សេចក្តីជំនឿដែលមានគ្រឹះរឹងមាំ

ឯ​អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ។ ម៉ាថាយ ៧:២៦

ភ្នំ​ខ្សាច់​ខ្ពស់​ៗ នៅ​តាម​បណ្តោយ​ឆ្នេរ​ខាង​ជើង នៃ​បឹង Silver បាន​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាជន​នៅ​តំបន់​ជិត​ខាង ជួប​ហានិភ័យ នៃ​ការ​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ដី​ខ្សាច់ ដែល​តែង​តែ​ផ្លាស់​ទី​ជា​និច្ច។ ទោះ​អ្នក​រស់​នៅ​ទីនោះ​បាន​ព្យាយាម​កើប​ពំនូក​ដី​ខ្សាច់​ធំ​ៗ ទៅ​កន្លែង​ផ្សេង​ក៏​ដោយ ក៏​ពួក​គេ​បាន​ត្រឹម​តែ​ឈរ​មើល​ដោយ​អស់​សង្ឃឹម ពេល​ដែល​ដីខ្សាច់​បាន​កប់​ពី​លើ​ផ្ទះ​ដែល​ពួក​គេ​បាន​សង់​យ៉ាង​ស្អាត។ ខណៈ​ពេល​ដែល​ចៅ​សង្កាត់​ដឹកនាំ​សកម្មភាព​សង្រ្គោះ​ផ្ទះ ដែល​បាន​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ គាត់​ក៏​បាន​បញ្ជាក់​ថា វា​ជា​បញ្ហា​ដែល​គេ​មិន​អាច​ទប់​ស្កាត់​បាន​ទេ។ ទោះ​ម្ចាស់​ផ្ទះ​បាន​ព្យាយាម​ជៀស​វាង​គ្រោះ​ថ្នាក់​នៃ​ការ​បាក់​ស្រុត​យ៉ាងណា​ក៏​ដោយ ក៏​ភ្នំ​ខ្សាច់​ទាំង​នោះ មិន​អាច​ទ្រទ្រង់​គ្រឹះ​ឲ្យ​រឹង​មាំ​បាន​ឡើយ​។

ព្រះយេស៊ូវ​បាន​ជ្រាប​អំពី​ភាព​ល្ងង់​ខ្លៅ​នៃ​ការ​សង់​ផ្ទះ​នៅ​លើ​ដី​ខ្សាច់។ បន្ទាប់​ពី​ទ្រង់​បាន​ដាស់​តឿន​ពួក​សិស្ស​ទ្រង់ អំពី​ពួក​ហោរា​ក្លែង​ក្លាយ ព្រះ​អង្គ​ក៏​បញ្ជាក់​ថា ការ​ស្តាប់​បង្គាប់​ដោយ​ក្តី​ស្រឡាញ់ គឺ​បាន​បង្ហាញ​ថា យើង​មាន​ប្រាជ្ញា​(ម៉ាថាយ ៧:១៥-២៣)។ ព្រះ​អង្គ​មាន​បន្ទូល​ថា “អស់​អ្នក​ដែល​បាន​ឮ​ព្រះ​បន្ទូល​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នក​នោះ​ដូច​ជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម”(ខ.២៤)។ តែ​អ្នក​ដែល​បាន​ឮ​ព្រះ​បន្ទូល​ព្រះ ហើយ​បាន​សម្រេច​ចិត្ត​មិនប្រព្រឹត្ត​តាម “អ្នក​នោះ​ត្រូវ​ធៀប​ដូច​ជា​មនុស្ស​ល្ងង់ ដែល​សង់​ផ្ទះ​ខ្លួន​នៅ​លើ​ខ្សាច់​វិញ”(ខ.២៦)។

ពេល​ដែល​កាលៈទេសៈ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា ដីខ្សាច់​កំពុង​តែ​កប់​ពី​លើ​យើង នៅ​ពី​ក្រោម​ទម្ងន់​នៃ​ការ​រង​ទុក្ខ ឬ​ការ​ព្រួយ​បារម្ភ នោះ​យើង​អាច​មាន​ក្តី​សង្ឃឹម​ចំពោះ​ព្រះ​គ្រីស្ទ ដែល​ជា​ថ្មដា​របស់​យើង។ ព្រះ​អង្គ​នឹង​ជួយ​យើង ឲ្យ​មាន​ជំនឿ​រឹងមាំ ដែល​សង់​នៅ​លើ​គ្រឹះ​ដែល​មិន​ចេះ​រង្គោះ​រង្គើ នៃ​ចរិយា​សម្បត្តិ​របស់​ព្រះ​អង្គ ដែល​មិន​ចេះ​ប្រែ​ប្រួល។—Xochitl Dixon

តើ​ការ​ស្តាប់​បង្គាប់​បាន​បង្ហាញ​ថា យើង​បាន​ទុក​ចិត្ត​ព្រះ យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​ក្នុង​ផ្នែក​ណា​ខ្លះ​នៃ​ជីវិត​អ្នក ដែល​មិន​មាន​ការ​ស្តាប់​បង្គាប់​ព្រះ?

ឱ​ព្រះយេស៊ូវ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ ឲ្យ​មាន​ជំនឿ​ដែល​មាន​គ្រឹះ​រឹង​មាំ។ សូម​ប្រទាន​កម្លាំង​ទូល​បង្គំ ឲ្យ​អាច​បង្ហាញ​សេចក្តី​ជំនឿ តាម​រយៈ​ការ​ស្តាប់​បង្គាប់​ព្រះ​អង្គ ដោយ​ក្តី​ស្រឡាញ់។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ១០-១២ និង ម៉ាថាយ ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles