សំបុត្រ​ផ្ញើរ​ទៅ​ក្មេង​ប្រុស​ម្នាក់

លោក​ស៊ី អេស លូវីស(C.S.Lewis) ជា​អ្នក​ដែលមាន​​ចំណូល​ចិត្ត ចំពោះកា​រ​ថែរ​ទាំ​ការ​លូតលាស់​ខាង​វិញ្ញាណ រប​ស់​គ្រីស្ទ​បរិស័ទ​វ័យក្មេ​ង​ទាំង​ឡាយ គឺ​សូម្បី​តែ​នៅពេល​ដែល​គាត់ ​ជិត​ដល់​ចុង​បញ្ចប់​នៃ​ជីវិត​ក៏​ដោយ​។ ពេល​​ដែល​គាត់​កំពុង​មាន​ជម្ងឺ​ជាទ​ម្ងន់ គាត់​នៅតែ​ចំណាយ​ពេល​សរសេរ​សំបុត្រ​តប​ទៅ​ក្មេង​ប្រុស​ម្នាក់ ឈ្មោះ ភីលីព។ នៅ​ក្នុង​សំបុត្រ​នោះ លោក​លូវីស​បាន​កោតស​រសើរ​ក្មេង​ប្រុស​នោះ ដែល​បាន​ពិពណ៌នា នៅក្នុ​ង​សំបុត្រ​នោះបា​ន​ល្អ បាន​ជាគា​ត់ស​រសេរ​តប​ថា គាត់​មាន​ការស​ប្បាយ​ចិត្ត ពេល​ដែល​បាន​ដឹង​ថា ភីលីព​មាន​ការ​យល់​ដឹ​ងថា នៅក្នុ​ងរឿ​ង​និទាន​ពង្សាវតា​នៃ​នគរ​ណានៀ តួ​អង្គ​សត្វតោ​ឈ្មោះ​អ័ស្លាន ជាតំ​ណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ។ ក្នុង​ថ្ងៃ​បន្ទាប់ លោក​លូវីស​ក៏​បាន​លាចា​ក​លោក ក្នុង​គេហ​ដ្ឋាន​របស់​គាត់ ក្នុង​សង្កាត់​ឃឺន ក្រុង​អក់ស្វើត ប្រទេស​អង់​គ្លេស គឺ​មុន​ពេល​ដែល​ថ្ងៃខួ​ប​កំណើត​គម្រប់៦៥​ឆ្នាំរបស់​គាត់ នៅ​មួយ​សប្តាហ៍​ទៀត។

យ៉ាង​ណាមិ​ញ សាវ័ក​យ៉ូហា​នក៏​បា​ន​សរសេរ​សំបុត្រ ផ្ញើទៅ​កូ​ន​ខាង​វិញ្ញាណ​របស់​គាត់ ពេល​ដែល​គាត់​មានវ័​យ​ចាស់​ជរា។ ក្នុង​សំបុត្រ​នោះ យើង​ឃើញ​គាត់​ពិពណ៌នា​អំពី​សេចក្តី​អំណរ ដែល​គាត់​មាន ក្នុង​នាម​ជា​គ្រីស្ទ​បរិស័​ទដែ​ល​ពេញវ័​យ​ខាង​វិញ្ញាណ ដែល​បាន​លើក​ទឹក​ចិត្ត​សិស្សរ​បស់​គាត់ ដែល​មានភាព​វ័យ​ក្មេង​ខាង​វិញ្ញាណ​ជាង​គាត់ ឲ្យ​ពួក​គេ​ដើរ ក្នុង​សេចក្តី​ពិត ហើយ​ដើរ​តាម​ព្រះ​គ្រីស្ទ។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “គ្មាន​​សេចក្តី​​ណា​​ដែល​នាំ​ឲ្យ​ខ្ញុំ​អរ​សប្បាយ លើស​ជាង​សេចក្តី​នេះ​ទេ គឺ​ដែល​ឮ​និយាយ​ថា ពួក​កូន​ខ្ញុំ​កំពុង​តែ​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​នោះ​ឯង”(៣យ៉ូហាន ១:៤)។ សំបុត្រ​របស់​លោក​យ៉ូហាន បានប​ង្ហាញ​អំពី​ក្តីអំ​ណរ ដែល​កើត​មាន ពី​ការ​មើល​ថែរ និងឃើ​ញអ្ន​ក​ជំនាន់​ក្រោយ មាន​ការ​លូត​លាស់​ខាង​វិញ្ញាណ។​

គ្រីស្ទ​បរិស័​ទដែ​លពេ​ញ​វ័យ​ខាង​វិញ្ញាណ គួរ​តែលើ​កទឹ​ក​ចិត្តអ្នក​ជំនា​ន់ក្រោយ ឲ្យមា​ន​ការ​យល់​ដឹង និង​មាន​ការ​លូតលា​ស់​ខាង​វិញ្ញាណ។ ខណៈពេល​ដែល​គ្រីស្ទប​រិស័ទ​ដទៃ​ទៀត កំពុង​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​ជាមួ​យ​ព្រះ យើង​អាច​ជួយ​ពួក​គេឲ្យមានកា​ររីក​ចម្រើន​បាន ដោយ​ផ្ញើ​សារ ឬ​សំបុត្រ​កោតស​រសើរ ​លើក​ទឹក​ចិត្ត ក៏ដូ​ច​ជា​អធិស្ឋាន ឬ​ឲ្យយោបល​ល្អ​ៗ ដល់​ពួក​គេ។​—Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles