ចុងបញ្ចប់នៃសាច់រឿង

កុំ​យំ​ថ្វី មើល​ន៏ សត្វ​សិង្ហ​ដែល​កើត​ពី​ពូជអំបូរ​យូដា គឺជា​ឫសកែវ​នៃ​ហ្លួង​ដាវីឌ ទ្រង់​បាន​ឈ្នះ។ វិវរណៈ ៥:៥

អស់​រយៈពេល​ជាង៦ទសវត្សរ៍​មក​ហើយ ដែលគេ​បាន​ស្គាល់​សម្លេង​របស់ អ្នកអាន​ព័ត៌មាន ឈ្មោះ​ប៉ុល ហា​វេយ(Paul Harvey) តាមរយៈ​ការផ្សាយ​របស់​វិទ្យុ​អាមេរិក។ ក្នុង​ការ​អាន​ព័ត៌មាន ៦ថ្ងៃ ក្នុង​មួយ​សប្តាហ៍ គាត់​តែងតែ​និយាយ ដោយ​ពាក្យ​សម្តី​ដ៏​ប៉ិនប្រសប់​ថា “ប្រិយមិត្ត​បានដឹង អំពី​ព័ត៌មាន​នេះ​ហើយ ក្នុងរយៈពេល១នាទី​ទៀត ប្រិយមិត្ត​នឹង​បាន​ស្តាប់​រឿង​ដែល​នៅសល់”។ បន្ទាប់ពី​ការផ្សាយ​ពាណិជ្ជកម្ម​ដ៏​ខ្លី​មួយ គាត់​ក៏បាន​និយាយ អំពី​រឿង​ដែល​មិន​សូវ​មាន​គេ​ដឹង អំពី​ជន​ល្បីឈ្មោះ​ណា​ម្នាក់។ ​ទាល់តែដល់​ចុងបញ្ចប់​នៃ​សាច់រឿង ទើប​គាត់​បញ្ចេញ​ឈ្មោះ ឬ​ចំណុច​ដ៏​សំខាន់​ដទៃទៀត​របស់​អ្នកនោះ ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏បាន​ធ្វើឲ្យ​ប្រិយមិត្ត​អ្នក​ស្តាប់ មានចិត្ត​សប្បាយរីករាយ នៅក្នុង​ការ​តាមដាន​រឿង​ ដោយ​យកចិត្ត​ទុកដាក់​ពីដើម​ដល់​ចប់។

សាវ័ក​យ៉ូហាន​បាន​ទទួលការ​បើក​សម្តែង អំពី​រឿង​ក្នុង​អតីតកាល និង​អនាគត ដែល​បាន​បង្ហាញ​ចេញ​មក តាម​ការសន្យា​ស្រដៀង​នេះ​ផង​ដែរ។ ទោះជាយ៉ាងណា​ក៏ដោយ រឿង​ដែល​គាត់​បាន​ទទួលការ​បើក​សម្តែង​នោះ បាន​ចាប់ផ្តើម​ដោយ​ភាព​សោកសៅ។ គាត់​បាន​យំ​ឥត​ឈប់ ពេល​ដែល​គាត់​មិនឃើញ​មាន​នរណា​ម្នាក់​ដែល​បាន​កើតមក នៅ​លើ​ផែនដី ឬ​ស្ថាន​សួគ៌ អាច​បើក​បង្ហាញ​រឿង​ប្រវត្តិ​សាស្ត្រ​បន្ទាប់​ទៀត(វិវរណៈ ៤:១ ៥:១-៤)។ បន្ទាប់មក គាត់​ក៏បាន​ឮ​សម្លេង​និយាយប្រាប់​គាត់ ឲ្យ​មាន​សង្ឃឹម​ឡើង នៅក្នុង​សិង្ហ​នៃ​ពូជអំបូរ​យូដា (ខ.៥)។ តែ​ពេល​សាវ័ក​យ៉ូហាន​មើលទៅ មិន​ឃើញ​សត្វ​សិង្ហ​ដ៏​មានជ័យ​ជម្នះ​នោះ​ទេ តែ​បានឃើញ​កូនចៀម ដែលគេ​បាន​សម្លាប់(ខ.៥-៦)។ ការ​បើក​សម្តែង​នេះ​ក៏បាន​បណ្តាល​ឲ្យ​មានសម្លេង​អបអរ​ឡើង នៅ​ជុំវិញ​បល្ល័ង្ក​ព្រះ។ តួ​មានជីវិត​ទាំង៤ និង​ពួក​ចាស់ទុំ២៤នាក់ ក៏បាន​ច្រៀង​សរសើរ​ព្រះអង្គ ដោយ​ការចូលរួម​របស់​ពួក​ទេវតា និង​គ្រប់​ទាំងអស់​ដែល​មានជីវិត នៅ​ផែនដី និង​ស្ថានសួគ៌(ខ.៨-១៤)។

តើមាន​នរណា​នឹកស្មាន​ថា ព្រះអង្គ​សង្រ្គោះ​ដែល​សុគត​នៅ​លើ​ឈើឆ្កាង នឹង​បាន​ធ្វើជា​ក្តី​សង្ឃឹម សម្រាប់​ជីវិត​ទាំងអស់ និង​ធ្វើជា​សិរីល្អ​ដល់​ព្រះ និង​បាន​តាក់តែង​រឿង​យើង​ពីដើម​ដល់​ចប់។—MART DEHAAN

តើមាន​ការភ័យខ្លាច និង​ទុក្ខ​ព្រួយ​អ្វី ដែល​អ្នកមាន ដែល​ត្រូវការ​ក្តី​សង្ឃឹម​ក្នុង​ព្រះយេស៊ូវ? តើ​ការ​គិតថា ព្រះអង្គ​ជា​សត្វ​សិង្ហ​ដែល​មានជ័យ​ជម្នះ និង​កូនចៀម​ដែល​ជា​ដង្វាយ​លោះ​បាប បាន​ជួយ​អ្នក​យ៉ាងណា​ខ្លះ ឲ្យ​ថ្វាយបង្គំ​ព្រះអង្គ?

ឱ​ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា ព្រះអង្គ​សក្តិ​សមនឹង​ទទួល​គ្រប់​ទាំង​អំណាច ការ​សរសើរ និង​សេចក្តី​ស្រឡាញ់។

To learn more about how to read the book of Revelation, visit ODBU.org​/NT030.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោ​កុប្បត្តិ ២៩-៣០ និង ម៉ាថាយ ៩:១-១៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles