ភ្ញៀវដែលមិនបានអញ្ជើញ

 

តើ​អ្នក​ណា​នឹង​ស្គាល់​អំពើ​ខុសឆ្គង​របស់​ខ្លួន​បាន សូម​ជំរះ​ទូលបង្គំ​ឲ្យ​ជ្រះ​ស្អាត​ពី​អំពើ​លាក់​កំបាំង​ផង សូម​រាំងរា​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​រួច​ពី​បាប​ដែល​ធ្វើ​ដោយ​ល្មើស​ដែរ។ ទំនុកដំកើង ១៩:១២-១៣

លោក​ខាយ(Kyle) និង​អ្នក​ស្រី​អាលីសិន(Allison) បាន​ទៅ​ក្រេប​ទឹកឃ្មុំ​យ៉ាង​មាន​សុភមង្គល ក្នុង​ប្រទេស​ដទៃ។ ពេល​ពួក​គេ​វិល​ត្រឡប់​មក​ផ្ទះ​វិញ ពួក​គេ​បាន​សង្កេត​ឃើញ​ជើង​របស់​លោក​ខាយ មាន​កន្ទួល​រមាស់​ដ៏​ចម្លែក។ ប្តី​ប្រពន្ធ​មួយ​គូរ​នេះ ត្រូវ​គេ​ណែ​នាំ ឲ្យ​ជួប​ពេទ្យ​ជំនាញ​សើស្បែក។ គ្រូពេទ្យ​ក៏​បាន​ប្រាប់​ពួក​គេ​ថា មាន​បរាសិត​តូច​ៗ បាន​ចូល​ក្នុង​ជើង​លោក​ខាយ តាម​ពង​បែក​នៅ​លើ​ជើង​គាត់ ដែល​កើត​ឡើង ដោយសារ​ការ​ពាក់​ស្បែក​ជើង​ផ្ទាត់​ថ្មី​មួយ​គូរ។ ដំណើរ​កម្សាន្ត​ដែល​ពួក​គេ​បាន​ស្រមៃ ក៏​បាន​បញ្ចប់ ដោយ​ការ​តយុទ្ធ​ដ៏​ពិបាក ជា​មួយ​នឹង​បរាសិត ដែល​ជា “ភ្ញៀវ​ដែល​មិន​បាន​អញ្ជើញ”។

ស្តេច​ដាវីឌ​ជ្រាប​ថា បើ​ទ្រង់​មិន​ទូល​សូម​ព្រះ​ជួយ​ ក្នុង​ការ​តយុទ្ធ​នឹង​អំពើ​បាប​ទេ នោះ​ក្តី​ស្រមៃ​របស់​ទ្រង់ ដែល​ចង់​រស់​នៅ ក្នុង​ជីវិត​ដែល​គាប់​ព្រះ​ទ័យ​ព្រះ នឹង​ប្រែ​ក្លាយ​ជា​ការ​តយុទ្ធ​នឹង​អំពើ​បាប និង​ការ​បះបោរ ដែល​ជា​ភ្ញៀវ​​មិន​បាន​អញ្ជើញ។ បន្ទាប់​ពី​ស្តេច​ដាវីឌ​បាន​ប្រកាស អំពី​របៀប​ដែល​ព្រះ​ទ្រង់​បង្ហាញ​ព្រះ​អង្គ​ទ្រង់ ក្នុង​ពិភព​ធម្មជាតិ​(ទំនុកដំកើង ១៩:១-៦) និង​បង្ហាញ​ប្រាជ្ញា​ទ្រង់ ក្នុង​ការ​បង្រៀន​របស់​ទ្រង់​(ខ.៧-១០) ទ្រង់​ក៏​បាន​ទូល​សូម​ព្រះ​ការពារ​ទ្រង់ ឲ្យ​រួច​ផុត គឺ​ការ​មិន​ស្តាប់​បង្គាប់ ដោយ​មិន​ដឹង​ខ្លួន ដោយ​អំនួត និង​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ ទ្រង់​ក៏​បាន​សរសេរ​ថា “សូម​ជំរះ​ទូលបង្គំ​ឲ្យ​ជ្រះ​ស្អាត​ពី​អំពើ​លាក់​កំបាំង​ផង សូម​រាំងរា​ទូលបង្គំ ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​រួច​ពី​បាប​ដែល​ធ្វើ​ដោយ​ល្មើស​ដែរ”(ខ.១២-១៣)។ ទ្រង់​ទទួល​ស្គាល់​ថា ទ្រង់​មិន​អាច​ប្រើ​កម្លាំង​ទ្រង់​ជា​មនុស្ស ដើម្បី​ការពារ​ខ្លួន​ឯង​ឲ្យ​រួច​ពី​អំពើ​បាប ដែល​ជា​ជំងឺ​ឆ្លង​ខាង​វិញ្ញាណ​នោះ​ឡើយ។ ដូច​នេះ ទ្រង់​ក៏​បាន​ទូល​សូម​ជំនួយ​ពី​ព្រះ ដែល​ជា​ទង្វើ​ដ៏​មាន​ប្រាជ្ញា។

តើ​ធ្វើ​ដូច​ម្តេច កុំ​ឲ្យ​អំពើ​បាប​ឆក់​យក​ក្តី​ស្រមៃ​របស់​យើង ដែល​រស់​នៅ តាម​របៀប​​​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ? ចម្លើយ​នោះ​គឺ ៖ ចូរ​យើង​មើល​ទៅ​ព្រះ​អង្គ​ជា​និច្ច និង​សារភាព​បាប ហើយ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប ព្រម​ទាំង​ស្វែង​រក​ជំនួយ​ពី​ព្រះអង្គ ដើម្បី​កុំ​ឲ្យ​បរាសិត​ខាង​វិញ្ញាណ​ជ្រៀត​ចូល​ក្នុង​ជីវិត​យើង​ឡើយ។​—Marvin Williams

តើ​ទម្លាប់​នៃ​ការ​សារភាព​បាប និង​ប្រែ​ចិត្ត​ចេញពី​អំពើ​បាប មាន​តួនាទី​យ៉ាង​ណា​ក្នុង​ជីវិត​អ្នក? តើ​ការ​រស់​នៅ​ក្នុង​ជីវិត​ដែល​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ មាន​សារៈ​សំខាន់​យ៉ាង​ណា ចំពោះ​អ្នក?

ឱព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​មិន​ស្គាល់​ខ្លួន​ឯង​ច្បាស់ ហើយ​ខ្វះ​ការ​យល់​ដឹង អំពី​ការ​អ្វី​ដែល​ល្អ​ត្រឹម​ត្រូវ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ទុក​ចិត្ត​លើ​អំណាច​ព្រះ​អង្គ នៅ​ក្នុង​ការ​តយុទ្ធ​នឹង​អំពើ​បាប។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ២០-២២ និង កិច្ចការ ២១:១-១៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles