ព្រមទាំង​មានចិត្ត​សុភាព ហើយ​ស្លូតបូត​គ្រប់ជំពូក​ទាំង​អត់ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅវិញទៅមក ដោយ​ស្រឡាញ់។ អេភេសូរ ៤:២

បន្ទាប់ពី​ខ្ញុំ​បាន​រៀបការ​ជាមួយ​មើ​រីន(Merryn) បាន​២២​ឆ្នាំ ជួនកាល ខ្ញុំ​ឆ្ងល់​ថា តើ​ជីវិត​អពាហ៍​ពិពាហ៍​របស់​យើង អាច​ដំណើរការ​ទៅ​បាន ដោយ​របៀបណា? ខ្ញុំ​ជា​អ្នកនិពន្ធ មើ​រីន​ជា​អ្នកធ្វើ​ស្ថិតិ។ ខ្ញុំ​ធ្វើការ​ជាមួយ​អក្សរ នាង​ធ្វើការ​ជាមួយ​លេខ។ ខ្ញុំ​ចង់បាន​ភាព​ស្រស់​ស្អាត នាង​ចង់​បាន​ដំណើរការ។ ដូចនេះ យើង​ហាក់ដូចជា​មក​ពី​ពិភព​ពីរ​ផ្សេងគ្នា​អញ្ចឹង។

ពេល​មាន​ការ​ណាត់ជួប មើ​លី​នតែងតែ​ទៅ​ដល់​មុន​ម៉ោង តែ​ជួន​កាល ​ខ្ញុំ​មាន​ភាព​យឺត​យ៉ាវ។ ខ្ញុំ​ចូលចិត្ត​សាកល្បង​មុខ​ម្ហូប​ថ្មីៗ ដែល​មាន​ក្នុង​មី​នុយ តែ​នាង​ចូល​ចិ​ត្ត​កុម្មង់​មុខម្ហូប​ដដែល។ បន្ទាប់ពី​យើង​បាន​ទៅដល់​វិចិត្រសាល​ប្រហែល២០នាទី ខ្ញុំ​ទើបតែ​ចាប់ផ្តើម​ដើរមើល​ផ្ទាំងគំនូរ ខណៈ​ពេល​ដែល​មើ​រី​នបា​នដើ​រមើល​ចប់​មុន​ខ្ញុំ ហើយ​បាន​ទៅ​អង្គុយ​រង់ចាំ​ខ្ញុំ​នៅកន្លែង​ញាំ​កាហ្វេ នៅ​ជាន់ក្រោម ដោយ​មិនដឹង​ថា ខ្ញុំ​នឹង​ចំណាយពេល​យូរប៉ុណ្ណា​ទៀត​ទេ។ យើង​បាន​ផ្តល់​ឱកាស​ជាច្រើន ដល់គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​រៀន​អត់ធ្មត់។

យើង​ក៏​មាន​ចំណុច​ដែល​ដូចគ្នា​ផង​ដែរ ដូចជា ការ​ចូលចិត្ត​ប្រភេទ​នៃ​ភាព​កំប្លែង​ដូចគ្នា ការ​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត និង​មាន​ជំនឿ​លើ​ព្រះ​ដូចគ្នា ដែល​បាន​ជួយ​ឲ្យ​យើង​អធិស្ឋាន នៅពេល​ដែល​យើង​មាន​ជម្រើស​ផ្សេង​គ្នា ហើយ​ត្រូវ​ធ្វើការ​លះបង់ តាមដែល​ចាំបាច់។ ដោយសារ​ចំណុច​ដូចគ្នា​ទាំងនេះ ចំណុច​ខុសគ្នា​របស់​យើង​ថែ​មទំាង​មានប្រយោជន៍​ចំពោះ​ទំនាក់ទំនង​របស់​យើង​ទៀតផង។ មើល​រី​នបាន​ជួយ​ឲ្យ​ខ្ញុំ​រៀន​បន្ធូរ​អារម្មណ៍ ខណៈ​ពេល​ដែល​ខ្ញុំ​ជួយ​នាង ឲ្យ​​ចម្រើន​ឡើង ក្នុង​ការ​លត់ដំ ខាង​វិញ្ញាណ។ ការសម្រប​ខ្លួន​នឹង​ចំណុច​ខុសគ្នា​ដែល​យើង​មាន​ បាន​ធ្វើឲ្យ​យើង​ក្លាយជា​មនុស្ស​ដែល​ល្អ​ប្រសើរ​ជាង​មុន។

សាវ័ក​ប៉ុល​បាន​និយាយ អំពី​ទំនាក់ទំនង​ប្តី​ប្រពន្ធ ដើម្បី​បង្រៀន​ពួក​ជំនុំ(អេភេសូរ ៥:២១-៣៣) តែ​ក៏បាន​បង្រៀន អំពី​ទំនាក់ទំនង​ក្នុង​ពួក​ជំនុំ​ផង​ដែរ។ ពួក​ជំនុំ​មាន​មនុស្ស​ដែល​មាន​លក្ខណៈ​ខុសគ្នា ដែល​ចាំបាច់​ត្រូវ​រៀន​បន្ទាបខ្លួន និង​មានចិត្ត​អត់ធ្មត់ និង “ទ្រំា​ទ្រ​នឹងគ្នា​ទៅវិញទៅមក ដោយ​សេចក្តី​ស្រឡាញ់”(៤:២) គឺ​មិន​ខុសពី​ទំនាក់ទំនង​ក្នុង​គ្រួសារ​ឡើយ។ ហើយ​ការ​មាន​ជំនឿ​តែមួយ និង​ការបម្រើ​គ្នា​ទៅ​វិញ​ទៅ​មក ជួយ​ឲ្យ​ពួក​ជំនុំ​មានការ​រួបរួម និង​ពេញវ័យ​ខាងវិញ្ញាណ(ខ.១១-១៣)។

ចំណុច​ខុសគ្នា ក្នុង​ទំនាក់ទំនង​អាច​បណ្តាល​ឲ្យ​យើង​មានចិត្ត​នឿយណាយ ក្នុង​ពួក​ជំនុំ ក៏ដូចជា​ក្នុង​ទំនាក់ទំនង​ប្តី​ប្រពន្ធ។ តែបើ​យើង​គ្រប់គ្រង​ចំណុច​ខុសគ្នា​នោះ​បាន​ល្អ យើង​អាច​ប្រើ​ចំណុច​ខុសគ្នា​ទាំងនោះ ជា​ប្រយោជន៍ ជួយ​ឲ្យ​យើង​កាន់តែ​មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ។—Sheridan Voysey

ចូរ​គិត​អំពី​ប្តី​ប្រពន្ធ​របស់​អ្នក ឬមិត្ត​ជិតស្និទ្ធ​ម្នាក់។ តើ​ចំណុច​ខុសគ្នា​រវាង​អ្នក និង​គាត់ បាន​ជួយ​ឲ្យ​អ្នក​ទាំងពីរ​លូតលាស់​ដូចម្តេច​ខ្លះ? ឥឡូវនេះ ចូរ​គិត​អំពី​ពួក​ជំនុំ​របស់​អ្នក។ តើ​ចំណុច​ខុសគ្នា​រវាង​សមាជិក​នី​មួយៗ បាន​ជួយ​ឲ្យ​អ្នក​កាន់តែ​មានការ​គោរព​ប្រតិបត្តិ​ព្រះ ដូចម្តេច​ខ្លះ?

ឱព្រះវរបិតា ដែល​គង់នៅ​ស្ថានសួគ៌ សូម​ព្រះអង្គ​ប្រើ​ចំណុច​ខុសគ្នា រវាង​ទូល​បង្គំ និង​បងប្អូន​រួម​ជំនឿ​ដទៃទៀត ដើម្បី​ជួយ​យើងខ្ញុំ​ឲ្យ​មាន​ភាព​ពេញវ័យ​ខាងវិញ្ញាណ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៩១-៩៣ និង រ៉ូម ១៥:១-១៣