ស្រក់ទឹកភ្នែក ដោយមិនខ្លាចចិត្តអ្នកដទៃ

នាង​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះបាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះបាទ​ទ្រង់។ លូកា ៧:៣៨

មាន​ពេល​មួយ អ្នក​ស្រី​ឃែរិន(Karen) បាន​និយាយ​សុំទោស ដោយសារ​គាត់​បាន​ស្រក់​ទឹក​ភ្នែក​។ បន្ទាប់​ពី​ស្វាមី​របស់​គាត់​បាន​ស្លាប់ គាត់​បាន​ចិញ្ចឹម​បី​បាច់​កូន​ដែល​មាន​វ័យ​ជំទង់ តែ​ម្នាក់​ឯង យ៉ាង​ហត់​នឿយ។ ពេល​ដែល​ក្រុម​បុរស​នៅ​ព្រះវិហារ​បាន​នាំ​កូន​ៗ​របស់​គាត់ ទៅ​បោះ​ជំរុំ​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ដែល​នាំ​ឲ្យ​គាត់​បាន​សម្រាក​ខ្លះ គាត់​ក៏​បាន​សម្រក់​ទឹក​ភ្នែក​យំ ដោយ​ការ​ដឹង​គុណ ហើយ​ក៏​បាន​សុំទោស​គេ សម្រាប់​ការ​ស្រក់​ទឹក​ភ្នែក​របស់​គាត់។

ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​បាន​និយាយ​សុំទោស សម្រាប់​ការ​ស្រក់​ទឹក​ភ្នែក​របស់​ខ្លួន? លោក​ស៊ីម៉ូន ដែល​ជា​ពួក​ផារិស៊ី បាន​អញ្ជើញ​ព្រះយេស៊ូវ​សោយ​អាហារ​ពេល​ល្ងាច នៅ​ផ្ទះ​គាត់។ កាល​ព្រះអង្គ​កំពុង​សោយ​អាហារ មាន​ស្រ្តី​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​បាប​ជា​ច្រើន បាន​យក​ទឹក​អប់​មួយ​ដប​មក។ “នាង​ឈរ​ពី​ខាង​ក្រោយ ទៀប​ព្រះបាទ​ទ្រង់​ទាំង​យំ ចាប់​តាំង​សំរក់​ទឹក​ភ្នែក​ទទឹក​ព្រះបាទ​ទ្រង់ រួច​យក​សក់​ក្បាល​នាង​ជូត ក៏​ថើប​ព្រះបាទ ដោយ​ស្រឡាញ់ ហើយ​យក​ប្រេង​ក្រអូប​លាប​ផង”(លូកា ៧:៣៨)។ នាង​ក៏​បាន​បង្ហាញ​ក្តី​ស្រឡាញ់​របស់​នាង និង​សម្រក់​ទឹក​ភ្នែក ដោយ​មិន​បាន​សុំទោស​គេ​ឡើយ ហើយ​ក៏​បាន​ទម្លាក់​សក់​របស់​នាង ជូត​ព្រះ​បាទ​ព្រះ​អង្គ។ ដោយ​នាង​មាន​ការ​ដឹង​គុណ និង​ក្តី​ស្រឡាញ់​ដ៏​ហូរហៀរ ចំពោះ​ព្រះ​យេស៊ូវ នាង​ក៏​បាន​បញ្ចប់​ការ​ស្រក់​ទឹក​ភ្នែក​របស់​នាង ដោយ​ការ​ថើប​ព្រះ​បាទ​ទ្រង់ នឹង​ទឹក​អប់ ជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ម្ចាស់​ផ្ទះ។

តើ​ព្រះយេស៊ូវ​បាន​ឆ្លើយ​តប យ៉ាង​ដូច​ម្តេច? ព្រះ​អង្គ​បាន​សរសើរ​នាង ដែល​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់ ដោយ​ចិត្ត​ឆេះ​ឆួល ហើយ​បាន​ប្រកាស​ថា នាង​បាន​ទទួល​ការ​អត់​ទោស​បាប​ហើយ​(ខ.៤៤-៤៨)។

យើង​ប្រហែល​ជា​ចង់​ទប់​ទឹក​ភ្នែក នៃ​ការ​ដឹង​គុណ​មិន​ឲ្យ​ធ្លាក់​ចុះ​មក ពេល​ដែល​គេ​ធ្វើ​ការ​ល្អ​សម្រាប់​យើង។ តែ​ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក ជា​មនុស្ស​ដែល​មាន​អារម្មណ៍ ហើយ​យើង​អាច​ប្រើ​អារម្មណ៍​យើង ដើម្បី​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​អង្គ។ ដូច​ស្រ្តី​នៅ​ក្នុង​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​លូកា ចូរ​យើង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង ដល់​ព្រះ​នៃ​យើង ដោយ​មិន​ខ្លាច​ចិត្ត​អ្នក​ដទៃ ដោយ​ព្រោះ​ព្រះអង្គ​បាន​ផ្គត់ផ្គង់​តម្រូវ​ការ​យើង ហើយ​ទទួល​ទឹក​ភ្នែក នៃ​ការ​ដឹង​គុណ​របស់​យើង។—Elisa Morgan

តើ​អ្នក​អាច​បង្ហាញ​ការ​ដឹង​គុណ​ដល់​ព្រះ តាម​រយៈ​អារម្មណ៍​របស់​អ្នក​យ៉ាង​ដូច​ម្តេច នៅ​ថ្ងៃ​នេះ? តើ​អ្នក​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ ដូច​ម្តេច​ខ្លះ ពេល​ដែល​ពួក​គេ​ស្រក់​ទឹក​ភ្នែក ដោយ​ការ​ដឹង​គុណ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​ព្រះ​គុណ​របស់​ព្រះ​អង្គ ក្នុង​ការ​បំពេញ​តម្រូវ​ការ​ទូល​បង្គំ!

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : និក្ខមនំ ២៥-២៦ និង ម៉ាថាយ ២០:១៧-៣៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles