គ្រឿងផ្សំដែលត្រឹមត្រូវ

ទោះជំនាញ​ធ្វើ​ម្ហូប​របស់​ខ្ញុំ នៅ​មិន​ទាន់​មាន​ការ​រីក​ចម្រើន​ក៏​ដោយ ក៏​ជួន​កាល ខ្ញុំ​បាន​ប្រើ​គ្រឿង​ផ្សំ​មួយ​ប្រអប់ ដែល​គេ​បាន​លាយហើយ​ជា​ស្រេច ដើម្បី​ធ្វើ​នំ ។​ បន្ទាប់​ពី​ខ្ញុំ​បាន​បន្ថែម​ស៊ុត ប្រេង​ឆា និង​ទឹក​ហើយ​ ខ្ញុំ​ក៏​បាន​កូរ​គ្រឿង​ផ្សំ​ទាំង​នោះ​លាយ​គ្នា​ឲ្យ​សព្វ ។​ ដើម្បី​ដុត​នំ​ឲ្យ​ឆ្ងាញ់​ជាប់​មាត់ យើង​ចាំ​បាច់​ត្រូវ​លាយ​បរិមាណ​នៃ​គ្រឿង​ផ្សំ​នីមួយ​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ ។​ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​​ឃើញ ដល់​ទំនាក់​ទំនង​រវាង​មហា​ព្រះរាជ​បញ្ជា​(ម៉ាថាយ ២២:៣៦-៣៨) និង​មហា​បេសកកម្ម​(២៨:១៩-២០) ដែល​មា​ននៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង ។​

ពេល​ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​បង្គាប់​អ្នក​ដើរ​តាម​ទ្រង់ ឲ្យ​ចេញ​ទៅ​បង្កើត​សិស្ស នៅ​គ្រប់​ទាំង​សាសន៍ ទ្រង់​មិន​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ផ្សាយដំ​ណឹ​ង​ល្អ ដោយ​ខ្វះ​ការ​គួរ​សម និង​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ឡើយ ។​ ទ្រ​ង់​បាន​ដក​ស្រង់​អំពី “ក្រិត្យ​វិន័យ​ទីមួយ ដែល​សំខាន់​ជាង​គេ​បំផុត” ដែល​បាន​បង្គាប់​ឲ្យ​ស្រឡាញ់​ព្រះ អស់​ពី​ចិត្ត អស់​ពី​វិញ្ញាណ និង​​គំនិត ហើយ​ទ​ន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​បង្គាប់​ឲ្យ “ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ឲ្យ​ដូច​ខ្លួន​ឯង” (ម៉ាថាយ ២២:៣៧-៣៩)។ នៅ​ក្នុង​ព្រះ​គម្ពី​រ​សញ្ញា​ថ្មី​ទាំង​មូល យើង​ឃើញ​ថា មាន​បទ​គម្ពីរ​យោង​ជា​ច្រើន ដែល​និយាយ​អំពី​គំរូ​នៃ​​ការ​រស់​នៅ ដោយសេចក្តីស្រឡាញ់ និងការគោរព ដែលរួមមាន “ជំពូក​នៃ​សេចក្តី​ស្រឡាញ់”(១កូរិនថូស ១៣) និ​ងសេចក្តី​បង្រៀន​របស់​សាវ័ក​ពេត្រុស អំពី​ការ​ឆ្លើយ​តប​ដោយ “សុភាព និងការគោរព” ចំពោះ​អ្នក​ដែល​ចោទ​សួរ​អំពី​សេចក្តី​សង្ឃឹម​(១ពេត្រុស ៣:១៥)ជាដើម​ ។

ពេល​ដែល​យើង​កំពុង​មាន​ចិត្ត​ឆេះ​ឆួល ចង់​ចែក​ចាយ​អំពី​ព្រះ​គ្រីស្ទ​ដល់​អ្នក​ឯ​ទៀត យើង​ត្រូវ​តែ​មាន​ការ​ថ្លឹង​ថ្លែង​ឲ្យ​មាន​តុល្យភាព រវា​ង​គ្រឿងផ្សំ​ទាំ​ង​ពីរ ដែល​មាន​ដូច​ជា ដំណឹង​ល្អ​ដ៏​ពិត និង​សេចក្តី​ស្រឡាញ់ ដែល​ស្រប​តាម​ព្រះទ័យ​ទ្រង់ ។​ កាលណា​យើង​លាយ​គ្រឿងផ្សំទាំង​ពីរ​នេះ បានល្អ នោះ​យើង​នឹ​ង​​លទ្ធ​ផល​ដ៏អស្ចារ្យ នៅ​ក្នុង​ភាព​កក់​ក្តៅនៃ​​សេចក្តី​ស្រឡាញ់​របស់​ព្រះ ។​ – David McCalsand

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles