ងាកទៅរក ពេលមានការឈឺចាប់

ទោះ​បើ​យ៉ាងនោះ គង់តែ​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ឱកាស នឹង​ផ្តល់​ព្រះគុណ​ដល់​ឯង​រាល់គ្នា​ដែរ។ អេសាយ ៣០:១៨

នៅ​វិទ្យាល័យ​ដែល​ជែក(Jack)ទៅរៀន នរណា​ក៏​កោតសរសើរ​អាកប្ប​កិរិយា​របស់​គាត់ ដែល​មាន​ភាព​រោះរាយ និង​មាន​ជំនាញ​ជិះ​ក្តារ​ស្គី​យ៉ាង​ប៉ិនប្រសប់។ គាត់​ជិះ​ក្តារ​ស្គី​ចុះ​ទួល​រួច​ឡើង​វិញ ធ្វើ​ឲ្យ​ខ្លួន​គាត់​ផ្លោង​​ឡើង​ខ្ពស់​ផុត​ពី​ដី ដោយ​ចិត្ត​សប្បាយ​រីករាយ​បំផុត ដោយ​ដៃ​ម្ខាង​កាន់​ក្តារ​ស្គី ហើយ​ម្ខាង​ទៀត​ទប់ខ្លួន​ឲ្យ​នឹង។

ជែក​បាន​សម្រេច​ចិត្ត​ដើរ​តាម​ព្រះយេស៊ូវ បន្ទាប់ពី​គាត់​បាន​ចាប់ផ្តើម​ទៅ​ចូលរួម​កម្មវិធី​ថ្វាយបង្គំ​ព្រះ ក្នុង​ព្រះវិហារ​មួយ ក្នុង​តំបន់​ដែល​គាត់​រស់នៅ។ ទំ​រាំ​តែ​គាត់​បាន​ទទួល​ជឿ​ព្រះយេស៊ូវ​​ គាត់​បាន​អត់ទ្រាំ​នឹង​ទុក្ខ​លំបាក​ក្នុង​គ្រួសារ​យ៉ាង​ខ្លាំង ហើយ​បាន​ប្រើ​ថ្នាំញៀន ដើម្បី​បំបាត់​ការ​ឈឺ​ចាប់។ ក្នុង​អំឡុង​ពេល​បន្ទាប់ពី​គាត់​បាន​ប្រែចិត្ត​ជឿ​ព្រះ អ្វីៗ​ហាក់​ដូចជា​មានដំណើរ​ការ​ល្អ។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំក្រោយ​មក គាត់​ក៏បាន​ចាប់ផ្តើម​ប្រើ​ថ្នាំញៀន​ឡើង​វិញ។ ដោយ​គ្មាន​អន្តរាគមន៍ និង​ការ​ព្យាបាល​ត្រឹមត្រូវ ទី​បំផុត​គាត់​ក៏បាន​ស្លាប់​ដោយសារ​ការប្រើ​ថ្នាំញៀន​លើស​កំរិត។

ពេល​ដែល​យើង​ជួប​ការ​លំបាក យើង​ងាយ​នឹង​វិលត្រឡប់​ទៅ​រក​អ្វី​ដែល​យើង​ធ្លាប់ធ្វើ​កាលពីមុន។ ពេល​ដែល​ពួក​អ៊ីស្រាអែល​មានការ​ថប់បារម្ភ អំពី​ការវាយប្រហារ​របស់​ចក្រភព​អាសស៊ើរ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ ពួក​គេ​ក៏បាន​លូន​វា​ទៅ​សុំ​ជំនួយ​ពី​ជនជាតិ​អេស៊ីព្ទ ដែល​ជា​អតីត​មេ​ទាសករ ដែល​ធ្លាប់​ជិះជាន់​ពួក​គេ​(អេសាយ ៣០:១-៥)។ ព្រះ​ទ្រង់​បាន​បើក​សម្ដែង​ឲ្យ​ពួក​គេ​ដឹង​ជាមុន​ថា ទង្វើ​នេះ​នឹង​នាំឲ្យ​អន្តរាយ​មិនខាន តែ​ព្រះអង្គ​នៅ​បន្ត​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ពួក​គេ ទោះ​ពួក​គេ​បាន​ធ្វើការ​សម្រេចចិត្ត​ខុស​ក៏ដោយ។ ហោរា​អេសាយ​បាន​បង្ហាញ​ព្រះទ័យ​របស់​ព្រះអង្គ ដោយ​ប្រកាស​ទៅកាន់​ពួក​គេ​ថា “ទោះ​បើ​យ៉ាងនោះ គង់តែ​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ឱកាស នឹង​ផ្តល់​ព្រះគុណ​ដល់​ឯង​រាល់គ្នា​ដែរ ហើយ​ទោះ​បើ​យ៉ាងនោះ​ក៏ដោយ គង់តែ​ទ្រង់​នឹង​ចាំ​ឯង​លើក​ដំកើង​ទ្រង់​ឡើង ដើម្បីឲ្យ​ទ្រង់​មាន​សេចក្តី​អាណិត​មេត្តា​ដល់​ឯង”(ខ.១៨)។

នេះ​ជា​ព្រះទ័យ​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​យើង ទោះ​យើង​បានសម្រេច​ចិត្ត​ងាក​ចេញពី​ព្រះអង្គ ទៅ​រក​ជំនួយ​ផ្សេង ដើម្បី​បំបាត់​ការឈឺចាប់​របស់​យើង​ក៏ដោយ។ ព្រះអង្គ​សព្វព្រះទ័យ​នឹង​ជួយ​យើង។ ព្រះអង្គ​មិន​សព្វព្រះទ័យ​ឲ្យ​យើង​ធ្វើបាប​ខ្លួនឯង ដោយ​ងាក​ទៅ​រក​ទម្លាប់​ចាស់ ដែល​នាំឲ្យ​យើង​ជាប់ចំណង​នោះ​ទេ។ សារធាតុ និង​សកម្មភាព​មួយចំនួន​ដែល​ធ្វើឲ្យ​យើង​សប្បាយ​ចិត្ត បាន​ល្បួង​យើង​ឲ្យ​ចង់​មាន​ភាព​ធូរស្បើយ​តែមួយ​ភ្លែត តែ​ព្រះ​ទ្រង់​សព្វព្រះទ័យ​នឹង​ប្រទាន​ការ​ប្រោស​ឲ្យ​ជា​ពិតប្រាកដ ក្នុង​ពេល​ដែល​យើង​បន្ត​ដើរ​ជាមួយ​ព្រះអង្គ​យ៉ាង​ជិតស្និទ្ធ។—JENNIFER BENSON SCHULDT

ហេតុអ្វី​យើង​ចាំបាច់​ត្រូវ​ទទួលស្គាល់​ព្រះគុណ​ព្រះ ក្នុង​ពេល​ដែល​យើង​បរាជ័យ? តើ​អ្នក​អាច​បង្ហាញ​ឲ្យ​គេ​ស្គាល់​សេចក្តី​ស្មោះត្រង់​របស់​ព្រះ ក្នុង​ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយ​ព្រះអង្គ យ៉ាងដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះអង្គ​រំដោះ​ទូលបង្គំ​ឲ្យ​រួចផុត​ពី​ទម្លាប់​ចាស់ ដែល​ជា​អំពើបាប។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ងាក​បែរមក​រក​ព្រះអង្គ ពេលណា​ទូលបង្គំ​ចង់​ស្វែងរក​ភាព​ធូរស្បើយ ក្នុង​អ្វី​ផ្សេងទៀត។

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : អេសាយ ៩-១០ និង អេភេសូរ ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles