ការរៀបចំពេលវេលារបស់ព្រះអម្ចាស់

នៅឆ្នាំ​២០០៥ ខ្ញុំ​បាន​ទៅ​លេង​ព្រះ​វិហារ​របស់​លោកគ្រូ​គង្វាល អូដលេយ ប្លេក(Audley Black) ដែល​មា​នទី​តាំង​ជិត​ឆ្នេរ​​សមុទ្រ​ខាង​ត្បូង នៃ​ប្រទេស​ចា​ម៉ៃកា(Jamaica)។ កាល​នោះ ពួក​គេ​បាន​ចាប់​ផ្តើម​កម្ម​វិធី​សង់​ពង្រីក​កន្លែង​ថ្វាយ​បង្គំ​របស់​ពួក​គេ។ ជា​រៀង​រាល់​ពេ​លដែ​ល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ទី​នោះវិ​ញ ខ្ញុំ​បាន​កត់​សម្គាល់​ឃើញ​ថា ដំណើរ​ការ​សាង​សង់​របស់​ពួក​គេ​ មាន​ការ​រីក​ចម្រើ​ន​ទៅ​មុខ​បន្តិច​​ម្តង​ៗ​។

ទោះ​គម្រោង​សាង​សង់​នេះ​ បាន​ដំណើរ​ការ​អស់​ជា​ច្រើន​ឆ្នាំ ទំរាំតែ​បា​ន​ចប់​សព្វ​គ្រ​ប់​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​មិន​មាន​ការ​ខក​ចិត្ត​ដែរ! ព្រោះ​លោក​គ្រូ​គង្វាល​ប្លេក(Black) និង​ពួក​ជំនុំរ​បស់​គាត់​មាន​ការ​អត់​ធ្មត់ ចំពោះ​​ពេល​​វេលា​​ដែល​​ព្រះ​​អម្ចាស់​​បា​ន​​រៀ​​ប​ចំ  ហើយ​ពួក​គេ​មាន​ចិត្ត​រំភើប​រីក​រាយ ចំពោះ​ការ​អ្វី​ដែល​ទ្រង់​កំពុង​តែ​ធ្វើ។

ជាញឹ​កញា​ប់ យើង​ច្រើ​ន​តែ​ខ្វះ​ការ​អត់​ធ្មត់។ យើង​ចង់​ឲ្យ​ពួក​ជំនុំ​រីក​លូ​ត​លាស់ យ៉ាង​ឆាប់​រហ័ស យើង​ចង់​ឲ្យ​ក្រុម​យុវ​ជន​របស់​យើង ឆាប់​មាន​ភាព​ពេញ​វ័​យខា​ង​វិញ្ញាណ ហើយ​យើង​ច​ង់​ឲ្យ​បញ្ហា​ទាំង​អស់ ដែល​យើង​មាន ត្រូវ​បាន​ដោះស្រា​យ​នៅ​ថ្ងៃនេះ​តែម្ត​ង។

ប្រហែល​ជា​យើង​ចាំបា​ច់ត្រូវ​ចាំ​ថា ក្នុង​រឿង​ខ្លះ យើង​ត្រូវ​ការ​ពេល​វេលា គឺ​ពេល​វេលា​ដែល​ព្រះ​បាន​កំណត់។ ជា​តួយ៉ាង នៅ​ពេល​ដែល​ពួក​សាសន៍​អ៊ីស្រាអែ​ល​បាន​ចាក​ចេញ​ពី​នគរ​អេស៊ីព្ទ ព្រះ​បាន​ដឹក​នាំ​ពួក​គេ​ទៅ​កាន់​ទឹក​ដីស​ន្យា តាម​ផ្លូវ​ដ៏​វែង​ឆ្ងាយ(និក្ខមនំ ១៣:១៧-១៨)។ ហើយ​ក្នុង​ពេល​នោះ ព្រះ​អម្ចាស់​បាន​រៀប​ចំ​ពួក​គេ បង្រៀន​ពួក​គេ និង​ល្បង​ល​ពួក​គេ។

ក្នុង​សម័យ​ជឿន​លឿន​នៃ​ពិភព​លោក​សព្វ​ថ្ងៃ​ យើង​តែង​​តែ​ច​​​ង់ឲ្យកា​រ​អ្វី​គ្រប់​យ៉ាង​សម្រេច​ភ្លាម​​ៗ​។ ប៉ុន្តែ ជួន​កាល ព្រះអ​ម្ចាស់​មិន​មាន​ផែនការ​យ៉ាង​ដូ​ច​នោះ​ឡើយ។ ដូច​នេះ ចូរ​យើង​ស្វែង​រក​ជំនួយ​ពី​ព្រះអ​ម្ចាស់ ហើយ​រៀន​សម្រ​បខ្លួ​នតា​មកា​រ​រៀប​ចំ​ពេល​វេលា​របស់​ទ្រង់។—Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles