ពេលឡើង និងពេលចុះ

មនុស្ស​យើង​ភាគ​ច្រើន​បាន​ទទួល​ស្គាល់​ថា ជីវិត​មាន​ដំណើរ​ឡើង​ហើយ​​ចុះ​ៗ ។ ​ស្តេចសាឡូម៉ូន​ដែល​ជា​ក្សត្រ​ដ៏​មាន​ប្រាជ្ញា ទ្រង់​ក៏​​បាន​ទទួល​ស្គាល់​យ៉ាង​ដូចនេះ​ផ​ង​ដែរ ហើយបាន​ឆ្លុះបញ្ចាំង នៅ​​ក្នុង​​​កា​រ​ឆ្លើយ​តប​របស់​យើង ចំពោះ​កាលៈទេសៈ​ដែល​មាន​ដំណើរ​​ឡើង​ហើយចុះៗ​នោះ ។ ក្នុង​ព្រះ​គម្ពីរ​សាស្តា ទ្រង់​បាន​ចែង​ថា “មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ … មាន​ពេល​យំ និង​ពេល​សើច មាន​ពេល​សំរាប់​សោយសោក និង​ពេល​សំរាប់​លោតកព្ឆោង”(សាស្តា ៣:១-៤)។

ព្រះបិតា​របស់​ស្តេច​សាឡូម៉ូន គឺ​ស្តេច​ដាវីឌ​ ត្រូវ​​​បាន​ហៅ​ថា “មនុស្ស​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ”(១សាំយ៉ូអែល ១៣:១៤ កិច្ចការ ១៣:២២)។ ប៉ុន្តែ ក្នុង​ការរស់នៅ​​របស់​​ស្តេច​ដាវីឌ គឺ​មាន​ពេល​ឡើង​ហើយ​ចុះ​ៗ ។​ ស្តេច​ដាវីឌ​បាន​ទួញ​សោក នៅ​ពេល​បុត្រ​ដែល​ទ្រង់​មាន​ជា​មួយ​នាង​បាតសេបា បាន​ស្លាប់​ដោយ​សារ​ជម្ងឺ (២សាំយ៉ូអែល ១២:២២)។ ប៉ុន្តែ ក៏​មាន​ពេល​ដែល​ទ្រង់​និពន្ធ​បទ​ចម្រៀង​សរសើរ​តម្កើង និង​សើច​សប្បាយ​ផង​ដែរ(ទំនុកតម្កើង ១២៦:១-៣)។ ក្រោ​យ​មក ទ្រង់​ក៏​មាន​សេចក្តី​ទុក្ខ​យ៉ាង​ខ្លាំង ចំពោះ​ការ​ស្លាប់​របស់​អាប់​សាឡំម ដែល​ជា​បុត្រា​ដែល​បាន​លើក​ទ័ព​បះបោរ​​​នឹង​ទ្រង់(២សាំយ៉ូអែល ១៨:៣៣)។ ហើយ​នៅ​ពេល​គេ​ដង្ហែរ​ហិប​សញ្ញា​ចូល​ក្រុង​យេរូសាឡិម ស្តេចដាវីឌ​មាន​ក្តី​អំណរ​ខាងវិញ្ញាណ​​​ជា​ពន្លឹក បាន​​ជា​​ទ្រង់​​រាំ​​នៅ​​ក្នុង​​ព្រះ​វត្ត​មាន​ព្រះ​(២សាំយ៉ូអែល ៦:១២-១៥)។

នៅ​ពេល​យើង​បង្ហាញ​នូវឲ្យ​គេ​ឃើញថា ​យើងជាគ្រីស្ទបរិស័ទដែលមានសន្តិភាព និង​សេចក្តី​អំណរ​នៅ​ក្នុង​ជីវិត គ្រប់​ពេល​ជាប់​ជា​និច្ច នោះ​​យើង​អាច​នាំ​ឲ្យ​មាន​ផល​អាក្រក់​ដល់​ខ្លួន​ឯង ក៏​ដូច​ជា​ដល់​អ្នក​ដទៃ​ផង​ដែរ ។​ ផ្ទុយ​ទៅវិ​ញ ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា ជីវិត​របស់​គ្រីស្ទ​បរិស័ទ គឺ​មាន​ពេល​ឡើង ហើយ​ក៏មាន​​ពេល​​ចុះ​ដែរ ។​ តើ​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ពេល​មួយ​ណា? ទោះ​បី​ជា​យើង​ស្ថិត​ក្នុង​ពេល​​អរសប្បាយ ឬ​កើ​ត​ទុក្ខ​ក៏​ដោយ ក៏​យើង​គួរ​តែ​មាន​ចិត្ត​ចង់​ស្វែង​រក​ព្រះ​អម្ចាស់ ហើយ​ទុក​ចិត្ត​ទ្រង់ នៅ​ក្នុង​ពេល​​នោះ ។​ – Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles