ពេលដែលកាំមីរ៉ាម៉ាកប៉ូឡារយ អេសអិច៧០(Polaroid SX-70) ចាប់ផ្តើមមានដាក់លក់ ក្នុងឆ្នាំ១៩៧២ កាំមីរ៉ាម៉ាកនេះក៏បាននាំឲ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងសិល្បៈនៃការថតរូប។ លោកអូវិន អេឌវើត(Owen Edward) បានធ្វើការអត្ថាធិប្បាយ ក្នុងទស្សនាវដ្តីស្មីតសូនៀនថា “កាំមីរ៉ា គឺជាការអស្ចារ្យនៃរូបវិទ្យា អុបទិក និងអេឡិចត្រូនិច”។ ពេលយើងប្រើកាំមីរ៉ាប្រភេទនេះ ដើម្បីថតរូបភាព យើងគ្រាន់តែចុចប៊ូតុងថតយករូបភាព ហើយភ្លាមនោះ “មានក្រដាស់ទទេរាងការេមួយសន្លឹកក៏បានចេញតាមផ្នែកខាងមុខរបស់កាំមីរ៉ា ហើយប្រែពណ៌ចេញជារូបថតតែម្តង”។ មនុស្សម្នាចូលចិត្តកាំមីរ៉ាប្រភេទនេះណាស់ ព្រោះពួកគេអាចថតភ្លាម ហើយបានរូបថតភ្លាម ដោយមិនបាច់រង់ចាំយូរ។
យ៉ាងណាមិញ លោកអូស្វ៊ល ឆេមប័រ(Oswald Chambers) បានយល់ថា ការចង់បានអ្វីភ្លាមៗ មានទំនាក់ទំនងយ៉ាងខ្លាំង នឹងការលោភចង់បាន។ គាត់មានប្រសាសន៍ថា ការលោភចង់បាន គឺមានន័យថា “ខ្ញុំចង់បានរបស់នេះភ្លាមៗ”។ វាអាចជាការស្រេកឃ្លានខាងសាច់ឈាម ឬការចង់បានរបស់កម្មសិទ្ធិខាងវិញ្ញាណ … ឧទាហរណ៍ “ខ្ញុំមិនអាចរង់ចាំការឆ្លើយតបរបស់ព្រះបានទេ ព្រះអង្គពិតជាតស់តើយនឹងខ្ញុំពេកហើយ”។ ដូចនេះ ការលោភចង់បាន គឺមានអត្ថន័យដូចនេះឯង គឺមិនខុសពីការចង់បានអ្វីភ្លាមៗឡើយ។
ក្នុងទំនុកដំកើង ជំពូក២៧ ស្តេចដាវីឌបានរៀបរាប់អំពីការដែលទ្រង់រង់ចាំព្រះ ក្នុងអំឡុងពេលដែលមានបញ្ហាដ៏ធំ ដោយមិនដឹងថា ត្រូវដោះស្រាយយ៉ាងដូចម្តេចទេ។ តែទ្រង់មិនបានអស់សង្ឃឹមទេ ផ្ទុយទៅវិញ ទ្រង់នៅតែមានទំនុកចិត្តថា ទ្រង់ “នឹងបានមើលឃើញសេចក្តីល្អរបស់ព្រះអម្ចាស់ ក្នុងស្ថានរបស់មនុស្សរស់”(ខ.១៣)។
សព្វថ្ងៃ យើងកំពុងរស់នៅក្នុងលោកិយ ដែលថ្វាយបង្គំភាពបន្ទាន់។ ទោះជាយ៉ាងណាក៏ដោយ ពេលដែលសេចក្តីប៉ងប្រាថ្នាដ៏ជ្រាលជ្រៅបំផុតរបស់យើង ហាក់ដូចជាមិនបានទទួលការបំពេញភ្លាមៗទេ នោះចូរយើងតោងព្រះដ៏អស់កល្បជានិច្ចឲ្យជាប់ ដូចដែលអ្នកនិពន្ធទំនុកដំកើងបានមានប្រសាសន៍ថា “ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ”(ខ.១៤)។-David McCasland