ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញ ហើយ​ឲ្យ​រលក​ស្ងប់ស្ងៀម​ដែរ។ ទំនុកដំកើង ១០៧:២៩

កាល​ពី​រដូវ​ផ្ការីក ឆ្នាំ២០២១ អ្នក​ដេញ​តាម​ខ្យល់​ព្យុះ​បួន​ប្រាំ​នាក់ បាន​ថត​វីដេអូ និង​ថត​បាន​រូប​ឥន្ទធនូ នៅ​ក្បែរ​ខ្យល់​កួច​យក្ស​ថូនេដូ នៅ​រដ្ឋ​តិចសាស់។ ក្នុង​វីដេអូ​មួយ​នោះ គេ​ឃើញ​មាន​ដើម​ស្រូវ​សាឡី​ជា​ច្រើន​គំនរ ត្រូវ​កម្លាំង​ខ្យល់​គួច​ឡើង​ទៅ​លើ បង្កើត​ជា​រូប​រាង​វែង​ៗ។ ឥន្ទធនូ​ក៏​បាន​បង្ហាញ​ខ្លួន​កាត់​តាម​ផ្ទៃ​មេឃ​ពណ៌​ខ្មៅ ហើយ​ចំកោង​ខ្លួន ទៅ​រក​ខ្យល់​កួច​យក្ស​នោះ។ ក្នុង​វីដេអូ​មួយ​ទៀត គេ​ឃើញ​មនុស្ស​ឈរ​មើល​ហេតុការណ៍​នេះ នៅ​តាម​ចិញ្ចើម​ផ្លូវ ហើយ​គយ​គន់​ឥន្ទធនូ​ជា​និមិត្ត​រូប​នៃ​សេចក្តី​សង្ឃឹម នៅ​ក្បែរ​ខ្យល់​កួច​ដ៏​កាច​សាហាវ។

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០៧ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ក្តីសង្ឃឹម ដោយ​ងាក​ទៅ​រក​ព្រះ ក្នុង​ពេល​ដ៏​ពិបាក។ គាត់​បាន​ពិពណ៌នា អំពី​អ្នក​ខ្លះ ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ប្រៀប​ដូច​ជា​ខ្យល់​ព្យុះ  ដោយ​ឥត​មាន​យោបល់ (ខ.២៧)។ បន្ទាប់​មក “គេ​អំពាវនាវ​ដល់​ព្រះយេហូវ៉ា ដោយ​សេចក្តី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្តី​លំបាក​នោះ”(ខ.២៨)។

ព្រះ​ទ្រង់​ជ្រាប​ថា ជួន​កាល កូន​ៗ​របស់​ព្រះ​អង្គ​ពិបាក​នឹង​រក​ឃើញ​ក្តី​សង្ឃឹម ពេល​ដែល​ជីវិត​របស់​ពួក​គេ​ហាក់​ដូចជា​កំពុង​ជួប​ខ្យល់​ព្យុះ។  ស្ថិត​ក្នុង​ពេល​បែប​នេះ យើង​ចាំ​បាច់​ត្រូវ​នឹក​ចាំ អំពី​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ ជា​ពិសេស នៅ​ពេល​ដែល​យើង​ឃើញ​ភាព​ងងឹត និង​ការ​ភ័ន្ត​ភាំង​។

ខ្យល់​ព្យុះ​បាន​មក​ដល់​ជីវិត​យើង ប្រៀប​ដូច​ជា​ឧបសគ្គ ក្នុង​លក្ខណៈ​ជា​ភាព​ជ្រួល​ច្របល់​ក្នុង​ផ្លូវ​អារម្មណ៍ ឬ​ក្នុង​លក្ខណៈ​ជា​ភាព​តាន​តឹង​ក្នុង​ផ្លូវ​ចិត្ត តែ​ព្រះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់ ដោយ​មាន​បន្ទូល​តែ​មួយ​ព្រះ​ឱស ហើយ​ដឹក​នាំ​យើង ទៅ​រក​កន្លែង​ជ្រក​កោន(ខ.២៩-៣០)។ យើង​ប្រហែល​មិន​មាន​ភាព​ធូរ​ស្រាល តាម​របៀប ឬ​ពេល​វេលា​ដែល​យើង​ចង់​បាន​នោះ​ទេ តែ​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ធ្វើ​តាម​ព្រះ​បន្ទូល​សន្យា​ព្រះ​អង្គ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ។ សេចក្តី​សង្ឃឹម​ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះ​អង្គ​ប្រទាន នឹង​នាំ​យើង​ឆ្លង​ផុត​ខ្យល់​ព្យុះ​គ្រប់​យ៉ាង។—Xochitl Dixon

តើ​នៅ​ពេល​ណា អ្នក​ពិបាក​នឹង​ស្វែង​រក​ក្តី​សង្ឃឹម ក្នុង​អំឡុង​ពេល​ដែល​មាន​ខ្យល់​ព្យុះ​ក្នុង​ជីវិត​អ្នក? តើ​ព្រះ​ទ្រង់​បាន​មាន​បន្ទូល​សន្យា​អ្វី​ខ្លះ ក្នុង​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​អ្នក​មាន​ក្តី​សង្ឃឹម?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​បាន​ប្រទាន​ក្តី​សង្ឃឹម ទោះ​មាន​រឿង​អ្វី​កើត​ឡើង​ក្នុង​ជីវិត​ទូល​បង្គំ​ក៏​ដោយ។

គម្រោងអានព្រះគម្ពីររយៈពេល : ១ឆ្នាំ២របាក្សត្រ ១៣-១៤ និង យ៉ូហាន ១២:១-២៦