ព្រះ​ទ្រង់​នឹង​ជូត​អស់ទាំង​ទឹកភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោកសង្រេង ឬ​សេចក្តី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ វិវរណៈ ២១:៤

មាន​ពេល​មួយ ក្រុម​វេជ្ជបណ្ឌិត​បាន​ពិនិត្យ​សុខភាព​របស់​សាឡូម៉ូន ជា​ក្មេង​អាយុ​៤ឆ្នាំ​រក​ឃើញថា គាត់​មាន​ជំងឺ​សាច់​ដុំ ដែល​ធ្វើឲ្យ​សាច់ដុំ​គាត់​អន់ខ្សោយ​បន្តិច​ម្តងៗ។ មួយឆ្នាំ​ក្រោយមក គ្រូពេទ្យ​បាន​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​គាត់ ដើម្បី​ឲ្យ​គាត់​ប្រើ​រទេះ​រុញ។ តែ​សាឡូម៉ូន​បាន​ប្រកែក​ថា គាត់​មិន​ចង់​ប្រើ​រទេះរុញ​ទេ។ ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ​ទាំងឡាយ​ក៏បាន​អធិស្ឋាន​ឲ្យ​គាត់ ហើយក៏​បាន​រ៉ៃ​អង្គាស​ប្រាក់ ដើម្បី​ស្វែងរក​ឆ្កែ​ដែលគេ​បង្វឹក​ឲ្យ​ជួយ​ជន​ពិការ ដើម្បី​ជួយ​គាត់ឲ្យ​​អាច​ផ្លាស់ទី ដោយ​មិន​ចាំបាច់​ប្រើ​រទេះរុញ ឲ្យ​បាន​យូរ​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន។ អង្គការ​ផ្លូវ​សម្រាប់​ជីវិត ដែល​បាន​បង្វឹក​សត្វ​ឆ្កែ​របស់ខ្ញុំ​ឈ្មោះ ខូ​លី កំពុងតែ​រៀបចំ​សត្វ​ឆ្កែ​ឈ្មោះ វ៉ា​ហ្វ៊​ល ឲ្យ​បម្រើ​សាឡូម៉ូន។ សាឡូម៉ូន​បាន​ទទួលយក​ការ​ព្យាបាល​នេះ ដែល​ជា​ញឹកញាប់ គាត់​បាន​ច្រៀង​សរសើរ​ដំកើង​ព្រះ តែ​ថ្ងៃ​ខ្លះ គាត់​មានការ​ពិបាក​កាន់តែ​ខ្លាំង។ ថ្ងៃមួយ សាឡូម៉ូន​មានការ​ពិបាក​ខ្លាំង តែ​គាត់​បាន​ឱប​ម្តាយ​គាត់ ហើយ​និយាយ​ថា “កូន​សប្បាយចិត្ត​ណាស់ ដែល​នៅ​ស្ថានសួគ៌ គ្មាន​ជំងឺ​សាច់ដុំ”។

ការ​អន់ខ្សោយ ដែល​បណ្តាល​មក​ពី​ជំងឺ បាន​ប៉ះពាល់​មនុស្ស​ទាំងអស់ ដែល​មានជីវិត​រស់នៅ​លើ​ផែនដី​នេះ។ ទោះជាយ៉ាងណា​ក៏ដោយ យើង​មាន​ក្តី​សង្ឃឹម​ដ៏​ស្ថិតស្ថេរ ដែល​អាច​ជួយ​ឲ្យ​យើង​មានការ​ប្តេជ្ញា​ចិត្ត​កាន់តែ​រឹងមាំ នៅ​ថ្ងៃ​ដ៏​ពិបាក ដែល​មិន​អាច​ជៀស​រួច។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន “ផ្ទៃមេឃ និង​ផែនដី​ថ្មី” (វិវរណៈ ២១:១)។ ព្រះ​អាទិករ និង​ព្រះ​ដ៏​ទ្រទ្រង់​ជីវិត នឹង “គង់នៅ” កណ្តាល​ចំណោម​យើង(ខ.៣)។ ព្រះអង្គ​នឹង​ជូត​អស់​ទឹកភ្នែក​ចេញពី​ភ្នែក​យើង និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោកសង្រេង ឬ​សេចក្តី​យំទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ (ខ.៤)។ ពេល​ដែល​យើង​មាន​អារម្មណ៍​ថា ការ​រង់ចាំ​ហាក់ដូចជា​មាន​រយៈពេល “យូរ​ពេក” ឬ “ពិបាក​ខ្លាំងពេក” យើង​នៅតែ​អាច​មាន​សន្តិភាព​ក្នុងចិត្ត ដោយ​ដឹង​ថា ព្រះបន្ទូល​សន្យា​របស់​ព្រះ​នឹង​បានសម្រេច។—XOCHITL DIXON

តើ​ការ​ទទួលស្គាល់​ព្រះបន្ទូល​សន្យា​របស់​ព្រះ អំពី​ការ​ប្រទាន​ផ្ទៃមេឃ និង​ផែនដី​ថ្មី បាន​កម្សាន្ត​ចិត្ត​អ្នក​យ៉ាងណា​ខ្លះ? តើ​អ្នក​អាច​លើកទឹកចិត្ត​មិត្ត​ភក្តិ​ដែល​កំពុង​មានការ​ឈឺចាប់​ដូចម្តេច​ខ្លះ ឲ្យ​មាន​ក្តី​សង្ឃឹម​ចំពោះ​ព្រះបន្ទូល​សន្យា​របស់​ព្រះអង្គ​?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ជួយ​ពង្រឹង​ជំនឿ​ទូលបង្គំ ដោយ​ប្រទាន​សេចក្តី​សង្ឃឹម​ដ៏​ស្ថិតស្ថេរ និង​ច្បាស់លាស់។

For further study, read Prophetic Priorities: Wrestling with the End Times at DiscoverySeries.org

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២៤-២៦ និង ១ពេត្រុស ២