កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។ យ៉ូហាន ១:១
មីសែលឡាន(Michellan) បានជួបបញ្ហាប្រឈម ខណៈពេលដែលនាងកំពុងចម្រើនវ័យធំឡើង នៅប្រទេសភីលីពីន តែនាងចូលចិត្តអានសៀវភៅណាស់ ហើយរកឃើញការកម្សាន្តចិត្តក្នុងសៀវភៅទាំងនោះ។ ថ្ងៃមួយ កាលនាងរៀននៅមហាវិទ្យាល័យ នាងក៏បានអានជំពូកទី១ ក្នុងកណ្ឌគម្ពីរដំណឹងល្អយ៉ូហាន ហើយព្រះទ្រង់បានធ្វើការក្នុងចិត្តនាង ដែលរឹងដូចថ្ម។ នាងមានអារម្មណ៍ថា មាននរណាម្នាក់កំពុងនិយាយមកនាងថា “អ្នកចូលចិត្តអានសៀវភៅណាស់មែនទេ? តើអ្នកដឹងទេថា ពាក្យពេចន៍ ក្នុងសៀវភៅនេះ ជាព្រះបន្ទូលដ៏អស់កល្ប ដែលបញ្ចេញពន្លឺក្នុងទីងងឹតក្នុងពេលសព្វថ្ងៃ និងជារៀងរហូត។ ជាព្រះបន្ទូលដែលយកកំណើតជាសាច់ឈាម។ គឺព្រះបន្ទូលដែលស្រឡាញ់អ្នក”។
នាងកំពុងអានដំណឹងល្អដែលចាប់ផ្តើមដោយពាក្យ ដែលបានរំឭកអ្នកអានកណ្ឌគម្ពីរយ៉ូហាន អំពីឃ្លាទីមួយរបស់កណ្ឌគម្ពីរលោកុប្បត្តិ ដែលផ្តើមដោយពាក្យ “កាលដើមដំបូង…”(លោកុប្បត្តិ ១:១)។ កណ្ឌគម្ពីរយ៉ូហានបានបង្ហាញថា ព្រះយេស៊ូវមិនគ្រាន់តែជាព្រះ កាលដើមដំបូងប៉ុណ្ណោះទេ តែព្រះអង្គជាព្រះបន្ទូល (យ៉ូហាន ១:១)។ ហើយព្រះបន្ទូលដ៏រស់បានយកកំណើតជាមនុស្ស ហើយគង់នៅជាមួយយើងរាល់គ្នា (ខ.១៤)។ ជាងនេះទៅទៀត អ្នកដែលទទួលព្រះអង្គ ដោយជឿព្រះនាមព្រះអង្គ ទ្រង់ប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះអង្គ(ខ.១២)។
មីសែលឡានក៏បានឱបក្រសោបយកក្តីស្រឡាញ់របស់ព្រះ នៅថ្ងៃនេះ ហើយក៏បាន “មានជីវិតថ្មីក្នុងព្រះ” (ខ.១៣)។ នាងក៏បានអរព្រះគុណព្រះអង្គ សម្រាប់ការសង្រ្គោះនាង ឲ្យរួចផុតពីគំរូនៃការញៀនរបស់ក្រុមគ្រួសារនាង ហើយសព្វថ្ងៃនេះ នាងសរសេរអំពីដំណឹងល្អនៃព្រះយេស៊ូវ ដោយអរសប្បាយ ក្នុងការចែកចាយព្រះបន្ទូលដ៏រស់ ដល់អ្នកដទៃ។
បើយើងជឿព្រះគ្រីស្ទ យើងក៏អាចចែកចាយព្រះបន្ទូល និងក្តីស្រឡាញ់របស់ព្រះដល់អ្នកដទៃផងដែរ។ ខណៈពេលដែលយើងចាប់ផ្តើមការរស់នៅ ក្នុងឆ្នាំ២០២២ តើមានព្រះបន្ទូលប្រកបដោយព្រះគុណអ្វីខ្លះ ដែលយើងអាចចែកចាយ នៅឆ្នាំនេះ?—Amy Boucher Pye
តើពាក្យថា “ព្រះយេស៊ូវជាព្រះបន្ទូលនៃព្រះ” មានអត្ថន័យដូចម្តេច? តើសេចក្តីនេះនឹងនាំឲ្យមានការផ្លាស់ប្តូរអ្វីខ្លះ ក្នុងជីវិតអ្នក ក្នុងឆ្នាំថ្មីនេះ?
ឱព្រះយេស៊ូវ សូមព្រះអង្គប្រទានទូលបង្គំ នូវពាក្យសម្តី ដើម្បីធ្វើជាព្រះពរ ដល់អ្នកដទៃ ដោយព្រះគុណ និងក្តីស្រឡាញ់របស់ព្រះអង្គ នៅថ្ងៃនេះ និងក្នុងឆ្នាំថ្មី។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្ដិ ១-៣ និង ម៉ាថាយ ១