ដង្វាយដ៏ឥតខ្ចោះ

ជារៀង​រាល់​ឆ្នាំ សួន​ច្បារ​រុក្ខ​សាស្រ្ត​ប្រចាំ​តំបន់​ដែល​ខ្ញុំ​រស់​នៅ តែង​តែ​ធ្វើ​ជា​ម្ចាស់​កម្ម​វិធី​បុណ្យណូអែល ជា​អន្តរ​ជាតិ។ ការ​តាំង​ពិពណ៌​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ គឺ​ការ​តាំង​បង្ហាញ​អំពី​កំណើត​ព្រះ​យេស៊ូវ តាម​ប្រពៃណី​ជន​ជាតិ​បារាំង។ ក្នុង​ការ​តាំង​ពិពណ៌​នោះ គេ​មិន​បាន​ដាក់​រូប​អ្នក​គង្វាល និង​អ្នក​ប្រាជ្ញ​ដែល​កាន់​ដង្វាយ មាស កំញាន និង​ជ័រ​ល្វីង​ទេស នៅ​ជុំវិញ​ស្នូក​សត្វ តាម​ទំនៀម​ទម្លាប់​នៃ​ការ​តាំង​បង្ហាញ​នោះ​ទេ ផ្ទុយ​ទៅ​វិញ គេ​បាន​ដាក់​រូប​អ្នក​ភូមិ​ជន​ជាតិ​បារាំង នាំ​យក​ដង្វាយ​មក​ថ្វាយ​ព្រះ​ឱរស​យេស៊ូវ​វិញ។ ដង្វាយ​នោះ​មាន នំប៉័ង ស្រា​ទំពាំង​បាយ​ជូរ ប្រូម៉ា ផ្កា និង​វត្ថុដទៃ​ទៀត ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ពួក​គេ​មាន​លទ្ធ​ភាព​ផលិត។

ការ​នេះ​បាន​រំឭក​ខ្ញុំ អំពី​ក្រឹត្យ​វិន័យ​គ្រា​សញ្ញា​ចាស់ ដែល​បង្គាប់​ឲ្យ​នាំ​ផល​ផ្លែ​ដំបូង ចូល​ទៅ​ក្នុង​ដំណាក់​ព្រះ​អម្ចាស់​(និក្ខមនំ ២៣:១៦-១៩)។ ការ​តាំង​បង្ហាញ​មួយ​នេះ ជា​ការ​បក​ស្រាយ​ឲ្យ​យើង​ដឹងថា អ្វី​ៗ​ដែល​យើង​មាន​គឺ​សុទ្ធ​តែ​មក​ពី​ព្រះ ដូច​នេះ យើង​ត្រូវ​ថ្វាយដល់​ព្រះ នូវ​របស់​អ្វី​ដែល​ទ្រង់​បាន​ប្រទានមក​យើង។

ពេល​សាវ័ក​ប៉ុល​បាន​បង្រៀន​ពួក​ជំនុំ​នៅ​ក្រុង​រ៉ូម ឲ្យ​ថ្វាយ​ខ្លួនជា​ដង្វាយ​ដ៏​រស់​ដល់​ព្រះ គឺ​គាត់​កំពុង​ប្រាប់​ពួក​គេ ឲ្យ​ថ្វាយ​ដល់​ព្រះ នូវ​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ពួក​គេ រួម​​ទាំង​រូប​កាយ​របស់​ពួក​គេ​(រ៉ូម ១២:១)។ ការ​នេះ​គឺ​រាប់​បញ្ចូល​អំណោយ ដែល​ទ្រង់​ប្រទាន​ពួក​គេ ក៏​ដូច​ជា​សមត្ថ​ភាព​ដែល​ពួក​គេ​មាន ក្នុង​​ការ​ចិញ្ចឹម​ជីវិត។ យើង​ដឹង​ថា ព្រះ​បាន​ប្រទាន​ពួក​គេ ឲ្យ​មាន​សមត្ថ​ភាព​ពិសេស។ អ្នក​ខ្លះ​មាន​អំណោយ​ទាន​ផ្នែក​តន្រ្តី ដូច​ស្តេច​ដាវីឌ(១សាំយ៉ូអែល ១៦:១៨)។​ អ្នក​ខ្លះ​មាន​ជំនាញ​ផ្នែក​ចម្លាក់ ដូច​លោក​បេត​សាលាល និង​អូហូលីអាប់​(និក្ខមនំ ៣៥:៣០-៣៥)។ អ្នក​ខ្លះ​មាន​អំណោយ​ទាន​ផ្នែក​សរសេរ បង្រៀន ធ្វើ​ស្រែ​ចំការ។ល។

កាល​ណា​យើង​ថ្វាយ​ទៅ​ព្រះ នូវ​ការ​អ្វី​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង តាំង​ពី​ដើម នោះ​គឺយើង​ត្រូវ​ថ្វាយ​ទ្រង់​នូវ​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ គឺ​​ខ្លួន​របស់​យើង។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles