ខ្ញុំ​ធ្លាប់​បាន​ទៅ​អធិប្បាយ​ព្រះ​បន្ទូល នៅ​ព្រះ​វិហារ​មួយ ហើយ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ពិភាក្សា​ជា​មួយ​ស្រ្តី​ម្នាក់ អំពី​អ្វី​ដែល​ខ្ញុំ​បាន​ចែក​ចាយ កាល​ព្រឹក​នោះ។ គាត់​ក៏​បាន​ចែក​ចាយ​ថា គាត់​មាន​ជំងឺ​រ៉ាំរ៉ៃ​មួយ។ គាត់​បាន​ទូល​អង្វរ អធិស្ឋាន​តម សារភាព​អំពើ​បាប​របស់​គាត់ ហើយ​ក៏​បាន​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត ដែល​គេ​បាន​ប្រាប់​គាត់ ដើម្បី​ឲ្យ​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា។ ប៉ុន្តែ គាត់​នៅ​តែ​ឈឺ ដូច​នេះ គាត់​ក៏​បាន​គិត​ថា គាត់​បាន​ធ្វើ​អ្វី​មួយ​ខុស​ហើយ បាន​ជា​នៅ​តែ​ឈឺ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា វា​មិន​មែន​ជា​កំហុស​របស់​គាត់​ទេ។

ខ្ញុំ​មាន​អារម្មណ៍​សោក​សៅ ពេល​ដែល​បាន​ស្តាប់​គាត់​ចែក​ចាយ។ គេ​បាន​បង្រៀន​គាត់ ឲ្យ​អនុវត្ត​តាម “រូប​មន្ត” ខាង​វិញ្ញាណ ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​គាត់ ហេតុ​នេះ​ហើយ គាត់​ក៏​បាន​បន្ទោស​ខ្លួន​ឯង ពេល​ដែល​រូប​មន្ត​នោះ មិន​ដំណើរ​ការ។ ដែល​អាក្រក់​ជាង​នេះ​ទៀត​នោះ​ គេ​បាន​បង្ហាញ​ថា វា​មិន​មែន​ជា​រូប​មន្ត​ត្រឹម​ត្រូវ តាំង​ពី​ប៉ុន្មាន​ជំនាន់​មុន។

និយាយ​ឲ្យ​ងាយ​យល់ រូប​មន្ត​ចាស់​នេះ បាន​បង្រៀន​ថា បើ​អ្នក​មាន​ទុក្ខ​លំបាក នោះ​គឺ​បណ្តាល​មក​ពី​អ្នក​បាន​ធ្វើ​អំពើ​បាប។ ពេល​ដែល​លោក​យ៉ូប​បាត់​បង់​ហ្វូង​សត្វ កូន​ទាំង​អស់ ហើយ​ធ្លាក់​ខ្លួន​ឈឺ មិត្ត​ភក្តិ​គាត់​បាន​យក​រូប​មន្ត​នេះ​មក​ឲ្យ​គាត់​ប្រើ។ លោក​អេលីផា​សង្ស័យ​ថា លោក​យ៉ូប​បាន​ធ្វើ​អំពើ​បាប បាន​ជា​គាត់​ប្រាប់​លោក​យ៉ូប​ថា “ចូរ​អ្នក​នឹក​ចាំ​ចុះ បើ​អ្នក​ណា​ឥត​ទោស តើ​ដែល​វិនាស​ដែរ​ឬ​អី តើ​មាន​កន្លែង​ណា ដែល​មនុស្ស​ទៀង​ត្រង់​ត្រូវ​កាត់​ចេញ​នោះ?”(យ៉ូប ៤:៧)។ លោក​ប៊ីលដាឌ​ថែម​ទាំង​បាន​ប្រាប់​លោក​យ៉ូប​ថា កូន​របស់​លោក​យ៉ូប​បាន​ស្លាប់ ដោយ​សារ​ពួក​គេ​បាន​ធ្វើ​អំពើ​បាប​(៨:៤)។ ដោយសារ​ពួក​គេ​មិន​យល់​អំពី​បុព្វ​ហេតុ​នៃ​ទុក្ខ​វេទនា​របស់​លោក​យ៉ូប(១:៦-២:១០) ពួក​គេ​ក៏​បាន​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ឈឺ​ចាប់ ដោយ​ប្រាប់​គាត់​ពី​ហេតុ​ផល ដែល​គាត់​ជួប​ទុក្ខ​វេទនា ហើយ​ក្រោយ​មក ព្រះ​ទ្រង់​ក៏​បាន​ស្តី​បន្ទោស​ឲ្យ​ពួក​គេ​(៤២:៧)។

ទុក្ខ​វេទនា គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រស់​នៅ ក្នុង​ពិភព​លោក​ដែល​ធ្លាក់​ចូល​ក្នុង​អំពើ​បាប។ វា​អាច​កើត​ឡើង ​ដោយសារ​មូល​ហេតុ​ដែល​យើង​មិន​ដឹង។ ប៉ុន្តែ ព្រះ​ទ្រង់​មាន​គោល​បំណង ដែល​ធំ​ជាង​ការ​ឈឺ​ចាប់ ដែល​អ្នក​បាន​ស៊ូទ្រាំ។ ចូរ​កុំ​បាក់​ទឹក​ចិត្ត ដោយសារ​ការ​ប្រើ​រូប​មន្ត​ខុស។​—Sheridan Voysey