ពេលដែលខ្ញុំកំពុងរង់ចាំ នៅមុខច្រកទ្វារឡើងជិះយន្តហោះ នៅអាកាសយាន្តដ្ឋានចាងហ្គ៊ី ប្រទេសសឹង្ហបូរី ខ្ញុំបានកត់សំគាល់ឃើញគ្រួសារមួយ ដែលមានឪពុកម្តាយ និងកូនប្រុសម្នាក់។ នៅទីនោះ មានមនុស្សកកកុញ បានជាពួកគេពិបាកស្វែងរកកន្លែងអង្គុយ។ ភ្លាមៗនោះ ក្មេងតូចម្នាក់នោះ ក៏បានចាប់ផ្តើមស្រែកច្រៀងឮៗថា “អំណរដល់លោក”។ ក្មេងនោះមានអាយុប្រហែល៦ឆ្នាំទេ តែវាអាចចាំពាក្យទាំងអស់ ក្នុងបទចម្រៀងនោះ គឺពិតជាគួរឲ្យសរសើរមែន។
ការអ្វីដែលកាន់តែធ្វើឲ្យខ្ញុំចាប់អារម្មណ៍ថែមទៀតនោះ គឺទឹកមុខរបស់ក្មេងប្រុសម្នាក់នោះ ដែលកំពុងតែញញឹម ត្រូវនឹងបទចម្រៀងដែលវាកំពុងច្រៀង ខណៈពេលដែលវាកំពុងប្រកាសដល់មនុស្សគ្រប់គ្នា នៅទីច្រកទ្វារនោះ អំពីក្តីអំណរ ដែលលោកិយទទួលបាន ពីព្រះគ្រីស្ទដែលបានយាងមកប្រសូត្រជាមនុស្ស។
ក្តីអំណរនេះមិនមែនសម្រាប់តែក្មេងៗដែលកំពុងតែសប្បាយរីករាយ ហើយក៏មិនមែនសម្រាប់តែរដូវកាលនៃបុណ្យណូអែលដែរ។ ក្តីអំណរដ៏ហូរហៀរ ដែលទទួលបានពីការទទួលព្រះវត្តមានព្រះគ្រីស្ទក្នុងជីវិតយើង ស្ថិតក្នុងចំណោមខ្លឹមសារសំខាន់ៗ នៃសេចក្តីបង្រៀនចុងក្រោយ ដែលព្រះយេស៊ូវបានប្រទានដល់ពួកសិស្ស នៅពេលយប់មុនពេលគេធ្វើគុតទ្រង់ នៅលើឈើឆ្កាង។ ទ្រង់បានប្រាប់ពួកគេអំពីសេចក្តីស្រឡាញ់ដ៏លើសលប់ ដែលទ្រង់មានចំពោះពួកគេ ដូចដែលព្រះវរបិតាស្រឡាញ់ទ្រង់(យ៉ូហាន ១៥:៩)។ បន្ទាប់ពីព្រះយេស៊ូវបានចែកចាយ អំពីអត្ថន័យនៃទំនាក់ទំនងដ៏អស់កល្បជានិច្ចនេះ ទ្រង់ក៏បានមានបន្ទូលថា “ខ្ញុំបាននិយាយសេចក្តីទាំងនេះ ប្រាប់ដល់អ្នករាល់គ្នា ដើម្បីឲ្យសេចក្តីអំណររបស់ខ្ញុំ បាននៅជាប់ក្នុងអ្នករាល់គ្នា ហើយឲ្យសេចក្តីអំណររបស់អ្នករាល់គ្នាបានពោរពេញផង”(ខ.១១)។
នេះជាព្រះបន្ទូលសន្យាដ៏អស្ចារ្យណាស់! ព្រោះចិត្តយើងអាចពេញដោយអំណរ គឺអំណរដ៏ពិត តាមរយៈព្រះយេស៊ូវគ្រីស្ទ!-Bill Crowder