ព្រះនៅក្នុងខ្យល់ព្យុះ

កាលពីពេលព្រឹកព្រលឹមថ្ងៃមួយ ខ្យល់ចាប់ផ្តើមបក់មកខ្លាំង ហើយទឹកភ្លៀងក៏បានធ្លាក់មក ដូចថ្មតូចៗ ប៉ះនឹងផ្ទះរបស់ខ្ញុំ។ ខ្ញុំក៏បានមើលទៅខាងក្រៅផ្ទះ ឃើញមេឃស្រទុំ ហើយឃើញដើមឈើទន់ទោ ទៅតាមកម្លាំងខ្យល់បក់។ ផ្ទៃមេឃបានបញ្ចេញពន្លឺ ដោយផ្លេកបន្ទោរដែលមានរាងដូចសរសៃឈាម     ដែលអមដំណើរដោយសម្លេងផ្គរលាន់ ដ៏កក្រើក។ ផ្លេកបន្ទោរនៅតែបញ្ចេញពន្លឺភ្លិបភ្លែតៗ បានជាខ្ញុំចង់ដឹងថា អាកាសធាតុដ៏អាក្រក់នេះ នឹងបន្តដល់កាលណាទៀត។

ពេលដែលខ្យល់ព្យុះនោះ កន្លងផុតទៅហើយ ខ្ញុំក៏បានបើកព្រះគម្ពីរ ដើម្បីចាប់ផ្តើមថ្ងៃថ្មីរបស់ខ្ញុំ ដោយការអានព្រះបន្ទូល។ ខ្ញុំបានអានបទគម្ពីរក្នុងព្រះគម្ពីរយ៉ូប ដែលបានប្រៀបធៀបព្រះចេស្តារបស់ព្រះអម្ចាស់ ទៅនឹងកម្លាំងរបស់ខ្យល់ព្យុះ។ លោកអេលីហូវ ដែលជាមិត្តភ័ក្ររបស់លោកយ៉ូបបានពោលថា “ព្រះទ្រង់បញ្ចេញសំឡេងជាផ្គរលាន់យ៉ាងអស្ចារ្យ”(៣៧:៥) ហើយ “ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ”(៣៦:៣២)។ ជាការពិតណាស់ ព្រះអង្គ “មានតេជានុភាពដ៏ខ្ពស់បំផុត”(៣៧:២៣)។

បើយើងធៀបខ្លួនយើងនឹងព្រះ មនុស្សយើងពិតជាទន់ខ្សោយណាស់។ យើងមិនអាចជួយខ្លួនឯង ដោយកម្លាំងខាងវិញ្ញាណរបស់យើង ដើម្បីប្រោសចិត្តរបស់យើងឲ្យជា ឬដោះស្រាយបញ្ហាអយុត្តិធម៌ ដែលយើងបានទទួលរងជាញឹកញាប់បានឡើយ។ តែយើងអរព្រះគុណព្រះអង្គ ដែលព្រះនៃខ្យល់ព្យុះយកព្រះទ័យទុកដាក់ ចំពោះមនុស្សទន់ខ្សោយដូចយើង។ ព្រះអង្គ “នឹកចាំថា យើងជាធូលីដី”(ទំនុកដំកើង ១០៣:១៤)។ ជាងនេះទៅទៀត ព្រះអង្គ “រមែងចំរើនកំឡាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកំឡាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ”(អេសាយ ៤០:២៩)។ ដោយសារព្រះទ្រង់ខ្លាំង នោះព្រះអង្គអាចជួយយើង ពេលយើងមានភាពកម្សោយ។—Jennifer Benson Schultd

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles