គំ ទុកចិត្ត និង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ទ្រង់ នៅ​ក្នុង​ស្ថាន​ភាព​នោះ​​” នោះ​មាន​ន័យ​ថា ​យើង​កំពុង​តែ​ស្រប​នឹង​គំនិត និង​ផែន​ការ​របស់​ទ្រង់​ហើយ ។​ – David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles