ព្រះពរនៅក្នុងភាពរញេរញ៉ៃ

មាន​ពេល​មួយ​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ចូល​ ទៅ​ក្នុង​ភាព​រញេរ​ញ៉ៃ ដូច​នេះ យក​ល្អ ខ្ញុំ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ភាព​រញេរញ៉ៃ​នេះ។ មាន​ពេល​ខ្លះ ខ្ញុំ​គិត​ថា ទោះ​ខ្ញុំ​បាន​ជឿ​លើ​ព្រះ​ដែល​មាន​ព្រះ​គុណ​ជា​បរិបូរ​ក៏​ដោយ ក៏​ពេល​ខ្លះ​ខ្ញុំ​នៅ​តែ​ប្រព្រឹត្ត តាម​របៀប​ដែល​ហាក់​ដូច​ជា​ជឿ​ថា ទ្រង់​ប្រទាន​ជំនួយ តែ​នៅ​ពេល​ដែល​ខ្ញុំ​សក្តិ​សម​នឹង​ទទួល​ជំនួយ​ទ្រង់​ប៉ុណ្ណោះ។

ការ​គិត​ដូច​នេះ គឺ​មិន​ត្រឹម​ត្រូវ​ទេ គឺ​ដូច​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ព្រះ​គុណ​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​បង្ហាញ​ព្រះ​អង្គទ្រង់​ដល់​លោក​យ៉ាកុប​ជា​លើក​ទីមួយ​។ លោក​យ៉ាកុប​ចំណាយ​ពេល​ពេញ​មួយ​ជីវិត ដើម្បី​ព្យាយាម​កែ​ប្រែ​ជោគ​វាសនា​របស់​គាត់។ គាត់​បាន​កើត​មក​ជា​កូន​ទីពីរ នៅ​សម័យ​ដែល​កូន​ប្រុស​ច្បង​មាន​សិទ្ធិ​ទទួល​ពរ​ពី​ឪពុក​របស់​ខ្លួន ជា​ពិសេស​។ គេ​ជឿ​ថា ពរ​នោះ​នឹង​នាំ​ឲ្យ​កូន​ច្បង​មាន​ភាព​សម្បូរ​សប្បាយ​នៅ​ពេល​អនាគត។ ដូច​នេះ យ៉ាកុប​ក៏​បានសម្រេច​ចិត្ត​ធ្វើ​អ្វី​ក៏​ដោយ ឲ្យ​តែ​បាន​ពរ​នោះ​ពី​ឪពុក​គាត់។ ទីបំផុត គាត់​ក៏​បាន​ជោគ​ជ័យ ដោយ​ប្រើ​វិធី​បោក​បញ្ឆោត ដើម្បី​ឲ្យ​បាន​ពរ ដែល​ឪពុក​គាត់​បាន​ត្រៀម​ទុក​សម្រាប់​បង​ប្រុស​គាត់(លោកុប្បត្តិ ២៧:១៩-២៩)។

ប៉ុន្តែ ជា​លទ្ធ​ផល​គ្រួសារ​គាត់​ត្រូវ​បែក​បាក់ ដោយ​គាត់​ត្រូវ​រត់​គេច​ពី​បង​ប្រុស​គាត់ ដែល​ខឹង​សម្បា​នឹង​គាត់(ខ.៤១-៤៣)។ នៅ​ពេល​យប់​មក​ដល់(២៨:១១) លោក​យ៉ាកុប​ប្រាកដ​ជា​មាន​អារម្មណ៍​ថា ជីវិត​គាត់​ពិបាក គឺខុស​ឆ្ងាយ​ពី​ជីវិត​ដែល​មាន​ព្រះ​ពរ​។

ប៉ុន្តែ នៅ​យប់​នោះ​គាត់​ក៏​បាន​ជួប​ព្រះ​ជា​ម្ចាស់ ដែល​នោះ​ជា​ព្រះ​ពរ​ដ៏​​ពិត ទោះ​ពី​មុន​គាត់​ធ្លាប់​បោក​បញ្ឆោត​គេ​ក៏​ដោយ​។ ព្រះ​ទ្រង់​ក៏​បាន​បង្ហាញ​គាត់​ថា គាត់​មិន​ចាំ​បាច់​ត្រូវ​ប្រើ​ផែន​ការ​អាក្រក់ ដើម្បី​ទទួល​ព្រះ​ពរ​ឡើយ ដ្បិត​គាត់​ជា​មនុស្ស​មាន​ពរ​ស្រាប់​ហើយ។ ជោគ​វាសនា​របស់​គាត់ គឺ​លើស​ពី​ការ​មាន​ភាព​សម្បូរ​សប្បាយ​ផ្នែក​សម្ភារៈ(ខ.១៤) គឺជោគ​វាសនា​ដែល​បាន​ជាប់​នៅ​ក្នុង​ព្រះ ដែល​ទ្រង់​នឹង​មិន​ដែល​យាង​ចោល​គាត់​ឡើយ(ខ.១៥)។

នេះ​ជា​មេរៀន​ដែល​លោក​យ៉ាកុប ត្រូវ​ចំណាយ​ពេល​រៀន​សូត្រ​ពេញ​មួយ​ជីវិត។

ហើយ​យើង​ក៏​ដូច្នោះ​ដែរ។ ទោះ​យើង​មាន​វិបដិសារី​ច្រើន ឬ​មាន​អារម្មណ៍​ថា ព្រះ​គង់​នៅ​ឆ្ងាយ​ពី​យើង​យ៉ាង​ណា​ក៏ដោយ​ ក៏​ទ្រង់​នៅ​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច ដោយ​ការ​ដឹក​នាំ​យើង ដោយ​សុភាព ចេញ​ពី​ភាព​រញេរញ៉ៃ​របស់​យើង ចូល​ទៅ​ក្នុង​ព្រះ​ពរ​ទ្រង់។ —MONICA BRANDS

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles