សេចក្តីសង្ឃឹម នៅក្នុងការសោកសង្រេង

កាល​ខ្ញុំ​នៅ​ក្នុង​វ័យ​១៩​ឆ្នាំ មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​ខ្ញុំ​ម្នាក់ បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍។​ ក្នុង​អំឡុង​ពេល​នៃ​សប្តាហ៍ និង​ខែ​បន្ទាប់​ពី​ហេតុការណ៍​នោះ​កើត​ឡើង ខ្ញុំ​មាន​ការ​ពិបាក​ចិត្ត គឺ​ដូច​ជា​កំពុង​តែ​ដើរ​នៅ​ក្នុង​រូង​នៃ​ការ​សោក​សង្រេង ជា​រៀង​រាល់​ថ្ងៃ។ ការ​ឈឺ​ចាប់​បណ្តាល​មក​ពី​ការ​បាត់​បង់​មនុស្ស​ម្នាក់ ដែល​នៅ​ក្មេង​ខ្ចី​យ៉ាង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​គិត​អ្វី​ឲ្យ​បាន​ស្រឡះ ហើយ​នៅ​ពេល​ខ្លះ ខ្ញុំ​ថែម​ទាំង​ផ្លឹក មិន​ដឹង​ថា មាន​អ្វី​កំពុង​កើត​ឡើង នៅ​ជុំវិញ​ខ្លួន​ឯង​ទៀត​ផង។ ខ្ញុំ​មាន​អារម្មណ៍​ថា​ងងឹត​ងងល់​យ៉ាង​ខ្លាំង ដោយ​សារ​ការ​ឈឺ​ចាប់ និង​ទុក្ខ​សោក បាន​ជា​ខ្ញុំ​មិន​អាច​គិត​ឃើញ​ព្រះ​ជា​ម្ចាស់។

ក្នុង​បទ​គម្ពីរ​លូកា ជំពូក ២៤ ពួក​សិស្ស​ពីរ​នាក់ មាន​ការ​ភ័ន្ត​ភាំង និង​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​សុគត បាន​ជា​ពួក​គេ មិន​ដឹង​ថា ខ្លួន​កំពុង​តែ​ដើរ​ជា​មួយ​ព្រះ ដែល​ជា​គ្រូ​របស់​ពួក​គេ ដែល​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ទោះ​បី​ជា​ទ្រង់​បាន​ពន្យល់​ពួក​គេ នូវ​បទ​គម្ពីរ ដែល​បាន​ចែង​អំពី​មូល​ហេតុ ដែល​ព្រះ​សង្រ្គោះ ត្រូវ​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ក៏​ដោយ។ ទាល់​តែ​ដល់​ពេល​ដែល​ទ្រង់​យក​នំប៉័ង​មក​កាច់​ចែក​ពួក​គេ ទើប​ពួក​គេ​មើល​ទ្រង់ស្គាល់​(ខ.៣០-៣១)។ អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ​បាន​ឃើញ​ព្រះ​យេស៊ូវ​សុគត ក្នុង​សភាព​ក៏​គួរ​ឲ្យ​តក់​ស្លត់ តែ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ទ្រង់ បាន​នាំ​ឲ្យ​ពួក​គេ​មាន​សេចក្តី​សង្ឃឹម​ឡើង​វិញ។

មាន​ពេល​ខ្លះ យើង​អាច​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត ដោយ​ការ​ភ័ន្ត​ភាំង ឬ​ការ​សោក​សង្រេង គឺ​មិន​ខុស​ពី​ពួក​សាវ័ក​រប​ស់ទ្រង់​ទេ។ ប៉ុន្តែ យើង​អាច​រក​ឃើញ​សេចក្តី​សង្ឃឹម និង​ការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​ដ៏​រស់ ហើយ​កំពុង​ធ្វើ​ការ​ទ្រង់ ក្នុង​លោកិយ​នេះ និង​ក្នុង​ជីវិត​យើង​រាល់​គ្នា។ ទោះ​បី​ជា​យើង​នៅ​តែ​ជួប​ការ​ឈឺ​ចាប់​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​យាង​ព្រះ​គ្រីស្ទ ឲ្យ​យាង​ទៅ​ជា​មួយ​យើង ក្នុង​ខណៈ​ពេល​ដែល​យើង​កំពុង​សោក​សង្រេង។ ក្នុង​នាម​ទ្រង់​ជាពន្លឺ​សម្រាប់​លោកិយ(យ៉ូហាន ៨:១២) ទ្រង់​អាច​នាំ​ពន្លឺ​នៃ​សេចក្តី​សង្ឃឹម ​ឲ្យ​ចែង​ចាំង​បំភ្លឺ ក្នុង​ភាព​អ័ព្ធ​អួរ​របស់​យើង​។—AMY BOUCHER PYE

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles