ពេលល្ងាចថ្ងៃមួយ មិត្តភក្តិរបស់ខ្ញុំម្នាក់ បានយកស្លាកមួយ ក្នុងចំណោមស្លាកទាំងបីសម្រាប់តុបតែង មកបង្ហាញខ្ញុំ ដែលគាត់នឹងប្រើសម្រាប់ការតុបតែងលម្អរបន្ទប់ទទួលភ្ញៀវរបស់គាត់។ នៅលើស្លាកនោះ មានសរសេរអក្សរថា “បន្ទាប់ពីសេចក្តីជំនឿ គឺមានសេចក្តីសង្ឃឹម”។ គាត់បានកាន់ស្លាកបណ្តើរ ហើយប្រាប់ខ្ញុំបណ្តើរថា “ឃើញទេ ខ្ញុំមាន សេចក្ដីស្រឡាញ់ រួចហើយ”។
ខ្ញុំក៏បានគិតក្នុងចិត្តថា ដូច្នេះ យើងត្រូវមាន សេចក្ដីស្រឡាញ់ ជាមុន។ រួចមិនយូរប៉ុន្មាន សេចក្តីជំនឿ និងសេចក្តីសង្ឃឹមនឹងមកតាមក្រោយ!
សេចក្តីស្រឡាញ់ពិតជានៅខាងមុខគេមែន។ តាមការពិតទៅ សេចក្តីស្រឡាញ់មានដើមកំណើត នៅក្នុងព្រះ តាំងពីដើមរៀងមក។ បទគម្ពីរ ១យ៉ូហាន ៤:១៩ បានរំឭកយើងថា “យើងស្រឡាញ់ព្រះ ពីព្រោះទ្រង់បានស្រឡាញ់យើងជាមុន”។ បទគម្ពីរ ១កូរិនថូស ជំពូក ១៣ (ដែលគេហៅថា “ជំពូកនៃសេចក្តីស្រឡាញ់”) បានបកស្រាយអំពីលក្ខណៈដ៏ពិតនៃសេចក្តីស្រឡាញ់របស់ព្រះ គឺដូចដែលបានចែងមកថា “សេចក្តីស្រឡាញ់មិនចេះផុតឡើយ”(ខ.៨)។
សេចក្តីជំនឿ និងសេចក្តីសង្ឃឹម មានសារៈសំខាន់ចំពោះគ្រីស្ទបរិស័ទណាស់។ ដោយសារយើងរាល់គ្នាបានរាប់ជាសុចរិត ដោយព្រោះសេចក្តីជំនឿ នោះ “យើងបានជាមេត្រីនឹងព្រះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”(រ៉ូម ៥:១)។ ចំណែកឯ សេចក្ដីសង្ឃឹម ដែលមានចែងទុក ក្នុងបទគម្ពីរហេព្រើរ ៦:១៩ ជា “យុថ្កានៃព្រលឹង ដ៏ជាប់លាប់ មាំមួន”។
ថ្ងៃមួយ គ្រីស្ទបរិស័ទនឹងលែងត្រូវការសេចក្តីជំនឿ និងសេចក្តីសង្ឃឹមទៀតហើយ។ ព្រោះនៅស្ថានសួគ៌ យើងនឹងបានឃើញព្រះយេស៊ូវ ហើយសេចក្តីសង្ឃឹមរបស់យើងនឹងបានក្លាយជាការពិត នៅពេលដែលយើងបានជួបព្រះអង្គសង្រ្គោះនៃយើង មុខទល់នឹងមុខ។ ប៉ុន្តែ សេចក្តីស្រឡាញ់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ពីព្រោះព្រះទ្រង់ជាសេចក្តីស្រឡាញ់(១យ៉ូហាន ៤:៧-៨)។ “ឥឡូវនេះ នៅមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម នឹងសេចក្ដីស្រឡាញ់ទាំង៣មុខនេះ តែសេចក្ដីដែលវិសេសជាងគេ គឺជាសេចក្ដីស្រឡាញ់”(១កូរិនថូស ១៣:១៣)។ សេចក្តីស្រឡាញ់ជាដើម និងជាចុង។-CINDY HESS KASPER