អ្នកថា ព្រះអង្គជានរណា?

 

តើ​មនុស្ស​ទាំងឡាយ គេ​ថា​ខ្ញុំ​ជា​អ្នក​ណា? ម៉ាកុស ៨:២៧

តើ​មនុស្ស​ជឿ​ថា ព្រះយេស៊ូវ​ជា​នរណា? អ្នក​ខ្លះ​និយាយ​ថា ព្រះអង្គ​ជា​គ្រូ​បង្រៀន​ដ៏​ល្អ ខ្លះ​ទៀត​ថា ព្រះអង្គ​គ្រាន់​តែ​ជា​បុរស​ម្នាក់។ អ្នកនិពន្ធ​ឈ្មោះ ស៊ី អេស លូអ៊ីស(C. S. Lewis) បាន​សរសេរ​ថា “បើ​ព្រះយេស៊ូវ​មិន​មែន​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ទេ នោះ​គេ​មុខ​ជា​ចាត់​ទុក​ព្រះអង្គ​ជា មនុស្ស​ឆ្កួត ឬ​អាក្រក់​ជាង​នេះ​ទៀត។ អ្នក​អាច​ថា ព្រះអង្គ​ជា​មនុស្ស​ឡប់ អ្នក​អាច​ស្តោះ​ទឹក​មាត់​ដាក់ ហើយ​ធ្វើ​គុត​ព្រះអង្គ ដោយ​ចោទ​ថា ព្រះ​អង្គ​ជា​អារក្ស ឬ​អ្នក​អាច​ក្រាប​នៅ​ទៀប​ព្រះ​បាទ​ព្រះអង្គ ហើយ​ហៅ​ព្រះ​អង្គ​ថា ព្រះអម្ចាស់ និង​ព្រះ តែ​ចូរ​យើង​កុំ​បន្ទាប​ព្រះ​អង្គ ដោយ​មិន​សម​ហេតុ​សម​ផល​ថា ព្រះអង្គ​គ្រាន់​តែ​ជា​គ្រូ​បង្រៀន​ដ៏​អស្ចារ្យ​នោះ​ឡើយ”។ គាត់​ក៏​បាន​បក​ស្រាយ​ផង​ដែរ​ថា បើ​ការ​អះអាង​របស់​ព្រះយេស៊ូវ​ថា ព្រះ​អង្គ​ជា​ព្រះ ជា​ការ​អះ​អាង​ខុស នោះ​គេ​ក៏​មិន​អាច​ហៅ​ព្រះ​អង្គ​ថា ហោរា​ដ៏​អស្ចារ្យ​ឡើយ។ គេ​នឹង​ចោទ​ព្រះអង្គ​ថា បាន​ប្រមាថ​ព្រះ​ជា​មិន​ខាន។

ខណៈ​ពេល​ដែល​ព្រះអង្គ​កំពុង​ជជែក​ជា​មួយ​ពួក​សាវ័ក ក្នុង​ដំណើរ​ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ​ទៀត ព្រះយេស៊ូវ​ក៏​បាន​សួរ​ពួក​គេ​ថា “តើ​មនុស្ស​ទាំងឡាយ គេ​ថា​ខ្ញុំ​ជា​អ្នក​ណា?”(ម៉ាកុស ៨:២៧)។ ខ្លះ​ថា ព្រះ​អង្គ​ជា​លោក​យ៉ូហាន បាទីស្ទ ខ្លះ​ថា ព្រះអង្គ​ជា​ហោរា​អេលីយ៉ា និង​ពួក​ហោរា​ណា​មួយ​(ខ.២៨)។ តែ​ព្រះយេស៊ូវ​សព្វ​ព្រះទ័យ​ឲ្យ​ពួក​គេ​ឆ្លើយ​ដោយ​ផ្ទាល់​ខ្លួន ហើយ​ក៏​បាន​សួរ​ពួក​គេ​ថា “ចុះ​ឯ​អ្នក​រាល់​គ្នា តើ​ថា​ខ្ញុំ​ជា​អ្នក​ណា?” នោះ​ពេត្រុស​ឆ្លើយ​ឡើង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ”(ខ.២៩)។

ប៉ុន្តែ តើ​យើង នឹង​និយាយ​ថា ព្រះយេស៊ូវ​ជា​នរណា? បើ​ការ​ដែល​ព្រះ​យេស៊ូវ​អះ​អាង​ថា ព្រះ​អង្គ និង​ព្រះ​វរបិតា គឺ​ជា​ព្រះ​តែ​មួយ​(យ៉ូហាន ១០:៣០) មិន​មែន​ជា​ការ​ពិត នោះ​ព្រះ​អង្គ​ក៏​មិន​អាច​ធ្វើ​ជា​គ្រូ​បង្រៀន​ដ៏​ល្អ ឬ​ជា​ហោរា​បាន​ឡើយ។ ពួក​សិស្ស​របស់​ព្រះ​អង្គ និង​សូម្បី​តែ​ពួក​អារក្ស​បាន​ប្រកាស​ថា ព្រះអង្គ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​(ម៉ាថាយ ៨:២៩ ១៦:១៦ ១យ៉ូហាន ៥:២០)។ សព្វ​ថ្ងៃ​នេះ ចូរ​យើង​ផ្សាយ​ដំណឹង​ល្អ ឲ្យ​គេ​ស្គាល់ ព្រះ​គ្រីស្ទ​ជា​នរណា ខណៈ​ពេល​ដែល​ព្រះអង្គ​បំពេញ​តម្រូវ​ការ​របស់​យើង។—Alyson Kieda

តើ​អ្នក​ថា ព្រះ​យេស៊ូវ​ជា​នរណា? បើ​អ្នក​ជឿ​ថា ព្រះអង្គ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ តើ​អ្នក​អាច​ចែក​ចាយ​ដល់​អ្នក​ដទៃ​យ៉ាង​ដូចម្តេច ឲ្យ​គេ​ដឹង​ថា ព្រះអង្គ​ជា​នរណា?

ឱ​ព្រះ​យេស៊ូវ ទូលបង្គំ​សូម​អរ​ព្រះគុណ ព្រោះ​ព្រះអង្គ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត។ ទូល​បង្គំ​មាន​អំណរ​ណាស់ ដែល​បាន​តោង​ព្រះ​អង្គ​ជាប់។ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ ឲ្យ​ចែក​ចាយ​ដល់​អ្នក​ដទៃ នូវ​ដំណឹង​ល្អ ឲ្យ​គេ​ដឹង​ថា ព្រះអង្គ​ជា​នរណា។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧-៩ និង កិច្ចការ ១៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles