កន្លែងសម្រាប់រស់នៅ

ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នករាល់គ្នា។ យ៉ូហាន ១៤:២

សត្វ​ចាប​ដីខ្សាច់ ជា​ប្រភេទ​ចាប​មាន​មាឌតូច ដែល​ជាប់​ខ្សែស្រឡាយ​សត្វ​ត្រចៀកកាំ។ ពួក​វា​ជីក​រន្ធ​ធ្វើ​សំបុត្រ នៅក្នុង​ច្រាំងទន្លេ។ ការអភិវឌ្ឍន៍​ដែនដី ក្នុង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អង់គ្លេស បាន​ធ្វើឲ្យ​ជម្រក​របស់​ពួក​វា​មានការ​ថយ​ចុះ ហើយ​សត្វ​ចាប​ទាំងនោះ​មាន​កន្លែង​កាន់តែ​តិច សម្រាប់​ធ្វើ​សំបុក ពេល​ដែល​ពួក​វា​វិលត្រឡប់​ពី​ការ​ធ្វើ​ចំណាកស្រុក ដើម្បី​គេច​ចេញពី​រដូវរងា ជា​រៀងរាល់​ឆ្នាំ។ អ្នក​អភិរក្ស​សត្វព្រៃ​ក្នុង​តំបន់​ក៏បាន​ប្រញាប់​ស្វែងរក​ដំណោះស្រាយ ដោយ​សង់​ច្រាំងទន្លេ​សប្ប​និមិត្ត​ដ៏​ធំ​សម្បើម ដើម្បី​ឲ្យ​ពួក​វា​ចូល​ធ្វើ​សំបុក។ ដោយមាន​ជំនួយ​មក​ពី​ក្រុមហ៊ុន​ធ្វើ​រូបចម្លាក់​ពី​ដីខ្សាច់ ពួក​គេ​ក៏បាន​ពូនដី​ខ្សាច់​បង្កើត​កន្លែង សម្រាប់​ឲ្យ​សត្វ​ចាប​ចូល​រស់នៅ នៅ​ឆ្នាំក្រោយ​ទៀត។

សកម្មភាព​ប្រកបដោយ​សេចក្តី​អាណិត​ដូចនេះ គឺ​បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ​ព្រះបន្ទូល​ព្រះយេស៊ូវ ដែល​ធ្លាប់​បាន​បង្រៀន​ពួក​សាវ័ក​ព្រះអង្គ។ មាន​ពេល​មួយ ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ថា ព្រះអង្គ​នឹង​យាង​ឡើង​ស្ថានសួគ៌​វិញ ហើយ​ពួក​គេ​នឹង​មិនទាន់​អាច​ទៅជាមួយ​ព្រះ​អង្គ​ភ្លាម​ៗ​ទេ​(យ៉ូហាន ១៣:៣៦)។ បន្ទាប់មក ព្រះអង្គ​ក៏បាន​ធានា​ពួក​គេ​ថា ព្រះអង្គ​នឹង​ទៅ​រៀប​កន្លែង​ឲ្យ​ពួក​គេ​ម្នាក់​ៗ នៅ​ស្ថានសួគ៌(១៤:២)។ ពួក​គេ​មានការ​ពិបាកចិត្ត ពេល​ឮ​ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​នឹង​យាង​ទៅ​ឆាប់ៗ ហើយ​ពួក​គេ​មិន​អាច​ទៅជាមួយ​ព្រះអង្គ​ តែ​ទោះជាយ៉ាងណា​ក៏ដោយ ព្រះអង្គ​បាន​លើកទឹកចិត្ត ឲ្យ​ពួក​គេ​បានដឹង​ថា ព្រះរាជកិច្ច​ដ៏​បរិសុទ្ធ​នេះ ជាផ្នែក​មួយ​នៃ​ការ​ត្រៀម​ទទួល​ពួក​គេ ក៏ដូចជា​យើង​រាល់គ្នា ឲ្យ​ទៅ​នៅជា​មួយ​ព្រះអង្គ។

បើ​ព្រះយេស៊ូវ​មិន​បាន​លះបង់​ព្រះជន្ម​នៅ​លើ​ឈើឆ្កាង​ទេ នោះ​បន្ទប់​ជាច្រើន ក្នុង​ព្រះវរបិតា​ព្រះអង្គ ក៏​មិន​អាច​ទទួល​យើង​ឲ្យ​ចូល​នៅ​បាន​ដែរ(ខ.២)។ ព្រះគ្រីស្ទ​បាន​យាង​ទៅ​ស្ថានសួគ៌​មុន​យើង ដើម្បី​រៀបចំ​កន្លែង​ឲ្យ​យើង ដោយ​ព្រះអង្គ​បាន​ធានា​យើង​ថា ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​វិញ ហើយ​នាំ​អ្នក​ដែល​បាន​ជឿ​ព្រះអង្គ ទៅ​នៅជា​មួយ​ព្រះអង្គ។ នៅ​ទីនោះ យើង​នឹង​បាន​រស់នៅ​ជាមួយ​ព្រះអង្គ ដោយ​ក្តី​អំណរ​ដ៏​អស់​កល្ប។—KIRSTEN HOLMBERG

តើ​នៅ​ពេល​ណា អ្នកមាន​អារម្មណ៍​ថា អ្នក​គ្រាន់តែ​ជា​អ្នកដំណើរ​នៅ​លើ​ផែនដី​នេះ? តើ​អ្នក​ទន្ទឹង​រង់​ចាំ​អ្វី​ជាងគេ នៅ​ស្ថានសួគ៌?

ឱ​ព្រះយេស៊ូវ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​បាន​រៀប​កន្លែង ឲ្យ​ទូលបង្គំ បាន​ទៅ​នៅជា​មួយ​ព្រះអង្គ នៅ​នគរ​ស្ថានសួគ៌។

គម្រោងអានព្រះគម្ពីររយៈ១ឆ្នាំ : លោ​កុប្បត្តិ ១៣-១៥ និង ម៉ាថាយ ៥:១-២៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles