ការនេះហួសកំឡាំងឯងហើយ នឹងធ្វើតែម្នាក់ឯងមិនបានទេ។ និក្ខមនំ ១៨:១៨
កាលខ្ញុំកំពុងរៀននៅសាលាព្រះគម្ពីរ ខ្ញុំក៏ធ្វើការពេញពេលផងដែរ។ មិនតែប៉ុណ្ណោះ ខ្ញុំក៏បានបង្រៀនព្រះបន្ទូល តាមវេន ហើយខ្ញុំក៏បានទៅធ្វើកម្មសិក្សានៅព្រះវិហារផងដែរ។ ខ្ញុំមានការរវល់ច្រើនណាស់។ ពេលដែលប៉ារបស់ខ្ញុំមកលេងខ្ញុំ គាត់ប្រាប់ខ្ញុំថា “កូនមុខជាបាក់កម្លាំងមិនខាន”។ ខ្ញុំមិនបានចាប់អារម្មណ៍ការដាស់តឿនរបស់គាត់ ដោយគិតថា គាត់នៅក្នុងជំនាន់ផ្សេងពីខ្ញុំ ដូចនេះ គាត់មិនយល់អំពីការដាក់គោលដៅទេ។
ខ្ញុំមិនបានបាក់កម្លាំងទេ។ តែខ្ញុំពិតជាបានពិសោធនឹងរដូវកាលដ៏រាំងស្ងួត និងពិបាកយ៉ាងខ្លាំង ដោយធ្លាក់ខ្លួនកើតជំងឺធ្លាក់ទឹកចិត្ត។ ចាប់តាំងពីពេលនោះមក ខ្ញុំក៏បានរៀនស្តាប់តាមការដាស់តឿន ជាពិសេសការដាស់តឿនរបស់មនុស្សជាទីស្រឡាញ់ ដោយការប្រុងប្រយ័ត្នជាងមុន។
បទពិសោធន៍មួយនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរឿងរបស់លោកម៉ូសេ។ កាលនោះ គាត់ក៏កំពុងខិតខំធ្វើការបម្រើព្រះ ដោយភាពឧស្សាហ៍ព្យាយាម ក្នុងការងារជាអ្នកកាត់ក្តីឲ្យប្រជាជនអ៊ីស្រាអែល(និក្ខមនំ ១៨:១៣)។ តែគាត់បានសម្រេចចិត្តស្តាប់តាមយោបល់របស់ឪពុកក្មេកគាត់(ខ.១៧-១៨)។ លោកយេត្រូមិនដែលបានជួបរឿងដូចលោកម៉ូសេនោះទេ តែគាត់ស្រឡាញ់លោកម៉ូសេ និងគ្រួសារគាត់ ហើយអាចមើលឃើញបញ្ហានៅពេលខាងមុខ។ ប្រហែលហេតុនេះហើយ បានជាលោកម៉ូសេអាចស្តាប់តាមលោកយេត្រូ ហើយស្តាប់តាមយោបល់របស់គាត់។ លោកម៉ូសេក៏បានបង្កើតប្រព័ន្ធការងារមួយ ដោយឲ្យ “ពួកប្រុសៗដែលមានសមត្ថភាព និងកោតខ្លាចព្រះ ក្នុងចំណោមពួកបណ្តាជន” ឲ្យធ្វើការដោះស្រាយបញ្ហាជម្លោះតូចៗ ហើយទុកឲ្យគាត់ដោះស្រាយបញ្ហាជម្លោះដែលពិបាកៗជាង(ខ.២១-២២)។ ដោយសារគាត់បានស្តាប់តាមលោកយេត្រូ ដោយរៀបចំការងាររបស់គាត់ឡើងវិញ ហើយប្រគល់ការងារឲ្យអ្នកដទៃ ដើម្បីរំលែកបន្ទុកគាត់ នោះគាត់អាចជៀសវាងការបាក់កម្លាំង ក្នុងអំឡុងរដូវកាលដ៏ពិបាកនោះ។
មនុស្សជាច្រើនបានឲ្យតម្លៃមកលើ ការងារដែលខ្លួនធ្វើបម្រើព្រះ ក្រុមគ្រួសារ និងអ្នកដទៃ។ តែយើងនៅតែត្រូវការស្តាប់តាមយោបល់របស់មនុស្សជាទីស្រឡាញ់ ដែលយើងទុកចិត្ត ហើយពឹងផ្អែកទៅលើប្រាជ្ញា និងអំណាចរបស់ព្រះ ក្នុងគ្រប់កិច្ចការដែលយើងធ្វើ។—Katara Patton
តើអ្នកអាចស្តាប់តាមសម្លេងរបស់នរណាខ្លះ ដើម្បីអាចបម្រើព្រះ ដោយប្រាជ្ញា? តើអ្នកមានវិធីសាស្ត្រអ្វី ដើម្បីកុំឲ្យបាក់កម្លាំង? តើអ្នកបានអនុវត្តតាមវិធីសាស្ត្រនោះហើយឬនៅ?
ឱព្រះដ៏មានចេស្ដា ទូលបង្គំសូមអរព្រះគុណ សម្រាប់ការអនុញ្ញាតឲ្យទូលបង្គំបម្រើព្រះអង្គ តាមរបៀបជាច្រើន។ ខណៈពេលដែលទូលបង្គំយកចិត្តទុកដាក់ ចំពោះអ្នកដទៃ សូមព្រះអង្គបង្រៀនទូលបង្គំ ឲ្យធ្វើការដោយប្រាជ្ញា ដើម្បីឲ្យទូលបង្គំមានកម្លាំងធ្វើការអ្វី ដែលព្រះអង្គសព្វព្រះទ័យឲ្យទូលបង្គំធ្វើ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងរស់ ១-៤ និង លូកា ៨:១-២៥