ព្រះអង្គត្រាស់ហៅឲ្យលូតលាស់

 

ដ្បិត​បើ​មាន​សេចក្តី​ទាំង​នោះ​ចំរើន​ឡើង ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ហើយ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ។ ២ពេត្រុស ១:៨

នៅ​ផ្កា​ថ្មបំពង់ ជា​សត្វ​ដែល​មាន​លក្ខណៈ​ចម្លែក​ខុស​គេ។ គេ​ប្រទះ​ឃើញ​ពួក​វា​តោង​ជាប់​នឹង​ថ្ម និង​សម្បក​សត្វ​សមុទ្រ ដោយ​មាន​រូបរាង្គ ដូច​បំពង់​ផ្លាស្ទីក​ទន់​ៗ ដែល​រេរាំ​ទៅ​តាម​ចរន្ត​ទឹក​រលក។ វា​រស់​នៅ​ដោយ​ជីវិត​ដែល​ចាំ​តែ​ទទួល​ចំណី ដោយ​ស្រូប​យក​ជីវជាតិ​ពី​ទឹក​សមុទ្រ គឺ​មាន​លក្ខណៈ​ខុស​គ្នា​យ៉ាង​ខ្លាំង​ពី​ជីវិត​ដ៏​សកម្ម កាល​ពួក​វា​ទើប​តែ​ពេញ​វ័យ។

ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ជីវិត​របស់​ផ្កា​ថ្ម​បំពង់ ពួក​វា​មាន​លក្ខណៈ​ដូច​កូន​ក្អុក ដោយ​មាន​ខួរ​ឆ្អឹង​ខ្នង និង​ខួរ​ក្បាល ដែល​ជួយ​ពួក​វា​ស្វែង​រក​អាហារ និង​ជៀស​ចេញ​ពី​គ្រោះ​ថ្នាក់។ ពេល​វា​មិន​ទាន់​ពេញ​វ័យ វា​ធ្វើ​ការ​ផ្លាស់​ទី ក្នុង​ទឹក​សមុទ្រ នៅ​ពេល​ថ្ងៃ ប៉ុន្តែ មាន​រឿង​មួយ​កើត​ឡើង ពេល​ពួក​វា​ពេញ​វ័យ។ វា​ក៏​បាន​តោង​ជាប់​ថ្ម ​ឈប់​ផ្លាស់​ទី និង​លូត​លាស់​ទៀត។ វា​ក៏​បាន​ចាប់​ផ្តើម​រំលាយ​ខួរ​ក្បាល​ខ្លួន​ឯង​ធ្វើ​ជា​ចំណី។

វា​លែង​មាន​ខួរ​ឆ្អឹង​ខ្នង ហើយ​ក៏​បាន​រស់​នៅ​ដូច​រុក្ខ​ជាតិ ដែល​រេរាំ​ចុះ​ឡើង​តាម​ចរន្ត​ទឹក​សមុទ្រ។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សាវ័ក​ពេត្រុស ដែល​បាន​លើក​ទឹក​ចិត្ត​យើង មិន​ឲ្យ​រស់​នៅ​បែប​នេះ​ឡើយ។ ការ​មាន​ភាព​ពេញ​វ័យ​ខាង​វិញ្ញាណ គឺ​មាន​ន័យ​ថា យើង​មាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ​(២ពេត្រុស ១:៤) ដូច​នេះ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​អ្នក និង​ខ្ញុំ​ឲ្យ​ចម្រើន​ឡើង ក្នុង​ព្រះ​គុណ ក្នុង​ការ​ស្គាល់​ព្រះ​គ្រីស្ទ(៣:១៨) និង​លូត​លាស់​ខាង​វិញ្ញាណ ឲ្យ​មាន​សេចក្តី​ឧស្សាហ៍ ការ​អត់ធ្មត់ និង​សេចក្ដីស្រឡាញ់(១:៥-៧) ហើយ​ស្វែង​រក​វិធី​បង្ហាញ​សេចក្តី​ស្រឡាញ់ ភាព​រួសរាយ និង​បម្រើ​អ្នក​ដទៃ តាម​អំណោយ​ទាន​របស់​យើង​(១ពេត្រុស ៤:៧-១១)។ លោក​ពេត្រុស​មាន​ប្រសាសន៍​ថា ការ​លូតលាស់​ដូច​នេះ នឹង​ការពារ​យើង មិន​ឲ្យ​រស់​នៅ ក្នុង​ជីវិត​ដែល​ទំនេរ មិន​បង្កើត​ផល​នោះ​ឡើយ(២ពេត្រុស ១:៨)។

ការ​ត្រាស់​ហៅ​ឲ្យ​លូត​លាស់​នេះ មាន​សារៈ​សំខាន់​ចំពោះ​មនុស្ស​ចាស់ អាយុ​៧០​ឆ្នាំ ក៏​ដូច​ជា​ចំពោះ​ក្មេង​ជំទង់​ផង​ដែរ។ លក្ខណៈ​របស់​ព្រះ​មាន​ទំហំ​ធំធេង​ដូច​មហា​សមុទ្រ ដែល​យើង​​ហែល​មិន​ទាន់​បាន​១​ម៉ែត្រ​ផង។ ចូរ​យើង​ស្វែង​យល់​អំពី​ចរិយា​សម្បត្តិ​ដ៏​ស្ថិត​ស្ថេរ ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ ដោយ​សិក្សា បម្រើ ប្រឈម​នឹង​គ្រោះ​ថ្នាក់ និងលូត​លាស់ ។—Sheridan Voysey

តើ​ព្រះ​ទ្រង់​កំពុង​ត្រាស់​ហៅ​អ្នក ឲ្យ​ចម្រើន​លូត​លាស់ ក្នុង​ចរិយា​សម្បត្តិ​មួយ​ណា? តើ​មាន​អំណោយ​ទាន​ខាង​វិញ្ញាណ​មួយ​ណា ដែល​អ្នក​ចង់​ឲ្យ​លូតលាស់? តើ​ព្រះ​ទ្រង់​កំពុង​ដឹក​នាំ​អ្នក ឲ្យ​ធ្វើ​កិច្ចការ​អ្វី​ខ្លះ ដើម្បី​បម្រើ​ព្រះ​អង្គ?

ឱ​ព្រះ​វរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​មាន​ចិត្ត​ដែល​ស្រេក​ឃ្លាន ចង់​លូត​លាស់ ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ​អង្គ ជា​រៀង​រាល់​ថ្ងៃ។

To learn more about growing spiritually in your walk with God, visit ODBU.org/SF104.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣៣-៣៤ និង កិច្ចការ ២៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles