ចូរកុំខ្លាច

ភរិយា​រ​បស់​ខ្ញុំ​មាន​ជម្ងឺ​ជា​ទម្ងន់ ពេល​នាង​មាន​ផ្ទៃពោះ​កូន​ទីពីរ។ ពេល​ដែល​វេជ្ជ​បណ្ឌិត​កំពុ​ង​ព្យាយាម​ពិនិត្យ​មើលឲ្យ​ដឹង​ថា​នាង​មាន​ជ​ម្ងឺ​អ្វី នា​ង​ក៏​ចេះ​តែ​ខ្សោយ​ទៅ​ៗ ធ្វើ​ឲ្យ​នាង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់។

ពេល​ខ្ញុំ​ឃើញ​នា​ង​ទទួល​រង​ការ​ឈឺចា​ប់ដូ​ច​នេះ ខ្ញុំ​​មាន​អារម្មណ៍​តក់​ស្លត់ ហើយ​មិន​ដឹង​ថា អាច​ជួយ​អ្វី​ដល់​នាង​បាន​ទេ។ នៅ​ថ្ងៃ​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​ហាក់​ដូច​ជា​មិន​បាន​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​យើង​សោះ។ មាន​ពេល​មួយ នៅ​ថ្ងៃ​អាទិត្យ ពេល​ខ្ញុំ​កំពុង​ស្វែង​រក​ការ​កំសាន្ត​ចិត្ត​ពី​ព្រះ​គម្ពីរ ខ្ញុំ​ក៏​បាន​បើក​ចំ​ខ​ទី​១ នៃ​ក័ណ្ឌគ​ម្ពីរ​អេសាយ​ជំពូក ៤៣។

បទ​គម្ពីរ​នេះ​ចា​ប់​ផ្តើម​ដោយ​ពាក្យ​ថា “កុំ​ខ្លាច​ឡើយ” ហើយ​បាន​បញ្ចប់​ដោយ​ពាក្យ​ថា “ឯ​ង​ជា​របស់​អញ”។ ភ្លាម​នោះ ព្រះ​វិញ្ញាណ​បរិសុ​ទ្ធ​ក៏​បាន​មាន​បន្ទូល​ម​ក​កាន់​ខ្ញុំ​ ដោយ​ផ្ទាល់ តាម​បទ​គម្ពី​រ​នោះ​តែ​ម្តង។ ក្នុង​បទ​គម្ពីរ​នោះ ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​ពួកសាសន៍​អ៊ីស្រា​អែល ដោយ​ភាព​ស្និទ្ធ​ស្នាល​យ៉ាង​ខ្លាំង បាន​ជា​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំថា​ ទ្រង់​ក៏មា​ន​ព្រះ​ ទ័យ​ទុក​ដាក់​ចំពោះ​យើង​ជានិច្ច​ដែរ គឺ​​ដូច​​ដែ​ល​​ទ្រង់​​បាន​ប្រើ​​ពា​ក្យ​ថា “កាលណា​ឯ​ង​ដើរ​កាត់​ទឹក​ធំ … ដើរ​កាត់ទន្លេ​ … លុយ​កាត់​ភ្លើង”(ខ.២)។ ឃ្លាទាំ​ង​នេះ បាន​បន្លឺ​សម្លេង​កាន់​តែ​ខ្លាំង​ឡើង​ៗ ចេញ​ពី​ទំព័​រ​សៀវ​ភៅ មក​ប៉ះពា​ល់ចិ​ត្ត​រប​ស់​ខ្ញុំ។

ការ​កម្សាន្ត​ចិត្ត​របស់​យើង​ក្នុង​ពេល​នោះ មិន​មែន​ទទួល​បាន​ពី​សេចក្តី​សន្យា​អំពី​ការ​​ប្រោសឱ្យ​ជា ឬ​ទទួល​បាន​ពី​ការ​អស្ចារ្យ​ឡើយ ប៉ុន្តែ វា​កើត​ចេញ​ពី​ការ​ដឹង​ជាក់​ថា ទ្រង់​មិន​បាន​ទុក​យើង​​ចោល​ឡើយ។ ជាង​នេះ​ទៅ​ទៀត យើង​បាន​ជួប​រឿង​ដែល​គួរ​ឲ្យត​ក់ស្ល​ត់ជា​ច្រើ​ន​ទៀត ជា​ពិសេស​បន្ទាប់​ពី​អេធិន(Ethan)ចាប់កំ​ណើត ខ្ញុំមា​ន​អារម្មណ៍​ថា ទាំង​ម្តាយ​និង​កូន​ហាក់​ដូច​ជា​មិន​សង្ឃឹម​ថា​រស់​សោះ។ ប៉ុន្តែ ព្រះបា​ន​ប្រើព្រះ​បន្ទូ​ល​ទ្រង់ លោម​កម្សាន្ត​ចិត្ត​យើង ហើយ​ជួយ​ឲ្យយើ​ង​ត្រៀម​ខ្លួន សម្រា​ប់ពេ​ល​ដែល​​កាន់​តែ​ពិបា​ក!

សូម​​​ឲ្យ​​ព្រះប​ន្ទូល​​ព្រះនៅ​ថ្ងៃនេះ​ ក្រើន​រំឭក​ដល់​អ្នក​ថា ទ្រង់​មិន​ដែល​ទុក​អ្នក​ចោល​ឡើយ​។ —Randy Kilgore

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles