អំណោយទាននៃការប្រែចិត្ត

មិន​ត្រូវ​ឲ្យ​ហែក​អាវ​ខ្លួន​ទេ គឺ​ត្រូវ​ហែក​ចិត្ត​វិញ ហើយ​វិល​មក​ឯ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ ដ្បិត​ទ្រង់​ប្រកប​ដោយ​ព្រះគុណ​នឹង​សេចក្តី​មេត្តាករុណា។ យ៉ូអែល ២:១៣

កូន​ប្រុស​វ័យ​ជំទង់​របស់​អ្នក​ស្រី​ចេន(Jane) បាន​បដិសេធន៍​ថា ខ្លួន​មិន​បាន​ធ្វើ​ខុស​ទេ។ អ្នក​ស្រី​ចេន​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​ឮ​កូន​ប្រុស​គាត់​បដិសេធន៍​ដូច​នេះ ព្រោះ​គាត់​ដឹង​ថា កូន​ប្រុស​គាត់​​និយាយ​កុហក។ គាត់​ក៏​បាន​អធិស្ឋាន​ភ្លាម​ៗ​ក្នុង​ចិត្ត សូម​ព្រះ​ទ្រង់​ជួយ​គាត់ មុន​ពេល​គាត់​សួរ​សាយ​មុន(Simon) ម្តង​ទៀត​ថា មាន​រឿង​អ្វី​កើត​ឡើង។ សាយមុន​នៅ​តែ​បដិសេធន៍​ថា ខ្លួន​មិន​និយាយ​កុហក​ទេ ហើយ​ទី​បំផុត គាត់​ក៏​បាន​ធ្វើ​កាយ​វិការ បង្ហាញ​ការ​ធុញ​ទ្រាន់។​ គាត់​ក៏​បាន​ប្រាប់​ថា គាត់​ចង់​ទៅ​ក្រៅ​បន្តិច។ ពេល​គាត់​ចាប់​ផ្តើម​ដើរ​ចេញ កូន​ប្រុស​គាត់​ក៏​បាន​សុំ​ទោស​គាត់។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើ​ការ​ក្នុង​ចិត្ត​កូន​ប្រុស​គាត់ ដោយ​នាំ​ឲ្យ​មាន​​ការ​ប្រែ​ចិត្ត។

ក្នុង​កណ្ឌ​គម្ពីរ​យ៉ូអែល ដែល​ជា​កណ្ឌ​គម្ពីរ​សញ្ញាចាស់ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​រាស្រ្ត​ព្រះ​អង្គ ឲ្យ​ប្រែ​ចិត្ត ចេញ​ពី​អំពើ​បាប ពេល​ដែល​ព្រះអង្គ​ស្វាគមន៍​ពួក​គេ ឲ្យ​វិល​ត្រឡប់​មក​រក​ព្រះ​អង្គ​វិញ អស់​ពី​ចិត្ត(២:១២)។ ព្រះអង្គ​មិន​បាន​ឲ្យ​ពួក​គេ​បង្ហាញ​ការ​សោក​ស្តាយ តែ​សម្បក​ក្រៅ​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​ឲ្យ​ពួក​គេ​បន្ទន់​ចិត្ត​ដ៏​រឹង​រូស​របស់​ខ្លួន។ ហេតុនេះ​ហើយ​ព្រះ​អង្គ​បាន​ប្រាប់​ពួក​គេ​ឲ្យ “ហែក​ចិត្ត មិន​មែន​ហែក​អាវ”។ ហោរា​យ៉ូអែល​ក៏​បាន​រំឭក​ពួក​អ៊ីស្រាអែល​ថា ព្រះ “​ទ្រង់​ប្រកប​ដោយ​ព្រះគុណ​នឹង​សេចក្តី​មេត្តាករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​ក៏​មាន​សេចក្តី​សប្បុរស​ជា​បរិបូរ”(ខ.១៣)។

យើង​ប្រហែល​ជា​ពិបាក​សារភាព​កំហុស​របស់​យើង ព្រោះ​អំនួត​របស់​យើង ធ្វើ​ឲ្យ​យើង​មិន​ចង់​ទទួល​ស្គាល់​អំពើ​បាប​របស់​យើង។ យើង​ប្រហែល​បន្លំ​សេចក្តី​ពិត ហើយ​ចង់​ការពារ​ទង្វើ​របស់​យើង ដោយ​និយាយ​ថា វា​គ្រាន់​តែ​ជា​ការ​កុហក ដែល​យើង​បាន​ធ្វើ​ឡើង ដោយ​បំណង​ល្អ​ទេ។ តែ​ពេល​ណា​យើង​ប្រែចិត្ត តាម​ការ​បណ្តាល​ចិត្ត​ដ៏​សុភាព​របស់​ព្រះអង្គ ព្រះ​អង្គ​នឹង​អត់​ទោស​ឲ្យ​យើង ហើយ​លាង​សម្អាត​អំពើ​បាប​របស់​យើង(១យ៉ូហាន ១:៩)។ យើង​អាច​រួចពី​ទោស​កំហុស និង​ការ​អាម៉ាស់ ដោយ​ដឹង​ថា ព្រះអង្គ​បាន​អត់​ទោស​ឲ្យ​យើង​ហើយ។—Amy Boucher Pye

តើ​អ្នក​មាន​អារម្មណ៍​ដូច​ម្តេច ពេល​ដែល​អ្នក​បាន​និយាយ​កុហក ដោយ​បំណង​ល្អ? តើ​ការ​ដឹង​ថា ខ្លួន​បាន​ធ្វើ​ខុស បាន​នាំ​ឲ្យ​អ្នក​មាន​ការ​ប្រែ​ចិត្ត​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ ព្រះ​អង្គ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​ទូល​បង្គំ​អាច​រស់​នៅ ដោយ​សុខដុម​ជា​មួយ​ព្រះអង្គ និង​ព្រះ​វរបិតា។ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ទទួល​អំណោយ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដោយ​និយាយ​ការ​ពិត។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ១៩-២១ និង យ៉ូហាន ៤:១-៣០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles