ដំណឹងពីឈើឆ្កាង

ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួត ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ។ ១កូរិនថូស ១:១៨

លោក​ហ្សាំង(Zhang) បាន​និយាយ​ថា គាត់​បាន​ចម្រើន​វ័យ​ធំ​ឡើង ដោយ​គ្មាន​ព្រះ គ្មាន​សាសនា គ្មាន​ជំនឿ​អ្វី​ទាំង​អស់។ កាល​ពី​ឆ្នាំ ១៩៨៩ គាត់​បាន​ខិតខំ​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព សម្រាប់​ប្រជាជន​គាត់ ដោយ​ជួយ​ដឹកនាំ​ពួក​និស្សិត​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា។ តែ​បាតុកម្ម​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​បង្ក្រាប​យ៉ាង​សាហាវ​ព្រៃផ្សៃ ហើយ​មនុស្ស​រាប់​រយ​នាក់​បាន​បាត់​បង់​ជីវិត​យ៉ាង​សោកសៅ។ ដោយសារ​គាត់​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ គាត់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​​មនុស្ស ដែល​រដ្ឋាភិបាល​ចង់​ចាប់​ខ្លួន​ខ្លាំង​បំផុត។ បន្ទាប់​ពី​គាត់​បាន​ជាប់​គុក​មួយ​រយៈ​ពេល​ខ្លី​មក គាត់​ក៏​បាន​រត់​គេច​ខ្លួន ទៅ​ភូមិ​ដាច់​ស្រយាល​មួយ ដែល​នៅ​ទីនោះ គាត់​ក៏​បាន​ជួប​កសិករ​ចាស់​ទុំ​ម្នាក់ ដែល​បាន​នាំ​គាត់​ឲ្យ​ស្គាល់​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ។ កសិករ​នោះ​មាន​តែ​កណ្ឌគម្ពីរ​យ៉ូហាន ដែល​គេ​បាន​កត់​ចម្លង​បាន​មួយ​ក្បាល តែ​ខ្លួន​មិន​ចេះ​អាន​អក្សរ ដូច​នេះ ក៏​បានពឹង​​​លោក​ហ្សាំង​អាន​ឲ្យ​ស្តាប់។ ពេល​ដែល​លោក​ហ្សាំង​អាន កសិករ​នោះ​ក៏​បាន​ពន្យល់​ប្រាប់​គាត់ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក លោក​ហ្សាំង​ក៏​បាន​ក្លាយ​ជា​អ្នក​ជឿ​ព្រះយេស៊ូវ។

តាម​រយៈ​រឿង​គ្រប់​យ៉ាង ដែល​លោក​ហ្សាំង​បាន​ឆ្លង​កាត់ គាត់​បាន​មើល​ឃើញ​ថា ព្រះ​កំពុង​ដឹកនាំ​គាត់​ទៅ​រក​ឈើ​ឆ្កាង ដោយ​អំណាច​ចេស្តា​ទ្រង់ ហើយ​គាត់​ក៏​បាន​យល់​សេចក្តី​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស​ថា “ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួត ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ”(១:១៨)។ ការ​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ជា​រឿង​ឆ្កួត​ឡប់ ឬ​ភាព​ទន់ខ្សោយ បាន​ក្លាយ​ជា​កម្លាំង​របស់​លោក​ហ្សាំង។ ក្នុង​ចំណោម​យើង ក៏​មាន​អ្នក​ខ្លះ ដែល​ធ្លាប់​គិត​ដូច​នេះ​ផង​ដែរ មុន​ពេល​ខ្លួន​ទទួល​ជឿ​ព្រះ​គ្រីស្ទ។ ប៉ុន្តែ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ យើង​អាច​ពិសោធន៍​នឹង​អំណាច​ចេស្តា និង​ប្រាជ្ញា​របស់​ព្រះ ចូល​ក្នុង​ជីវិត​យើង ហើយ​នាំ​យើង​ទៅ​រក​ព្រះគ្រីស្ទ។ សព្វ​ថ្ងៃ​នេះ លោក​ហ្សាំង​បាន​បម្រើ​ការ​ជា​គ្រូ​គង្វាល ដោយ​ផ្សព្វ​ផ្សាយ​សេចក្តី​ពិត​នៃ​ឈើ​ឆ្កាង ឲ្យ​តែ​មាន​ឱកាស។

ព្រះ​យេស៊ូវ​មាន​អំណាច​កែ​ប្រែ​ចិត្ត​ដែល​រឹង​បំផុត។ តើ​មាន​នរណា​ខ្លះ ត្រូវ​ការ​ព្រះ​អង្គ​ប៉ះ​ពាល់​ចិត្ត ដោយ​អំណាច​ចេស្តា​ទ្រង់ នៅ​ថ្ងៃ​នេះ?—Alyson Kieda

មុន​ពេល​អ្នក​ទទួល​ជឿ​ព្រះ​គ្រីស្ទ ជា​ព្រះ​អង្គ​សង្គ្រោះ តើ​អ្នក​មាន​ការ​យល់​ឃើញ​យ៉ាង​ណា អំពី​ដំណឹង​ល្អ​នៃ​ឈើ​ឆ្កាង? តើ​មាន​នរណា​ខ្លះ ដែល​ត្រូវ​ការ​ដំណឹង​ល្អ​នៃ​ឈើ​ឆ្កាង?

ឱ​ព្រះ​យេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​ដឹក​នាំ​ទូល​បង្គំ​ឲ្យ​ចូល​មក​រក​ព្រះ​អង្គ តាម​រយៈ​ឈើ​ឆ្កាង។ បើ​គ្មាន​ព្រះ​អង្គ​ទេ ទូល​បង្គំ​នឹង​វង្វេង​ជា​រៀង​រហូត!

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ១-២ និង កិច្ចការ ៧:២២-៤៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles