ការជាប់​ខ្លួន​ក្នុងភក់

គេបាន​ហៅលោ​​​ក​យេរេមា​ថា “ហោរា​ទឹក​ភ្នែក” ។​ គាត់​​មាន​ទុក្ខ​ព្រួយ​ជា​ពន់​ពេក ដោយ​សារ​លោក​ឈឺ​ចាប់ ចំពោះ​សេចក្តី​ជំនុំ​ជម្រះ ដែល​ព្រះបា​ន​ទម្លាក់​មក​លើ​រាស្រ្ត​អ៊ីស្រាអែល ដែល​មិន​បាន​ស្តាប់​បង្គាប់​ទ្រង់​ ។​ គាត់​មាន​សេចក្តី​ទុក្ខ​ជា​ទម្ងន់ គឺ​ដូច​ដែល​មាន​ចែង​ថា “ឱ​​បើ​សិន​ជា​ក្បាល​ខ្ញុំ​ពេញ​ដោយ​ទឹក ហើយ​ភ្នែក​ខ្ញុំ​ជា​រន្ធ​ចេញ​ទឹក​ជានិច្ច​ទៅ​អេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​យំ​ទាំង​យប់​ទាំង​ថ្ងៃ”(យេរេមា ៩:១)។

លោក​យេរេមា​មិន​គ្រាន់​តែ​មាន​សេចក្តី​ទុក្ខ ចំពោះ​ជាតិ​សាសន៍​របស់​គាត់​ប៉ុណ្ណោះ​ទេ តែ​គាត់​ថែម​ទាំង​ត្រូវ​ទទួល​រង​ការ​បៀត​បៀន ដោយ​ព្រោះ​ការ​ថ្លែង​ទំនាយ អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ​ទៀត​ផង ។​ មាន​ពេល​មួយ គេ​បាន​ឃុំ​ឃាំង​គាត់ នៅ​ក្នុង​អណ្តូង​ទឹក ដែល​គ្មាន​ទឹក​ទេ តែ​មាន​តែ​ភក់​ប៉ុណ្ណោះ(យេរេមា ៣៨:៦)។​ ការ​ទាស់​ប្រឆាំង​នឹង​ការងារ​របស់​លោក​ហោរា​ដ៏​អស្ចារ្យ​​រូប​នេះ បាន​បណ្តាល​ឲ្យ​គាត់ ជាប់​ខ្លួន​នៅ​ក្នុង​ទី​កន្លែងដ៏អស់សង្ឃឹម ។​​

ជួន​កាល ពេល​ដែល​យើង​ខិត​ខំ​បម្រើ​ព្រះ​អម្ចាស់ យើង​អាច​មាន​អារម្មណ៍​ថា ខ្លួន​កំពុង​ជាប់​គាំង នៅ​ក្នុង​ស្ថានភាព​ដ៏​ឈឺ​ចាប់ ហើយទទួលរងការឈឺចិត្ត ដោយ​មិន​បាន​ត្រៀម​ទុក​ជា​មុន ។​ ប៉ុន្តែ ការ​អត់​ធ្មត់​របស់​លោក​ហោរា​រូប​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត ឲ្យ​យើង​មាន​ការ​ទ្រាំ​អត់​ផង​ដែរ ។​ លោកយេរេមា បាន​ដឹង​អំពី​ការ​ត្រាស​​ហៅ​រប​ស់ព្រះ យ៉ាង​ច្បាស់​លាស់​ណាស់ បាន​ជា​គាត់​មិន​ព្រម​ឈប់​បម្រើទ្រង់​ឡើយ ។​ “​បើ​​កាល​​ណា​​ទូ​លបង្គំ​សំរេច​ថា មិន​និយាយ​ដំណាល​ពី​ទ្រង់ ឬ​និយាយ​ដោយ​នូវ​ព្រះនាម​ទ្រង់​ទៀត​ឡើយ នោះ​នៅ​ក្នុង​ចិត្ត​ទូលបង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត”(យេរេមា ២០:៩)។

តើ​អ្នក​មាន​ការ​ខក​ចិត្ត ចំពោះ​លទ្ធ​ផល​ដែល​អ្នក​បាន​ទទួល​ពី​ការ​បម្រើ​ព្រះ​អម្ចាស់​ឬ? បើ​មាន មែន ចូរ​ទូល​សូម​ឲ្យ​ព្រះវិ​​ញ្ញាណ​ទ្រង់​ផ្លាស់​ប្រែ​ចិត្ត​អ្នក​ជា​ថ្មី ហើយ​បន្ត​បម្រើ​ព្រះ ទោះ​បី​ជា​មាន​ឧបស័គ្គ​យ៉ាង​ណា​ក៏​ដោយ ។ ​- Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles