ការតយុទ្ធដ៏សាហាវ

ដ្បិត​យើង​រាល់​គ្នា​មិន​មែន​តយុទ្ធ​នឹង​សាច់​ឈាម​ទេ គឺ និង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ។ អេភេសូរ ៦:១២

កាល​ពី​ឆ្នាំ ១៨៩៦ អ្នក​រុក​រក​ម្នាក់ ឈ្មោះ ខាល អេកលី(Carl Akely) បាន​ទៅ​ដល់​តំបន់​ដាច់​ស្រយ៉ាល​មួយ នៅ​ប្រទេស​អេធីយ៉ូពី ហើយ​ក៏​ត្រូវ​សត្វ​ខ្លារខិន​តាម​ប្រមាញ់។ គាត់​ចាំ​ថា សត្វ​ខ្លារខិន​បាន​សង្រ្គប់​ពី​លើ​គាត់ ដោយ​ព្យាយាម​ខាំ​ក​គាត់ នឹង​ចង្កូម​របស់​វា។ វា​បាន​ខាំ​ខុស​ក​គាត់ ដោយសារ​គាត់​យក​ដៃស្តាំ​របស់​គាត់​ទៅ​ទល់​មាត់​ដ៏​កាច​សាហាវ​របស់​វា។ គាត់​ក៏​បាន​ប្រមៀល​ខ្លួន​ជា​មួយ​វា នៅ​លើ​ដី​ខ្សាច់ ដោយ​ការ​តស៊ូ​ដ៏​ស្វិតស្វាញ អស់​ពេល​យ៉ាង​យូរ។ លោក​អេកលី​បាន​ខ្សោយ​កម្លាំង ហើយ​គាត់​ឆ្ងល់​ថា តើ​នរណា​នឹង​បោះបង់​ការ​តស៊ូ​មុន​គេ។ គាត់​ក៏​បាន​ប្រមូល​កម្លាំង​ចុង​ក្រោយ​របស់​គាត់ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​វា​ថប់​ដង្ហើម​ស្លាប់ ដោយ​ដៃ​គាត់​ផ្ទាល់។

សាវ័ក​ប៉ុល​បាន​ពន្យល់​ថា យើង​ម្នាក់​ៗ​ដែល​ជឿ​ព្រះយេស៊ូវ នឹង​ជួប​ការ​លំបាក ដោយ​ជៀស​មិន​រួច នៅ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា ពិបាក​ពេក ហើយ​ចង់​ចុះ​ចាញ់។ ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​តែ “ឈរ​មាំមួន ទាស់​នឹង​ឧបាយកល​ទាំង​អម្បាលម៉ាន​របស់​អារក្ស”(អេភេសូរ ៦:១១,១៤)។ ជា​ជាង រាថយ ដោយ​ការ​ភ័យ​ខ្លាច ឬ​ចុះ​ចាញ់ ពេល​ដែល​យើង​ទទួល​ស្គាល់​ភាព​កម្សោយ និង​ភាព​ងាយ​រង​គ្រោះ​របស់​យើង សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​បោះ​ជំហាន​ទៅ​មុខ ដោយ​ជំនឿ ដោយ​ចាំ​ថា យើង​មិន​ពឹង​ផ្អែក​លើ​ភាព​ក្លាហាន ឬ​កម្លាំង​ខ្លួន​ឯង​នោះ​ទេ តែ​ពឹង​ផ្អែក​លើ​ព្រះ​វិញ។ គឺ​ដូច​ដែល​គាត់​បាន​សរសេរ​ថា “ចូរ​ឲ្យ​មាន​កំឡាំង​ឡើង​ក្នុង​ព្រះអម្ចាស់ ដោយ​ឫទ្ធិបារមី​របស់​ព្រះចេស្តា​ទ្រង់”(ខ.១០)។ នៅ​ចំពោះ​មុខ​បញ្ហា​ប្រឈម យើង​អាច​អធិស្ឋាន​ទៅ​កាន់​ព្រះ​អង្គ​គ្រប់​ពេល​(ខ.១៨)។

ជា​ការ​ពិត​ណាស់ យើង​មាន​ទុក្ខ​លំបាក​ជា​ច្រើន ហើយ​យើង​នឹង​មិន​អាច​គេច​ចេញ ដោយ​កម្លាំង និង​ប្រាជ្ញា​របស់​យើង​បាន​ឡើយ។ តែ​ព្រះ​ទ្រង់​មាន​អំណាច​ចេស្តា លើស​ខ្មាំង​សត្រូវ ឬ​អារក្ស បាន​ជា​ទ្រង់​អាច​ជួយ​ចម្លង​យើង កាត់​បញ្ហា​ទាំង​អស់​បាន។—Winn Collier

តើ​អ្នក​កំពុង​ជួប​ប្រទះ​ទុក្ខ​លំបាក​អ្វី​ខ្លះ នៅ​ពេល​នេះ? តើ​ព្រះ​ទ្រង់​កំពុង​ត្រាស់​ហៅ​អ្នក ឲ្យ​ឈរ​យ៉ាង​មាំមួន ដោយ​ពឹង​អាង​កម្លាំង និង​ប្រាជ្ញា​របស់​ព្រះ​អង្គ​យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ក្នុង​ការ​តយុទ្ធ​នឹង​សង្គ្រាម​ខាង​វិញ្ញាណ។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ទុក​ចិត្ត​ព្រះ​អង្គ ហើយ​ទុក​ចិត្ត​ថា អំណាច​ចេស្ដា​ព្រះ​អង្គ​នៅ​ជា​មួយ​ទូល​បង្គំ​ជា​និច្ច។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២ពង្សាវតាក្សត្រ ២៤-២៥ និង យ៉ូហាន ៥:១-២៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles