មានរឿងល្បើករបស់ជនជាតិអាហ្វ្រិកមួយ បានដំណាលថា មានម្រាមដៃបួន និងមេដៃមួយ បានរស់នៅជាមួយគ្នា នៅលើដៃមួយចំហៀង។ ពួកគេជាមិត្តភក្តិដែលគ្មានអ្វីបំបែកបានឡើយ។ ថ្ងៃមួយ ពួកគេបានឃើញជញ្ជៀនមាសមួយវង់ នៅក្បែរពួកគេ ហើយបានផ្សំគំនិតគ្នាយកចិញ្ជៀននោះឲ្យបាន។ មេដៃនិយាយថា ពួកគេមិនត្រូវលួចចិញ្ជៀនទេ តែម្រាមដៃទាំងបួនបានថាឲ្យមេដៃថាជាជនកំសាក ដែលគិតថាខ្លួនឯងសុចរិត ហើយក៏បានឈប់រាប់អានមេដៃទៀត។ មេដៃមិនថាអីទេ ព្រោះខ្លួនមិនចង់ជាប់ពាក់ព័ន្ធនឹងអំពើអាក្រក់របស់ពួកគេទេ។ ហេតុនេះហើយបានជា ជនជាតិអាហ្រិកនៅតំបន់ខ្លះ បានជឿថា តាំងពីពេលនោះមក មេដៃនៅតែឈរម្នាក់ឯង មិននៅជាប់នឹងម្រាមដៃទាំងបួន។
រឿងនិទាននេះមិនមែនជារឿងពិតទេ តែបានរំឭកខ្ញុំថា មានពេលខ្លះ យើងប្រហែលជាមានអារម្មណ៍ថា យើងកំពុងតែឈរម្នាក់ឯង ពេលដែលយើងមិនព្រមចូលរួមធ្វើការអាក្រក់ជាមួយមនុស្សនៅជុំវិញយើង។ ក្នុងសម័យលោកណូអេ ផែនដីមានពេញដោយអំពើហឹង្សា ហើយគំនិតរបស់មនុស្សម្នាក់ៗ សុទ្ធតែ“អាក្រក់ជានិច្ច”(លោកុប្បត្តិ ៦:៥,១១)។ តែ“លោកណូអេបានប្រកបដោយព្រះគុណ នៅចំពោះព្រះអម្ចាស់” (ខ.៨)។ លោកណូអេមានការប្តូរផ្តាច់ទាំងស្រុងចំពោះព្រះ ហើយគាត់ក៏បានសង់ទូកធំតាមបង្គាប់ព្រះអង្គ។ ពេលទឹកជំនន់មកដល់ ព្រះអម្ចាស់ក៏បានការពារជីវិតគាត់ និងក្រុមគ្រួសារគាត់។
ព្រះអង្គក៏បានបង្ហាញព្រះគុណដល់យើងរាល់គ្នា តាមរយៈព្រះជន្ម ការសុគត និងការមានព្រះជន្មឡើងវិញរបស់ព្រះរាជបុត្រាព្រះអង្គ។ យើងមានមូលហេតុ ដែលត្រូវថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ហើយឈរឲ្យមាំមួនថ្វាយព្រះអង្គ ក្នុងការរស់នៅជារៀងរាល់ថ្ងៃ។ ព្រះអង្គតែងតែគង់ជិតយើង ហើយថែមទាំងនៅជាប់ជាមួយយើងផង ដូចនេះ យើងមិនដែលឈរនៅម្នាក់ឯងទេ។ “ព្រះកាណ៍ព្រះអង្គតែងតែប្រុងស្តាប់សម្រែករបស់យើង”(ទំនុកដំកើង ៣៤:១៥)។-Jennifer Benson Schuldt