រៀងរាល់ពេលដែលខ្ញុំ បាននៅក្បែរដើមផ្កាកូលាប ឬបាច់ផ្កា ខ្ញុំមិនអាចទប់ចិត្តខ្លួនឯង ដែលចេះតែចង់ទាញផ្កាមួយទង មកដាក់ច្រមុះខ្ញុំ ដើម្បីស្រង់ក្លិនដ៏ក្រអូបរបស់វា។ ក្លិនដ៏ក្រអូបបានធ្វើឲ្យចិត្តខ្ញុំរំភើបរីករាយ និងមានអារម្មណ៍ល្អ។
ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្នុងកូរិនថូស កាលពីសវត្សរ៍ទី១ គាត់បានមានប្រសាសន៍ថា ដោយសារយើងជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ នោះព្រះទ្រង់ បានផ្សាយក្លិនពីដំណើរដែលពួកគេស្គាល់ព្រះ ឲ្យបានសុសសាយទួទៅគ្រប់កន្លែង(២កូរិនថូស ២:១៤)។ ដោយពឹងផ្អើកលើកម្លាំងរបស់ព្រះ នោះយើងអាចរស់នៅក្នុងជីវិត ដែលមានជ័យជម្នះ ដោយជំនួសភាពអាត្មានិយមរបស់យើង ដោយសេចក្តីស្រឡាញ់ និងភាពសប្បុរសរបស់ទ្រង់ ហើយប្រកាសដំណឹងល្អនៃសេចក្តីសង្រ្គោះទ្រង់។ កាលណាយើងបានអនុវត្តដូចនេះហើយ យើងក៏បានក្លាយជាក្លិនដ៏ក្រអូប ដល់ព្រះអម្ចាស់។
បន្ទាប់មក សាវ័កប៉ុលក៏បានពិពណ៌នាថា គ្រីស្ទបរិស័ទ ជា “សំបុត្ររបស់ព្រះគ្រីស្ទ”(៣:៣)។ សំបុត្រនៃជីវិតរបស់យើង មិនត្រូវបានសរសេរដោយទឹកខ្មៅធម្មតាឡើយ តែដោយព្រះវិញ្ញាណនៃព្រះ។ ព្រះទ្រង់បានកែប្រែយើង ដោយសរសើរព្រះបន្ទូលទ្រង់ ជាប់ក្នុងចិត្តយើង សម្រាប់ឲ្យអ្នកដទៃអាន។
ការប្រៀបធៀបទាំងពីរនេះ បានលើកទឹកចិត្តយើង ឲ្យរស់នៅឲ្យបានល្អ ដើម្បីឲ្យគេបានឃើញសិរីល្អរបស់ព្រះគ្រីស្ទ នៅក្នុងជីវិតយើង ហើយយើងអាចនាំគេឲ្យជឿទ្រង់។ គឺដូចដែលមានចែងក្នុងបទគម្ពីរ អេភេសូរ ៥:២ ថា ទ្រង់ជាព្រះ ដែល “ស្រឡាញ់យើង ព្រមទាំងប្រគល់ព្រះអង្គទ្រង់ជំនួសយើងផង ទុកជាដង្វាយ ហើយជាយញ្ញបូជា សំរាប់ជាក្លិនឈ្ងុយថ្វាយដល់ព្រះ”។-Lawrence Darmani