ការ​ផ្តល់ឲ្យដ៏អស្ចារ្យ

ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការដែលគេបានផ្ញើសារមក ក្នុងប្រអប់អ៊ីមែលរបស់ខ្ញុំជារៀងរាល់ថ្ងៃ ដើម្បីប្រាប់ខ្ញុំថា ខ្ញុំបានត្រូវរង្វាន់ជាទឹកប្រាក់ដ៏ច្រើនមិនគួរឲ្យជឿ។ ថ្មីៗនេះ ខ្ញុំបានរាប់ចំនួនប្រាក់រង្វាន់ ដែលគេបាននិយាយនៅក្នុងសំបុត្រទាំងនោះ ក្នុងរយៈពេល១សប្តាហ៍ ឃើញថា មានទាំងអស់ ២៦លានដុល្លា។ ប៉ុន្តែ ការឲ្យរង្វាន់នោះ គឺជាអំពើបោកប្រាស់ប៉ុណ្ណោះ។ រង្វាន់ នៅក្នុងសំបុត្រនីមួយៗ ដែលមានចាប់ពី១ទៅ៧លានដុល្លា គឺគ្រាន់តែជាការកុហក់​របស់ជនខិលខូច ដែលចង់បោកយកប្រាក់ពីខ្ញុំប៉ុណ្ណោះ។ យើងម្នាក់ៗសុទ្ធតែងាយរងគ្រោះ នឹងការផ្តល់ឲ្យដ៏អស្ចារ្យ ពីគម្រោងបោកប្រាស់ ដែលតាមពិតគ្មានអ្វីឲ្យ យើង ក្រៅពីបញ្ហាឡើយ។ គេផ្តល់ឲ្យយើងនូវក្តីសង្ឃឹមក្លែងក្លាយ ហើយនៅទីបញ្ចប់ក្តីស្រមៃយើងត្រូវរលាយអស់។

ទោះជាយ៉ាងណាក៏ដោយ មានការផ្តល់ឲ្យមួយ ដែលជាការផ្តល់ឲ្យដ៏ពិត ទោះបីជាវាជាការផ្តល់ឲ្យដ៏អស្ចារ្យមិនគួរឲ្យជឿក៏ដោយ។ ការផ្តល់ឲ្យ​ដ៏អស្ចារ្យនេះ ជាការប្រទាននូវសេចក្តីសង្រ្គោះ ដែលព្រះសព្វព្រះទ័យឲ្យយើងទទួល ដោយទទួលជឿលើព្រះយេស៊ូវ ដែល​បានសម្រេចព្រះរាជកិច្ចសង្រ្គោះ នៅលើឈើឆ្កាយ គឺដូចដែលមានសេចក្តីចែងថា “ចូរ​ជឿ​ដល់​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ”(កិច្ចការ ១៦:៣១)។ នេះជាការផ្តល់ឲ្យ ដែលទ្រង់បានធ្វើ ដោយការលះបង់យ៉ាងខ្លាំង ដើម្បីជាប្រយោជន៍យើងរាល់គ្នា។​ កណ្ឌគម្ពីររ៉ូមបានចែងថា “ទ្រង់​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​មាន​ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង​រាល់​គ្នា ហើយ​បាន​ប្រោស​ឲ្យ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ប្រយោជន៍​ឲ្យ​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត”(៤:២៥)។

ពេលដែលយើងទទួលសេចក្តីសង្រ្គោះ យើងអាចមានសេចក្តីសង្ឃឹម (ទីតុស ១:២) សន្តិភាព (រ៉ូម ៥:១) ការអត់ទោសបាប (អេភេសូរ ១:៧) ភាពមានបានដែលគ្មានអ្វីអាចប្រៀបផ្ទឹម (២:៧) និងការប្រោសលោះ(៤:៣០)។ នេះជាការសន្យាដ៏ពិត ដែលយើងអាចទទួលបាន។​ ការសុគត និងការមានព្រះជន្មឡើងវិញ នៃព្រះយេស៊ូវ គឺជាការធានានៃការផ្តល់ឲ្យនេះ។​–Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles