នៅក្នុងការប្រកួតជើងឯកកីឡាវាយកូនហ្គោលរបស់ស្រ្តី នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៣ អ្នកស្រីហ៊ីលឡារី លូងគ៍(Hilary Lunke) មិនមែនជាកីឡាករដែលធ្លាប់មានឈ្មោះល្បីទេ តែគាត់ដណ្តើមបានពានរង្វាន់ធំបំផុត ក្នុងប្រវត្តិសាស្រ្តនៃកីឡាវាយកូនហ្គោលរបស់ស្រ្តី។ គាត់មិនគ្រាន់តែបានវាយកូនហ្គោលបញ្ចូលរុន្ធទាំង១៨ ក្នុងការប្រកួតបើក នៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែនេះថែមទាំងជាជ័យជម្នះតែមួយគត់ ក្នុងអាជីពរបស់គាត់ជាកីឡាករវាយកូនហ្គោល។
គេមិននឹកស្មានសោះថា គាត់នឹងទទួលជ័យជម្នះយ៉ាងដូចនេះ។ ជ័យជម្នះរបស់គាត់ ជាជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល និងបានជម្រុញចិត្តអ្នកដទៃ ដែលសបញ្ជាក់ផងដែរថា ផ្នែកដែលរំភើបរីករាយបំផុតនៅក្នុងវិស្ស័យកីឡា គឺភាពមិនអាចទាយស្មានរបស់កីឡា។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនអាចទាយស្មាន ដែលកើតមានក្នុងជីវិតមនុស្ស មិនតែងតែមានភាពរំភើបរីករាយយ៉ាងដូចនេះឡើយ។ យើងប្រើគំនិតយោបល ហើយប្រើយុទ្ធសាស្រ្ត។ យើងធ្វើផែនការ ធ្វើការប៉ាន់ស្មាន ហើយធ្វើការស្នើរសុំ នូវការអ្វីដែលយើងចង់ឲ្យកើតឡើង ក្នុងជីវិត តែជាញឹកញាប់ យើងគ្រាន់តែអាចទាយស្មានប៉ុណ្ណោះ។ យើងមិនដឹងថា ខ្លួននឹងទទួលលទ្ធផលយ៉ាងណា នៅឆ្នាំក្រោយ ខែក្រោយ សប្តាហ៍ក្រោយ ឬថ្ងៃក្រោយឡើយ។ ដូចនេះ យើងត្រូវអធិស្ឋាន ហើយធ្វើផែនការ ហើយបន្ទាប់មក យើងត្រូវទុកចិត្តព្រះ ដែលជ្រាបទាំងស្រុង គ្មានកន្លែងចន្លោះ អំពីការអ្វីដែលយើងមិនអាចទាយស្មានបាន។ ហេតុនេះហើយ បានជាខ្ញុំស្រឡាញ់ព្រះបន្ទូលសន្យាក្នុងបទគម្ពីរ ទំនុកដំកើង ៤៦:១០ ដែលបានចែងថា “ចូរបង្អង់សិន ឲ្យបានដឹងថា អញជាព្រះ អញនឹងបានថ្កើងឡើង នៅកណ្តាលពួកសាសន៍ដទៃ អញនឹងបានថ្កើងឡើងនៅផែនដី”។
ជីវិតមនុស្សមានពេញទៅដោយភាពមិនអាចទាយស្មាន។ មានការជាច្រើនរាប់មិនអស់ ដែលខ្ញុំមិនអាចដឹងច្បាស់ជាមុន។ តែខ្ញុំគ្រាន់តែដឹងថា មានព្រះមួយអង្គ ដែលជ្រាបអំពីការគ្រប់យ៉ាង ហើយក៏បានស្រឡាញ់ខ្ញុំយ៉ាងខ្លាំង។ ហើយពេលខ្ញុំបានស្គាល់ទ្រង់ នោះខ្ញុំអាច “ឈប់បង្អង់” ពោលគឺខ្ញុំអាច មានសន្តិភាពក្នុងចិត្ត។-Bill Crowder