ខ្ញុំមានមិត្តភ័ក្រម្នាក់ឈ្មោះ ម៉ាស៊ី(Marci)។ ពេលឪពុកក្មេកនាងបានលាចាកលោក នាងក៏បានឈប់ធ្វើបង្អែម ដែលគាត់ចូលចិត្ត គឺបង្អែមសាឡាត់ម្នាស់។ ថ្ងៃមួយ កូនប្រុសតូចរបស់នាងបានសួរនាង អំពីមូលហេតុដែលនាងឈប់ធ្វើបង្អែមនោះញាំទៀត។ នាងក៏បានឆ្លើយថា “បង្អែមនោះធ្វើឲ្យម៉ាក់នឹកឃើញជីតារបស់កូន ហើយធ្វើឲ្យម៉ាក់កើតទុក្ខ ជីតារបស់កូនពិតជាចូលចិត្តបង្អែមនោះណាស់”។ កូនប្រុសរបស់នាង ក៏បានតបថា “គ្មានកន្លែងណាល្អជាងនគរស្ថានសួគ៌ទេ!”
ក្មេងប្រុសតូចនោះបាននិយាយត្រូវ ព្រោះនគរស្ថានសួគ៌គឺជាកន្លែងដែលល្អបំផុត។ ពេលដែលមានអ្វីមួយ នៅក្នុងលោកិយនេះ ធ្វើឲ្យយើងនឹកឃើញមនុស្សជាទីស្រឡាញ់ ដែលបានបាត់បង់ជីវិតទៅ សូមយើងកម្សាន្តចិត្តខ្លួនឯង ដោយនឹកចាំថា គ្មានកន្លែងណាល្អជាងនគរស្ថានសួគ៌ឡើយ។ ការរស់នៅដែលមិត្តភ័ក្រ និងសមាជិកគ្រួសាររបស់យើង កំពុងមាននៅនគរស្ថានសួគ៌ គឺមានទៅដោយក្តីអំណរខ្លាំងជាងការរស់នៅដែលពួកគេធ្លាប់មាននៅផែនដី ព្រោះ ៖
នគរស្ថានសួគ៌ គឺជាដំណាក់របស់ព្រះ។ អ្នកដើរតាមព្រះ នឹងអរសប្បាយនឹងព្រះវត្តមានទ្រង់ អស់កល្បជានិច្ច(វិវរណៈ ២១:៣-៤)។
នគរស្ថានសួគ៌ មានផាសុខភាព នៅក្នុងគ្រប់ផ្នែកទាំងអស់។ ពលរដ្ឋនៅនគរស្ថានសួគ៌ នឹងមិនដែលមានជម្ងឺ ឬមានទុក្ខព្រួយ(២១:៤) ឬក៏មានភាពអត់ឃ្លាន ឬការស្រេកទឹកទៀតឡើយ(៧:១៦)។
នគរស្ថានសួគ៌ជាកន្លែងដ៏ស្រស់ស្អាត។ ទឹកទន្លេដែល “ថ្លាដូចជាកែវចរណៃ” ហូរចេញពីបល្ល័ង្កនៃព្រះ(២២:១) ហើយព្រះនឹងឲ្យនគរស្ថានសួគ៌មានពន្លឺភ្លឺឡើងជានិច្ច(២២:៥)។ ជួនកាល ពេលយើងធ្វើការអ្វីមួយ នៅក្នុងលោកិយនេះ តើយើងនឹកឃើញអ្នកជឿព្រះ ដែលបានលាចាកលោកនេះ ទៅរស់នៅក្នុងពិភពបន្ទាប់ឬទេ? បើសិនជាដូច្នោះមែន ចូរមានការកម្សាន្តចិត្ត ដោយដឹងថា ពួកគេកំពុងមានការអរសប្បាយនៅក្នុងនគរស្ថានសួគ៌ ដែលជាកន្លែងដែលល្អបំផុត។-Jennifer Benson Schuldt