តែងតែសក្ដិសមនឹងឲ្យយើងផ្សាយ

តែ​អរ​ព្រះគុណ​ដល់​ព្រះអង្គ ដែល​ទ្រង់​ចេះ​តែ​នាំ​យើង​ខ្ញុំ ឲ្យ​មាន​ជ័យជំនះ​ក្នុង​ព្រះគ្រីស្ទ ហើយ​ក៏​ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​យើង​ខ្ញុំ​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទួទៅ​គ្រប់​កន្លែង​ផង។ ២កូរិនថូស ២:១៤

បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ​ហើយ ខ្ញុំ​បាន​ផ្សាយ​ដំណឹងល្អ​ដល់​ម្តាយ​របស់​ខ្ញុំ។ ខ្ញុំ​បាន​រំពឹង​ថា គាត់​នឹង​សម្រេច​ចិត្ត​ទទួល​ជឿ​ព្រះ​យេស៊ូវ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​ឈប់​និយាយ​រក​ខ្ញុំ អស់​១​ឆ្នាំ។ គាត់​ធ្លាប់​ឃើញ​ទីបន្ទាល់​អាក្រក់​របស់​អ្នក​ដែល​បាន​តាំង​ខ្លួន​ជា​អ្នក​ជឿ​ព្រះយេស៊ូវ ដូច​នេះ គាត់​មិន​ទុក​ចិត្ត​អ្នក​ជឿ​ព្រះ​យេស៊ូវ​ឡើយ។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ឲ្យ​គាត់ ហើយ​ក៏​បាន​ព្យាយាម​ទាក់​ទង​ទៅ​គាត់​រៀង​រាល់​សប្តាហ៍។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​កម្សាន្ត​ចិត្ត​ខ្ញុំ ហើយ​បាន​បន្ត​ធ្វើការ​ក្នុង​ចិត្ត​ខ្ញុំ ខណៈ​ពេល​ដែល​ម្តាយ​របស់​ខ្ញុំ​នៅ​តែ​បន្ត​មាន​ភាព​ស្ងាត់​ស្ងៀម ចំពោះ​ខ្ញុំ។ ទី​បំផុត នៅ​ពេល​ដែល​គាត់​ព្រម​លើក​ទូរស័ព្ទ ពេល​ខ្ញុំ​ទូរស័ព្ទ​ទៅ​រក​គាត់ ខ្ញុំ​ក៏​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ស្រឡាញ់​គាត់ ហើយ​ចែកចាយ​អំពី​សេចក្តី​ពិត​របស់​ព្រះ ដល់​គាត់ ពេល​ណា​ខ្ញុំ​មាន​ឱកាស។ បន្ទាប់​ពី​យើង​បាន​ផ្សះផ្សា​គ្នា​ឡើង​វិញ​បាន​ប៉ុន្មាន​ខែ គាត់​និយាយ​ថា ខ្ញុំ​មាន​ការ​ផ្លាស់​ប្តូរ។ ជិត​១​ឆ្នាំ​ក្រោយ​មក គាត់​ក៏​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ជា​ព្រះ​អង្គ​សង្គ្រោះ ហើយ​ជា​លទ្ធផល ទំនាក់​ទំនង​របស់​យើង​ក៏​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល។

អ្នក​ជឿ​ព្រះយេស៊ូវ មាន​ឱកាស​ចូល​ទៅ​រក​ព្រះ​គ្រីស្ទ ដែល​ជា​អំណោយ​ដ៏​អស្ចារ្យ​បំផុត ដែល​ព្រះ​បាន​ប្រទាន​មក​មនុស្ស​ជាតិ។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា យើង​ត្រូវ​តែ “ផ្សាយ​ក្លិន​ពី​ដំណើរ​ដែល​យើង​ខ្ញុំ​ស្គាល់​ព្រះ ឲ្យ​បាន​សុស​សាយ​ទួទៅ​គ្រប់​កន្លែង​ផង”(២កូរិនថូស ២:១៤)។ ត្រង់​ចំណុច​នេះ គាត់​និយាយ​ថា អ្នក​ផ្សាយ​ដំណឹង​ល្អ គឺ​ជា “ក្លិន​ដ៏​ក្រអូប​នៃ​ព្រះគ្រីស្ទ” ទៅ​ដល់​អ្នក​ដែល​ទទួល​ជឿ តែ​ជា​ក្លិន​នៃ​សេចក្តី​ស្លាប់ ដល់​អ្នក​ដែល​បដិសេធន៍​មិន​ព្រម​ទទួល​ជឿ​ព្រះ​អង្គ(ខ.១៥-១៦)។

បន្ទាប់​ពី​យើង​បាន​ទទួល​ជឿ​ព្រះ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង​ហើយ យើង​មាន​ឯក​សិទ្ធិ ក្នុង​ការ​ប្រើ​ប្រាស់​ពេល​វេលា ដែល​នៅ​សល់ នៅ​លើ​ផែនដី ដើម្បី​ផ្សព្វផ្សាយ​អំពី​សេចក្តី​ពិត​របស់​ព្រះ​អង្គ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ដើម្បី​បង្ហាញ​ក្តី​ស្រឡាញ់​ដល់​អ្នក​ដទៃ។ សូម្បី​តែ​ក្នុង​ពេល​ដែល​ពិបាក​បំផុត និង​ឯកោ​បំផុត យើង​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ប្រទាន​អ្វី​ដែល​យើង​ត្រូវការ។ ទោះ​យើង​ត្រូវ​មាន​ការ​លះ​បង់​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ដំណឹង​ល្អ​របស់​ព្រះ​​អង្គ នៅ​តែ​សក្ដិសម​នឹង​ឲ្យ​យើង​ផ្សាយ​ដល់​អ្នក​ដទៃ។—Xochitl Dixon

តើ​ព្រះ​ទ្រង់​បាន​លើក​ទឹក​ចិត្ត​អ្នក​យ៉ាង​ណា​ខ្លះ មិន​ឲ្យ​បោះបង់​ការ​តស៊ូ បន្ទាប់​ពី​គេ​បញ្ចេញ​ប្រតិកម្ម​អវិជ្ជមាន ពេល​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដល់​គេ?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ នៅ​កន្លែង​ណា​ដែល​ព្រះអង្គ​បាន​ចាត់​ទូល​បង្គំ​ទៅ!

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១៣-១៤ និង យ៉ូហាន ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles