មុនសម័យសង្រ្គាមស៊ីវិលអាមេរិក(ពីឆ្នាំ១៨៦១ ដល់១៨៦៥) ពួកទាសកដែលរត់គេចខ្លួន បានស្វែងរកសេរីភាព ដោយធ្វើដំណើរតាមផ្លូវសម្ងាត់ ពីភាគខាងត្បូង ទៅភាគខាងជើងសហរដ្ឋអាមេរិក ដោយមានជំនួយពីអ្នកប្រឆាំងនឹងរបបទាសភាព។ ពួកទាសករទាំងនោះបានធ្វើដំណើរពេលយប់ជាច្រើនគីឡូម៉ែត្រ តាមពន្លឺរបស់ផ្កាយប៉ូលខាងជើង។ អ្នកខ្លះជឿថា ដើម្បីកុំឲ្យវង្វេងផ្លូវពេលធ្វើដំណើរ ពួកទាសករដែលរត់គេចទាំងនោះ ក៏បានប្រើទិសដៅ ដែលបង្កប់ក្នុងបទចម្រៀង ដែលមានចំណងជើងថា “ដើរតាមផ្កាយប៉ូលខាងជើង”។
អ្នកប្រឆាំងនឹងរបបទាសភាព និង “ផ្កាយប៉ូលខាងជើង” បានធ្វើជាពន្លឺដែលនាំផ្លូវពួកទាសករ ទៅរកសេរីភាព។ សាវ័កប៉ុលបានមានប្រសាសន៍ថា គ្រីស្ទបរិស័ទត្រូវបញ្ចេញពន្លឺ ដូចជា “តួពន្លឺនៅក្នុងលោក” ដើម្បីនាំផ្លូវអ្នកដែលស្វែងរកសេចក្តីពិត សេចក្តីសង្រ្គោះ និងសេរីភាពខាងវិញ្ញាណ ដែលមាននៅក្នុងព្រះអម្ចាស់យេស៊ូវ(ភីលីព ២:១៥)។
យើងកំពុងរស់នៅក្នុងពិភពលោកដ៏ងងឹត ដែលត្រូវការពន្លឺរបស់ព្រះយេស៊ូវយ៉ាងខ្លាំង។ ព្រះអង្គបានត្រាសហៅយើង ឲ្យបញ្ចេញពន្លឺនៃសេចក្តីពិតរបស់ព្រះ ដើម្បីឲ្យអ្នកដទៃអាចទទួលការដឹកនាំ ទៅរកព្រះ ដែលបានប្រោសលោះ និងជាផ្លូវទៅរកសេរីភាព និងជីវិត។ យើងនាំផ្លូវគេ ឲ្យទៅរកព្រះយេស៊ូវ ដែលជាផ្លូវ ជាសេចក្តីពិត និងជាជីវិត(យ៉ូហាន ១៤:៦)។-Dennis Fisher