ព្រះគ្រីស្ទ​ទ្រង់​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ។ ១កូរិនថូស ១៥:២០

លោក​យ៉ារ៉ូស្លាវ ផេលីកាន(Jaroslav Pelikan) ជា​សាស្រ្តា​ចារ្យ​នៅ​សកលវិទ្យាល័យ​យេល អស់​ជា​ច្រើន​ឆ្នាំ ហើយ​គេ​បាន​ចាត់​ទុក​គាត់ ក្នុង​ចំណោម​អ្នក​និពន្ធ​ឈាន​មុន ក្នុង​ជំនាន់​របស់​គាត់ ក្នុង​ប្រវត្តិ​សាស្រ្ត​គ្រីស្ទ​បរិស័ទ។ គាត់​ក៏​មាន​ឈ្មោះ​ល្បី ដោយសារ​អាជីព​ក្នុង​វិស័យ​អប់រំ អស់​ពេល​ជា​យូរ។ គាត់​បាន​បោះពុម្ភ​សៀវភៅ​ជាង ៣០​មុខ ហើយ​ក៏​បាន​ទទួល​ពាន​រង្វាន់​សម្រាប់​ការ​និពន្ធ​សៀវភៅ​ច្រើន​មុខ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ សិស្ស​របស់​គាត់​ម្នាក់​បាន​រំឭក អំពី​ពាក្យ​សំខាន់​បំផុត​របស់​គាត់ ដែល​មាន​ប្រសាសន៍ មុន​ពេល​​គាត់​លាចាក​លោក នៅ​លើ​គ្រែ​ថា “បើ​ព្រះគ្រីស្ទ​មាន​ព្រះជន្ម​រស់​ឡើង​វិញ នោះ​អ្វី​ៗ​ផ្សេង​ទៀត​មិន​សំខាន់​ទេ ហើយ​បើ​ព្រះគ្រីស្ទ​មិន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ នោះ​អ្វី​ផ្សេង​ទៀត​ក៏​មិន​សំខាន់​ដែរ”។

ពាក្យ​សម្តី​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ​ដែល​ចែង​ថា “​បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ នោះ​ដំណឹង​ដែល​យើង​ខ្ញុំ​ផ្សាយ​នេះ ជា​ការ​ឥត​ប្រយោជន៍​ទទេ ហើយ​សេចក្តី​ជំនឿ​របស់​អ្នក​រាល់​គ្នា ក៏​ឥត​អំពើ​ដែរ”(១កូរិនថូស ១៥:១៤)។ សាវ័ក​ប៉ុល​ហ៊ាន​និយាយ​ដូច​នេះ ព្រោះ​គាត់​ដឹង​ថា ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ មិនមែន​ជា​ការ​អស្ចារ្យ ដែល​កើត​ឡើង សម្រាប់​តែ​មួយ​ពេល​នោះ​ទេ តែ​ជា​ព្រឹត្តិការណ៍​ដ៏​ជោគជ័យ​បំផុត នៃ​ព្រះ​រាជកិច្ច​ប្រោស​លោះ​របស់​ព្រះ ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ។ ព្រះ​បន្ទូល​ដែល​សន្យា អំពី​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ មិន​គ្រាន់​តែ​ជា​ការ​ធានា​ថា ព្រះ​យេស៊ូវ​នឹង​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ប៉ុណ្ណោះ​ឡើយ តែ​ក៏​ជា​ការ​បញ្ជាក់​ថា អ្វី​ផ្សេង​ទៀត​ដែល​ស្លាប់ និង​ប្រេះ​បែក (ជីវិត អ្នក​ជិត​ខាង និង​ទំនាក់​ទំនង) នឹង​មាន​ជីវិត​ឡើង​វិញ តាម​រយៈ​ព្រះ​គ្រីស្ទ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សាវ័ក​ប៉ុល​ដឹង​ថា បើ​ព្រះយេស៊ូវ​មិន​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ទេ នោះ​សេចក្តី​ស្លាប់ និង​សេចក្តី​ហិន​វិនាស​នឹង​មាន​ជ័យ​ជម្នះ។

ប៉ុន្តែ ជា​ការ​ពិត​ណាស់ ព្រះ​គ្រីស្ទ​ពិត​ជា​មាន​ព្រះជន្ម​រស់​ឡើង​វិញ​(ខ.២០)។ ព្រះ​ដ៏​មាន​ជ័យ​ជម្នះ​បាន​វាយ​បំបាក់​សេចក្តី​ស្លាប់ ឲ្យ​បរាជ័យ​ហើយ។ ហើយ​ព្រះយេស៊ូវ​ជា “ផល​ដំបូង” នៃ​ជីវិត​មនុស្ស​ទាំង​អស់​ដែល​នឹង​រស់​ឡើង​វិញ។ ព្រះ​អង្គ​បាន​ឈ្នះ​សេចក្តី​អាក្រក់ និង​សេចក្តី​ស្លាប់ ដើម្បី​ឲ្យ​យើង​អាច​រស់​នៅ​ដោយ​ចិត្ត​ក្លាហាន និង​សេរីភាព។ ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​បាន​ផ្លាស់​ប្តូរ​អ្វី​ៗ​គ្រប់​យ៉ាង។—Winn Collier

តើ​ការ​យល់​ដឹង​អំពី​ក្តី​សង្ឃឹម​ដ៏​មាន​តម្លៃ នៃ​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ព្រះយេស៊ូវ បាន​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ខ្លះ? តើ​ផ្នែក​ណា​ខ្លះ ក្នុង​ជីវិត​អ្នក​ត្រូវ​ការ​ការ​ស្តា​ឡើង​វិញ?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​យល់​ច្បាស់ អំពី​ការ​ផ្លាស់​ប្រែ​ដែល​កើត​ឡើង ក្នុង​ជីវិត​ទូល​បង្គំ ដោយសារ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ក្នុង​ពេល​សព្វ​ថ្ងៃ និង​ជា​រៀង​រហូត។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២សាំយ៉ូអែល ១-២ និង លូកា ១៤:១-២៤