នៅថ្ងៃដែលមានអាកាសធាតុក្តៅហែង និងដីហុយសំពោង លោកបប់ (Bob) បានចុះពីឡានក្រុង ដែលគាត់បានជិះទៅដល់ទីក្រុងមួយ នៅឆ្ងាយពីផ្ទះរបស់គាត់។ គាត់អស់កម្លាំង ដោយសារការធ្វើដំណើរផ្លូវឆ្ងាយ ពេញមួយថ្ងៃ ហើយក៏អរព្រះគុណព្រះជាម្ចាស់ ដែលគាត់អាចញ៉ាំអាហារពេលល្ងាច ជាមួយមិត្តភក្តិរបស់មិត្តគាត់ ដែលរស់នៅក្នុងតំបន់នោះ។ ពួកគេបានស្វាគមន៍គាត់ឲ្យចូលក្នុងផ្ទះ ហើយភ្លាមៗនោះ គាត់មានអារម្មណ៍ថា មានសន្តិភាពក្នុងចិត្ត។ គាត់មានអារម្មណ៍ថា ដូចកំពុងនៅផ្ទះខ្លួនឯង មានផាសុខភាព មានសុវត្ថិភាព និងត្រូវបានគេឲ្យតម្លៃ។
ក្រោយមក គាត់ឆ្ងល់ថា ហេតុអ្វីបានជាគាត់មានអារម្មណ៍ថា មានសន្តិភាពយ៉ាងនេះ នៅកន្លែងដែលគាត់មិនធ្លាប់នៅ? លោកបប់បានរកឃើញចម្លើយ នៅក្នុងកណ្ឌគម្ពីរ កូរិនថូស ខ្សែទី២។ ក្នុងបទគម្ពីរនេះ សាវ័កប៉ុលហៅមនុស្សដែលដើរតាមព្រះជាម្ចាស់ថា “ក្លិនក្រអូបនៃព្រះគ្រីស្ទ”។ លោកបប់បាននិយាយក្នុងចិត្តថា “ខ្ញុំយល់ហើយ!”។ ម្ចាស់ផ្ទះរបស់គាត់បានបញ្ចេញ “ក្លិនក្រអូបដូច” ព្រះគ្រីស្ទ។
នៅពេលដែលសាវ័កប៉ុលថ្លែងថា ព្រះទ្រង់ដឹកនាំរាស្ដ្រទ្រង់ក្នុង “ក្បួនដង្ហែនៃជ័យជម្នះ” របស់ព្រះគ្រីស្ទ ដែលបានសាយក្លិនក្រអូប នៃសេចក្តីពិតរបស់ទ្រង់ នោះគឺគាត់ចង់សំដៅទៅលើប្រពៃណី នៅសម័យបុរាណ។ កងទ័ពដែលមានជ័យជម្នះ តែងតែដុតគ្រឿងក្រអូប នៅពេលពួកគេដើរក្បួន នៅតាមដងផ្លូវ។ ក្លិនក្រអូបនោះក៏បាននាំឲ្យមានសេចក្ដីអំណរ ដល់អ្នកគាំទ្ររបស់ពួកគេផងដែរ។ លោកប៉ុលមានប្រសាសន៍ថា ប្រជារាស្រ្ដរបស់ព្រះ ក៏នាំក្លិនក្រអូបទៅដល់អស់អ្នកជឿដូច្នោះដែរ។ នោះមិនមែនជាក្លិនក្រអូប ដែលយើងបង្កើតដោយខ្លួនឯងទេ ប៉ុន្តែ គឺជាក្លិនក្រអូប ដែលព្រះប្រទានឲ្យ នៅពេលដែលទ្រង់ដឹកនាំយើង ដើម្បីនាំគេឲ្យស្គាល់ទ្រង់។
តាមពិតទៅ លោកបប់ គឺជាឪពុករបស់ខ្ញុំ ដែលបានធ្វើដំណើរទៅកាន់ទីក្រុងដ៏សែនឆ្ងាយមួយ។ រឿងនេះបានកើតឡើងជាង៤០ឆ្នាំមកហើយ ប៉ុន្តែ គាត់មិនដែលភ្លេចវាទេ។ គាត់នៅតែចែកចាយទីបន្ទាល់ អំពីមនុស្សដែលមានក្លិនក្រអូប ដូចជាព្រះគ្រីស្ទ។—AMY PETERSON