ជាបញ្ហារបស់ចិត្ត

ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ចូរ​វិលមកវិញ ចូរ​បែរចេញ​ពី​រូប​ព្រះ​របស់​ឯង​រាល់គ្នា​ទៅ ហើយ​ងាក​មុខ​ពី​អស់ទាំង​ការគួរ​ស្អប់ខ្ពើម​របស់​ឯង​រាល់គ្នា​ចុះ។ អេសេគាល ១៤:៦

មាន​ពេល​មួយ មិត្ត​ភក្តិ​របស់ខ្ញុំ ជា​គ្រូគង្វាល​ជន​ជាតិ​ហ្កា​ណា បាន​បញ្ចាំង​ពន្លឺ​ពិល​មក​លើ​រូបឆ្លាក់​មួយ ដែលគេ​បាន​ផ្អែក​ពីលើ​ជញ្ជាំង​ផ្ទះ​ខ្ទម​មួយ ហើយ​ប្រាប់​ខ្ញុំ​ថា “តើ​អ្នក​ឃើញ​ទេ? នេះ​ជា​រូប​ព្រះ​ប្រចាំ​ភូមិ​នេះ”។ រៀងរាល់​ពេល​ល្ងាច​ថ្ងៃអង្គារ លោកគ្រូ​គង្វាល​ស៊ែម(Sam) បាន​ធ្វើដំណើរ​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​បង្រៀន​ព្រះគម្ពីរ ក្នុង​ភូមិ​ដាច់ស្រយាល​មួយ​នេះ។

ក្នុង​កណ្ឌ​គម្ពីរ​អេសេគាល យើង​ឃើញថា ការថ្វាយបង្គំ​រូប​ព្រះ​បាន​បណ្តាល​ឲ្យ​សាសន៍​យូដា​ជួប​រឿង​អាក្រក់​ៗ​ជាច្រើន។ ពេល​ដែល​អ្នកដឹកនាំ នៅ​ទីក្រុង​យេរូសាឡិម មក​ជួប​ហោរា​អេសេគាល ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​មកកាន់​គាត់​ថា “ពួក​អ្នក​ទាំងនេះ​បាន​តាំង​រូប​ព្រះ​របស់​គេ នៅក្នុង​ចិត្ត​ខ្លួន ក៏បាន​ដាក់​ហេតុ​ចំពប់​របស់​អំពើទុច្ចរិត​ខ្លួន នៅចំពោះមុខ​ហើយ”(១៤:៣)។ ព្រះ​ទ្រង់​មិនគ្រាន់​តែ​បាន​ព្រមាន​ពួក​គេ មិន​ឲ្យ​ថ្វាយបង្គំ​រូបឆ្លាក់​ធ្វើពីឈើ ឬ​ថ្ម​ប៉ុណ្ណោះទេ។ ព្រះអង្គ​ក៏បាន​បង្ហាញ​ពួក​គេ​ផង​ដែរ​ថា ការថ្វាយបង្គំ​រូប​ព្រះ​ជា​បញ្ហា នៅក្នុង​ចិត្ត។ យើង​ម្នាក់​ៗ​សុទ្ធតែ​មាន​បញ្ហា​នេះ។

គ្រូបង្រៀន​ព្រះគម្ពីរ​ឈ្មោះ អា​លី​ស្ទែរ បេក(Alistair Begg) បាន​ពិពណ៌នា​ថា “រូប​ព្រះ​គឺ​ជា​អ្វីៗ ដែល​យើង​ចាត់ទុកថា សំខាន់​ជាង​ព្រះ និង​អ្វី​ៗ​ដែល​យើង​គិតថា មាន​សារៈសំខាន់ នៅក្នុង​ការស្វែងរក​សន្តិភាព ការ​លើក​ដំកើង​ខ្លួនឯង ការ​ស្កប់ចិត្ត ឬ​ការ​ទទួលស្គាល់​ពី​អ្នកដទៃ”។ សូម្បី​តែ​អ្វីៗ​ដែល​ហាក់ដូចជា​មាន​ភាព​ត្រឹមត្រូវ ក៏​អាច​ក្លាយជា​រូប​ព្រះ​របស់​យើង​ផង​ដែរ។ ពេលណា​យើង​ស្វែងរក​ការកម្សាន្ត​ចិត្ត ឬ​តម្លៃ​របស់​ខ្លួនឯង ពី​អ្វីមួយ ក្រៅពី​ព្រះ​ដ៏​រស់ នោះ​មានន័យថា យើង​កំពុង​ថ្វាយបង្គំ​រូប​ព្រះ​ហើយ។

ព្រះ​ទ្រង់​មាន​បន្ទូល​ថា “ចូរ​ប្រែចិត្ត! ចូរ​វិលមកវិញ ចូរ​បែរចេញ​ពី​រូប​ព្រះ​របស់​ឯង​រាល់គ្នា​ទៅ ហើយ​ងាក​មុខ​ពី​អស់ទាំង​ការគួរ​ស្អប់ខ្ពើម​របស់​ឯង​រាល់គ្នា​ចុះ”(ខ.៦)។ យើង​មិន​អាច​ពឹង​អាង​ប្រាជ្ញា និង​កម្លាំង​ខ្លួនឯង ដើម្បី​ងាក​បែរ​មក​ព្រះអង្គ​វិញ​បាន​ឡើយ។ តែ​យើង​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រទាន​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ។ ព្រះអង្គ​បាន​សន្យា​ថា “អញ​នឹង​ឲ្យ​ឯង​មានចិត្ត​ថ្មី ហើយនឹង​ដាក់​វិញ្ញាណ​ថ្មី​នៅក្នុង​ឯង​ដែរ អញ​នឹង​ដកចិត្ត​ដែល​រឹង​ដូច​ថ្ម ពី​រូប​សាច់​ឯង​ចេញ រួច​នឹង​ឲ្យ​មានចិត្តជា​សាច់​វិញ”(៣៦:២៦)។ ដូចនេះ យើង​ចាំបាច់​ត្រូវ​ពឹង​អាង​ជំនួយ​របស់​ព្រះអង្គ ដើម្បី​ងាក​បែរមក​រក​ព្រះអង្គ​វិញ។—TIM GUSTAFSON

ពេលណា​អ្នកមាន​ភាព​ធុញថប់​ក្នុង​ជីវិត តើ​អ្នក​ងាក​បែរ​ទៅ​រក​អ្នកណា ដើម្បី​ស្វែងរក​ការកម្សាន្ត​ចិត្ត? តើ​អ្នកចាំ​បាច់​ត្រូវ​ងាក​បែរចេញ​ពី​អ្វី នៅ​ថ្ងៃនេះ?

ឱ​ព្រះវរបិតា សូម​ព្រះអង្គ​បង្ហាញ​ទូលបង្គំ ឲ្យ​ឃើញ​រូប​ព្រះ ដែល​កំពុង​ជាប់​នៅក្នុង​ចិត្ត​ទូលបង្គំ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ បំផ្លាញ​រូប​ព្រះ​ទាំងនោះ ហើយ​រស់នៅ ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​វិញ។

For further study, read Man of Sorrows: How Jesus Understands Our Pain and Offers Us Comfort at DiscoverySeries.org​/Q0225.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោ​កុប្បត្តិ ៤៣-៤៥ និង ម៉ាថាយ ១២:២៤-៥០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles