ត្រចៀក​ណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស​នៃ​ជីវិត នោះ​នឹង​អាស្រ័យ​នៅជា​កណ្តាល​ពួក​អ្នកប្រាជ្ញ។ សុភាសិត ១៥:៣១

មាន​ពេល​មួយ ស៊ែ​លី(Shellie) បាន​និយាយ​អំពី​យុវតី​ម្នាក់ ដែល​ជា​សិស្សរបស់​គាត់​ យ៉ាងដូច​នេះ​ថា “គួរឲ្យ​ស្តាយ​ណាស់ ថ្មីៗនេះ យើង​មានការ​ជជែកគ្នា​ដ៏​ពិបាក។ ខ្ញុំ​យល់ថា យើង​ទាំងពីរ​សុទ្ធតែ​មិន​សប្បាយចិត្ត​ដូចគ្នា តែ​ខ្ញុំ​ពិតជា​យល់ឃើញ​ថា គាត់​ត្រូវ​កែប្រែ​អា​ក្បកិ​រិយា និង​ទង្វើ​ររបស់​គាត់ ដើម្បីកុំឲ្យ​មនុស្ស​នៅ​ជុំវិញ​គាត់ មានការ​ឈឺចាប់​”។ ទោះ​ពួក​គេ​មិន​មាន​អារម្មណ៍ល្អ​ក៏ដោយ ក៏​ការសន្ទនា​នោះ​មាន​លទ្ធផល​ល្អ ហើយ​បាន​ជួយ​ឲ្យ​ទំនាក់ទំនង​ពួក​គេ​កាន់តែ​រឹងមាំ។ ពីរ​សប្តាហ៍​ក្រោយមក អ្នក​ទាំងពីរ​ក៏បាន​ដឹកនាំ​កម្មវិធី​អធិស្ឋាន​របស់​ព្រះវិហារ ក្រោម​ប្រធានបទ​ការ​បន្ទាបខ្លួន។

សូម្បីតែ​នៅ​ក្រៅ​ទំនាក់ទំនង​សិស្ស​និង​គ្រូ ក៏​យើង​អាច​មានការ​ជជែកគ្នា​ដ៏​ពិបាក ជាមួយ​បងប្អូន​ក្នុង​ព្រះគ្រីស្ទ។ កណ្ឌ​គម្ពីរ​សុភាសិត​ដែល​ជា​កណ្ឌ​គម្ពីរ​នៃ​ប្រាជ្ញា បាន​ចែង​ម្តង​ហើយ​ម្តង​ទៀត អំពី​សារៈសំខាន់​នៃ​ការ​បន្ទាបខ្លួន ក្នុង​ការ​កែ​តម្រង់ ឬទទួលការ​កែ​តម្រង់។ តាមពិត ការរិះគន់​ដើម្បី​ស្ថាបនា មានប្រយោជន៍​ដល់​ជីវិត​ណាស់ ហើយក៏​នាំទៅរក​ប្រាជ្ញា​ពិតប្រាកដ(សុភាសិត ១៥:៣១)។ បទ​គម្ពីរ​សុភាសិត ១៥:៥ បាន​ចែងថា “មនុស្ស​ល្ងីល្ងើ​តែងតែ​ស្អប់​សេចក្តី​ប្រៀនប្រដៅ​របស់​ឪពុក តែ​អ្នកណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស នោះ​នឹង​បាន​គំនិតវាងវៃ​វិញ”។ និយាយ​ឲ្យ​ខ្លី មនុស្ស​ដែល​ស្អប់​ការ​កែ​តម្រង់ នឹង​ត្រូវ​ស្លាប់(ខ.១០)។ គឺ​ដូចដែល​ស៊ែ​លី​បាន​ជួប​ផ្ទាល់ ការ​និយាយ​ចេញ​នូវ​សេចក្តី​ពិត ដោយ​ក្តី​ស្រឡាញ់ អាច​ជួយ​ទំនាក់ទំនង​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង។

តើ​អ្នក​គួរតែ​និយាយ​ពាក្យ​នៃ​ក្តី​ស្រឡាញ់ និង​ការ​កែ​តម្រង់ ទៅកាន់​នរណា​ខ្លះ ក្នុង​ជីវិត​អ្នក? ពុំ​នោះ​ទេ ថ្មីៗនេះ អ្នក​ប្រហែលជា បាន​ទទួលការ​ដាស់តឿន​ប្រកបដោយ​ប្រាជ្ញា តែ​​មានចិត្តចង់​ឆ្លើយតប ដោយ​កំហឹង ឬការ​មិន​ពេញចិត្ត។ អ្នកណា​ដែល​មិនព្រម​ទទួល​សេចក្តី​ប្រៀនប្រដៅ​នោះ​ ឈ្មោះថា​ស្អប់ខ្ពើម​ដល់​ព្រលឹង​ខ្លួន តែ​អ្នកណា​ដែល​ស្តាប់​តាម​សេចក្តី​បន្ទោស នោះ​បាន​យោបល់​វិញ(ខ.៣២)។ ចូរ​យើង​ទូល​សូម​ព្រះ​ជួយ​យើង ឲ្យ​កែ​តម្រង់​អ្នកដទៃ ឬទទួលការ​កែ​តម្រង់ ដោយ​ការ​បន្ទាបខ្លួន​នៅ​ថ្ងៃនេះ។—Karen Pimpo

តើ​អ្នកឆ្លើយតប​យ៉ាងណា ចំពោះ​ការ​ឆ្លើយតប ដើម្បី​ស្ថាបនា? តើ​អ្នកមាន​ការ​បន្ទាបខ្លួន​យ៉ាងណា ដើម្បី​ទទួលការ​កែ​តម្រង់?

ឱព្រះអម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ប្រាជ្ញា។ សូម​ព្រះអង្គ​ប្រទាន​ចិត្ត​ដែល​ចេះ​បន្ទាបខ្លួន ទទួលការ​កែ​តម្រង់​ដែល​មានប្រយោជន៍​សម្រាប់​ជីវិត។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៦០-៦២ និង រ៉ូម ៥