ពិបាកស្រឡាញ់

កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើការជាអ្នកប្រឹក្សាយោបលក្មេងប្រុសមួយចំនួន ដែលមិនស្តាប់បង្គាប់ឪពុកម្តាយ។ ពេលនោះខ្ញុំបានដឹងអំពីការលំបាក នៅក្នុងការប្រឈមមុខនឹងអាកប្បកិរិយ៉ារបស់ពួកគេ។ ពួកគេចូលចិត្តធ្វើបានសត្វ ដែលគេចិញ្ចឹមនៅក្នុងសួនសត្វសម្រាប់កុមារ ហើយជួនកាលបានឈ្លោះប្រកែកគ្នា។ ដូចនេះ ខ្ញុំក៏បានប្រើវិធីសាស្រ្តស្ងៀមស្ងាត់ និងរឹងមាំ ដើម្បីដឹកនាំពួកគេ។ ហើយទោះបីជាពួកគេ ចេះតែធ្វើឲ្យខ្ញុំមានអារម្មណ៍ពិបាកទទួលក៏ដោយ ក៏ខ្ញុំនៅតែយកចិត្តទុកដាក់ នៅក្នុងការបំពេញសេចក្តីត្រូវការរបស់ពួកគេជានិច្ច។​

ទោះបីជាខ្ញុំបានបង្ហាញចេញនូវភាពសប្បុរស និងសេចក្តីស្រឡាញ់ក៏ដោយ ក៏នៅក្នុងចិត្តខ្ញុំ ខ្ញុំច្រើនតែមានអារម្មណ៍ថា ខ្ញុំកំពុងតែ“អត់ធ្មត់ចំពោះពួកគេ”។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះវរបិតា ដែលគង់នៅស្ថានដ៏ខ្ពស់ បានផ្គត់ផ្គង់កូនរបស់ទ្រង់ ដែលបះបោរទាស់នឹងទ្រង់។ ទាក់ទងនឹងរឿងរបស់រាស្រ្តអ៊ីស្រាអែល ក្នុងអំឡុងពេលដែលពួកគេភាសខ្លួនចេញពីនគរអេស៊ីព្ទ សាវ័ក​ប៉ុល​​បានមានប្រសាសន៍ថា “ព្រះទ្រង់​បាន​ទ្រាំទ្រនឹង​កិរិយា​របស់​គេ នៅ​ទី​រហោស្ថាន ក្នុង​រវាង​ប្រហែល​ជា​៤០​ឆ្នាំ”(កិច្ចការ ១៣:១៨)។​ ក្នុងព្រះគម្ពីរដើមជាភាសាក្រិក ពាក្យ “ទ្រាំទ្រ” ច្រើនតែមានន័យថា ផ្គត់ផ្គង់សេចក្តីត្រូវការរបស់មនុស្ស ដោយចិត្តអត់ធ្មត់ ទោះបីជាពួកគេឆ្លើយតប ដោយការរមើលគុណក៏ដោយ។

ពេលដែលយើងខិតខំមើលថែរអ្នកដទៃ ដោយការយកចិត្តទុកដាក់ អ្នកខ្លះប្រហែលជាមិនឆ្លើយតបជាវិជ្ជមាន ចំពោះយើងឡើយ។ ពេលដែលមានរឿងនេះកើតឡើង នោះយើងចាំបាច់ត្រូវនឹកចាំថា ព្រះទ្រង់ក៏មានការអត់ធ្មត់ចំពោះយើងផងដែរ។ ហើយទ្រង់បានប្រទានព្រះវិញ្ញាណទ្រង់មក ដើម្បីជួយឲ្យយើងឆ្លើយតប ដោយសេចក្តីស្រឡាញ់ ចំពោះអ្នកដែលយើងពិបាកស្រឡាញ់ ឬអ្នកដែលមិនចេះដឹងគុណ (កាឡាទី ៥:២២-២៣)។

ឱព្រះអម្ចាស់អើយ សូមប្រទានឲ្យទូលបង្គំមានចិត្តអត់ធ្មត់ ចំពោះអ្នកដែលយើងខ្ញុំពិបាកស្រឡាញ់។–Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles