ផ្លូវកាត់ដ៏គ្រោះថ្នាក់

ក្នុងអំឡុងពេលនៃការបោះឆ្នោតក្នុងប្រទេសខ្ញុំ  កាលពីពេលថ្មីៗនេះ មានស្រ្តីជាម្តាយម្នាក់ កំពុងមានការខ្វះខាត ហើយក៏បានលក់សន្លឹកឆ្នោតរបស់នាងឲ្យគេ ជាថ្នូរនឹងកន្ទបកូនង៉ែតមួយកញ្ចប់។ ខ្ញុំបានពិភាក្សាជាមួយគាត់ អំពីផលប្រយោជន៍នៃបេក្ខជនប្រធានាធិបតីនីមួយៗ ដែលបានឈរឈ្មោះបោះឆ្នោត ហើយខ្ញុំមានការខកចិត្តណាស់ ដែលនាងបានសម្រេចចិត្តឲ្យគេទិញទឹកចិត្តយ៉ាងដូចនេះ។ រយៈពេល៦ខែក្រោយមក បន្ទាប់ពីបេក្ខជនដែលនាងបានបោះឆ្នោតឲ្យ បានឈ្នះក្នុងការបោះឆ្នោត ប្រជាជនមានការពិបាកកាន់តែខ្លាំង ដោយសារការដំឡើងពន្ធ។ សព្វថ្ងៃនេះ ទំនិញគ្រប់មុខបានឡើងថ្លៃ ដោយរាប់បញ្ចូលទាំងកន្ទបកូនង៉ែតផង។

ក្នុងប្រទេសជាច្រើន ទូទាំងពិភពលោក អំពើពុករលួយមិនមែនទើបតែកើតមានទេ។ តែភាពពុករលួយខាងវិញ្ញាណ ក៏មិនមែនទើបតែកើតមានដែរ។ សាតាំងធ្លាប់ព្យាយាមល្បួងព្រះយេស៊ូវ ឲ្យ “លក់” ឧត្តម្ភគតិរបស់ទ្រង់(ម៉ាថាយ ៤:១-១០)។ កាលនោះ មេល្បួងបានមករកទ្រង់ ពេលដែលទ្រង់កំពុងអស់កម្លាំង និងឃ្លាន។ វាក៏បានទូលទ្រង់ ឲ្យប្រើផ្លូវកាត់ ដើម្បីឲ្យបាននំប៉័ងក្តៅៗ ដោយប្រើការអស្ចារ្យ តាមការល្បួងរបស់វា រួចវាយកនគរក្នុងលោកិយ និងភាពរុងរឿងរបស់នគរទាំងនោះ មកល្បួងទ្រង់ទៀត។ តែព្រះយេស៊ូវទ្រង់ជ្រាបច្បាស់ថា ផ្លូវកាត់នោះ ជាខ្មាំងសត្រូវដ៏គ្រោះថ្នាក់។ ផ្លូវកាត់ប្រហែលជាអាចជួយឲ្យមនុស្សគេចចេញពីសេចក្តីទុក្ខ តែនៅចុងបញ្ចប់នៃផ្លូវកាត់នោះ មានការឈឺចាប់ហួសវិស័យ។ ព្រះយេស៊ូវទ្រង់ប្រើពាក្យ “មានសេចក្តីចែងទុកមកដូច្នេះ”បីដង នៅក្នុងការឆ្លើយតបការល្បួងរបស់អារក្ស(ខ.៤,៧,១០)។ ដូចនេះ ទ្រង់បានប្រកាន់ខ្ជាប់នូវសេចក្តីពិត ដែលទ្រង់បានជ្រាបពីព្រះ និងពីព្រះបន្ទូលទ្រង់ ដែលមានចែងក្នុងព្រះគម្ពីរបរិសុទ្ធ។

ពេលយើងជួបការល្បួង ព្រះទ្រង់ក៏អាចជួយយើងផងដែរ។ យើងអាចពឹងផ្អែកលើទ្រង់ និងលើសេចក្តីពិត នៃព្រះបន្ទូលទ្រង់ ដើម្បីជួយឲ្យយើងជៀសវាងប្រើផ្លូវកាត់។-Keila Ochoa

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles