ការថ្វាយបង្គំ ដោយទូលសួរ

វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​ដំណើរ មាន​អ្នក​ដំណើរ​ណា​ម្នាក់ ចោទ​សួរ​ថា “​តើ​យើង​ទៅដល់​ហើយ​ឬ​នៅ?” ឬ​សួរ​ថា “តើ​នៅ​យូរ​ប៉ុណ្ណា​ទៀត ទើប​ទៅ​ដល់?” តើ​នរណា ដែល​មិន​ធ្លាប់​ឮ​សំណួរ​ដ៏​សាមញ្ញ​នេះ ចេញ​ពី​បបូរ​មាត់​ក្មេង ឬ​មនុស្ស​ធំ ដែល​អន្ទះ​សារ​ចង់​ឲ្យ​ឆាប់​ទៅ​ដល់​គោល​ដៅ? ប៉ុន្តែ មនុស្ស​គ្រប់​វ័យ​សុទ្ធ​តែ​ងាយ​នឹង​សួរ​សំណួរ​ដូច​នេះ​ដែរ ពេល​ដែល​ពួក​គេ​ជួប​ប្រទះ​បញ្ហា ដែល​ហាក់​ដូច​ជា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

ជាក់​ស្តែង​ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៣ យើង​ឃើញ​ថា ស្តេច​ដាវីឌ បាន​ចោទ​នូវ​សំណួរ​ដូច​នេះ។ ក្នុង​ខគម្ពីរ​ពីរខ​ដំបូង ស្តេច​ដាវីឌ​មាន​អារម្មណ៍​ថា ហាក់​ដូច​ជា​ត្រូវ​បាន​គេ​បំភ្លេច​ចោល បោះ​បង់​ចោល និង​មាន​អារម្មណ៍​ថា បរាជ័យ បាន​ជា​ទ្រង់​ពោល​ពាក្យ​ទំនួញ​បួន​ដង​ថា “តើ​ដល់​កាល​ណា​ទៀត?” ក្នុងខ.២ ទ្រង់​សួរ​ថា “តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ពិគ្រោះ​នៅ​តែ​ក្នុង​ខ្លួន​ដល់​កាល​ណា?” បទ​គម្ពីរ​ទំនុក​ដំកើង ដែល​មាន​ពោល​ទំនួញ​យ៉ាង​ដូច​នេះ គឺ​បាន​ប្រាប់​យើង​ថា យើងអាច​ចូល​ទៅ​ចំពោះ​ព្រះ​អម្ចាស់ ដើម្បី​ថ្វាយ​បង្គំ​ទ្រង់ ដោយ​ទូល​សួរ​ទ្រង់​ផង​ដែរ។ សរុប​មក ក្នុង​អំឡុង​ពេល​ដែល​មាន​ទុក្ខលំបាក និង​ការ​នឿយ​ព្រួយ​ដែល​បាន​អូស​បន្លាយ​ពេល​ដ៏​យូរ ព្រះ​ជា​ម្ចាស់​ជា​បុគ្គល​ដ៏​ល្អ​បំផុត ដែល​យើង​ត្រូវ​ថ្លែង​ប្រាប់​គ្រប់​រឿង ដែល​យើង​បាន​ជួប​ប្រទះ​។ យើង​អាច​ទូល​ថ្វាយ​ទ្រង់ អំពី​ទុក្ខ​លំបាក ដោយ​សារ​ជម្ងឺ ការ​កាន់​ទុក្ខ និងមនុស្ស​ជា​ទីស្រឡាញ់​ដែល​បាន​ដើរ​ខុស​គន្លង ហើយ​ផ្ទេរ​បន្ទុក​ទាំង​អស់​នេះ ដាច់​ដល់​ទ្រង់។

ការ​ថ្វាយ​បង្គំ​មិន​ត្រូវ​អាក់​ខាន ដោយ​សារ​យើង​មាន​សំណួរ ដែល​ត្រូវ​ទូល​ថ្វាយ​ព្រះ​ជា​ម្ចាស់​នោះ​ឡើយ។ ព្រះ​នៃ​នគរ​ស្ថាន​សួគ៌​ដែល​មាន​គ្រប់​ព្រះ​ចេស្តា តែង​តែ​ទទួល​ស្វាគមន៍ សំណួរ​របស់​យើង​ដែល​មាន​ពេញ​ដោយ​ក្តី​កង្វល់។​ ហើយ​ទន្ទឹម​នឹង​នោះ យើង​អាច​យក​គំរូ​តាម​ស្តេច​ដាវីឌ ដោយ​ធ្វើ​ឲ្យ​សំណួរ​របស់​យើង​ប្រែ​ក្លាយ​ជា​ការ​ទូល​អង្វរ និង​ការ​បង្ហាញ​ចេញ​នូវ​ទំនុក​ចិត្ត និង​ការ​សរសើរ​ដំកើង ចំពោះ​ព្រះ​អម្ចាស់​(ខ.៣-៦)។—ARTHUR JACKSON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles