ទ្រង់​នឹង​សោយរាជ្យ​នៅ​អស់​កល្ប​ជានិច្ច​រៀងរាប​តទៅ។ វិវរណៈ ១១:១៥

លោក​ហ៊ែនឌែល(Handel) បាន​ចំណាយពេល​២៤ថ្ងៃ ដើម្បី​និពន្ធ​ទំនុកភ្លេង​មួយ សម្រាប់​ប្រគំ​ជា​ក្រុម មាន​ចំណងជើង​ថា ព្រះ​មែ​ស៊ី ។ នេះ​ជា​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល ក្នុង​វិស័យ​តន្ត្រី។ ទំនុកភ្លេង​នេះ​ប្រហែលជា​ទំនុកភ្លេង​ដែល​ល្បីល្បាញ​បំផុត ក្នុង​ពិភពលោក ដែលគេ​បាន​យក​មក​ប្រគំ​រាប់ពាន់​ដង នៅ​ទូទាំង​ពិភពលោក ជា​រៀងរាល់​ឆ្នាំ។ ទំនុកភ្លេង​ដ៏​អស្ចារ្យ​នេះ​បាន​ឈាន​ដល់​កំរិត​កំពូល បន្ទាប់ពី​គេ​ចាប់ផ្តើម​ប្រគំ “បទ​ខ្លី​ហា​លេ​លូ​យ៉ា” ដែល​ជាផ្នែក​សំខាន់​បំផុត​របស់​វា បាន​ជិត​ពីរ​ម៉ោង។

ខណៈ​ពេល​ដែល​អ្នក​ផ្លុំ​ត្រែ និង​អ្នក​វាយស្គរធំ​ចាប់ផ្តើម​ប្រគុំ​បទ​ខ្លី​នោះ ក្រុម​ចម្រៀង​ក៏បាន​ច្រៀង​ព្រមគ្នា ដោយ​សម្លេង​ជាច្រើន​ស្រទាប់ នូវ​ពាក្យពេចន៍​ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ​វិវរណៈ ១១:១៥ ថា ៖ “ទ្រង់​នឹង​សោយរាជ្យ​នៅ​អស់​កល្ប​ជានិច្ច​រៀងរាប​តទៅ”(វិវរណៈ ១១:១៥)។ នេះ​ជា​ការ​ប្រកាស​នៃ​ជ័យជម្នះ អំពី​ក្តី​សង្ឃឹមថា នឹង​បាន​រស់នៅ​អស់​កល្ប​ជានិច្ច ជាមួយ​ព្រះយេស៊ូវ​​។

ពាក្យពេចន៍​ជាច្រើន ដែលគេ​ប្រើ​ក្នុង​ទំនុកភ្លេង​មាន​ចំណងជើង​ថា ព្រះ​មែ​ស៊ី គឺ​មាន​ប្រភព​មក​ពី​កណ្ឌ​គម្ពីរ​វិវរណៈ ដែល​ក្នុង​នោះ សាវ័ក​យ៉ូហាន​បាន​ទទួលការ​បើក​សម្ដែង ពេល​គាត់​ជិតដល់​ចុងបញ្ចប់​នៃ​ជីវិត​គាត់ ដោយ​ពិពណ៌នា អំពី​ព្រឹត្តិ​ការណ៍​ដែល​ត្រូវ​កើតឡើង មុន​ពេល​ព្រះគ្រីស្ទ​យាង​មកវិញ។ ក្នុង​កណ្ឌ​វិវរណៈ លោក​យ៉ូហាន​បាន​ងាក​មក​និយាយ ម្តង​ហើយ​ម្តង​ទៀត អំពី​ប្រធានបទ​នៃ​ការ​យាង​មកវិញ​នៃ​ព្រះយេស៊ូវ​​ ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ គឺ​នៅពេល​ដែល​មានសម្លេង​ច្រៀង​ជា​ក្រុម ដោយ​អំណរ​ដ៏​អស្ចារ្យ(១៩:១-៨)។ ពិភពលោក​នឹង​អរ​សប្បាយ ព្រោះ​ព្រះយេស៊ូវ​​នឹង​វាយបំបាក់​អំណាច​នៃ​ភាព​ងងឹត និង​សេចក្តី​ស្លាប់ ហើយ​បង្កើត​នគរ​នៃ​សេចក្តី​សុខសាន្ត។

ថ្ងៃមួយ មនុស្ស​ទាំងអស់​នៅ​ស្ថានសួគ៌ នឹង​ច្រៀង​ទាំងអស់គ្នា ក្នុង​ក្រុម​ចម្រៀង​ដ៏​ធំ​សម្បើម ដោយ​ប្រកាស អំ​ពី​ភាព​ឧត្តុង្គឧត្តម​នៃ​ព្រះយេស៊ូវ​​ និង​ព្រះពរ​នៃ​រាជ្យ​ដ៏​អស់​កល្ប​របស់​ព្រះអង្គ(៧:៩)។ ទំ​រាំ​តែ​ពេលនោះ​មកដល់ ចូរ​យើង​រស់នៅ ធ្វើការងារ អធិស្ឋាន និង​រង់ចាំ​ព្រះអង្គ​ដោយ​ក្តី​សង្ឃឹម។—LISA M. SAMRA

តើ​ការ​យាង​មកវិញ​របស់​ព្រះយេស៊ូវ​​ ដើម្បី​គ្រងរាជ្យ​លើ​ផែនដី បាន​ផ្តល់​ឲ្យ​អ្នក​នូវ​ក្តី​សង្ឃឹម ដូចម្តេច​ខ្លះ? តើមាន​បទចម្រៀង​អ្វី​ដែល​បាន​លើកទឹកចិត្ត​អ្នក ដោយ​ការ​រំឭក​អំ​ពី​ភាព​ឧត្តុង្គឧត្តម​នៃ​​ព្រះយេស៊ូវ​​?

ឱ​ព្រះយេស៊ូវ​​ សូម​ព្រះអង្គ​ឆាប់​យាង​មកវិញ ដើម្បី​តាំង​រាជ្យ​​ព្រះអង្គ​នៅ​លើ​ផែនដី។

To learn more about understanding the book of Revelation, visit ODBU.org​/NT030.

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : សុភាសិត ២៥-២៦ និង ២កូរិនថូស ៩