តើពេលណាវាមានប្រយោជន៍?

ឯ​ក្រឹត្យ​វិន័យ​របស់​ព្រះយេហូវ៉ា​នោះ​គ្រប់លក្ខណ៍ ក៏​កែ​ព្រលឹង​ឡើងវិញ។ ទំនុកដំកើង ១៩:៧

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ជួយ​ចៅ​ខ្ញុំ​ឈ្មោះ ឡូ​ហ្គិន (Logan) ធ្វើ​កិច្ចការ​សាលា ដ៏​ពិបាក​មួយចំនួន ដែល​ជា​លំហាត់​គណិតវិទ្យា​ថ្នាក់​ទី៦ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​មាន​ក្តី​ស្រមៃ​ចង់​ធ្វើជា​វិស្វករ។ បន្ទាប់ ពី​យើង​បាន​ធ្វើលំ​ហាត់ ដែល​មាន​អក្សរ x និង y គាត់​ក៏បាន​សួរ​ខ្ញុំ​ថា “តើ​យើង​រៀន​ធ្វើលំ​ហាត់​ទាំងអស់​នេះ​ដើម្បីអ្វី តើ​វា​នឹង​មានប្រយោជន៍​អ្វី​សម្រាប់​ពេល​អនាគត?”

ខ្ញុំ​ក៏បាន​ញញឹម ហើយ​ឆ្លើយ​ប្រាប់​គាត់​ថា លំហាត់​ទាំងអស់​នោះ គឺជា​អ្វី​ដែល​គាត់​នឹង​ប្រើ​នៅពេល​គាត់​ក្លាយ​ជា​វិស្វករ។ កាល​នោះ គាត់​មិនទាន់​បានដឹង​អំពី​ទំនាក់ទំនង​រវាង​គណិតវិទ្យា និង​ការងារ​ជា​វិស្វករ​ដែល​គាត់​ចង់បាន សម្រាប់​ពេល​អនាគត​ទេ។

ជួនកាល យើង​ក៏​មាន​ទស្សនៈ​ដូចនេះ អំពី​ព្រះគម្ពីរ​ផង​ដែរ។ ពេលណា​យើង​ស្តាប់​គ្រូគង្វាល​អធិប្បាយ​ព្រះបន្ទូល និង​អាន​ខគម្ពីរ​ណាមួយ យើង​ប្រហែលជា​ឆ្ងល់​ថា តើ​យើង​នឹង​បាន​ប្រើការ​បង្រៀន ឬ​ខគម្ពីរ​នោះ នៅពេល​ណា? ស្តេច​ដាវីឌ ដែល​ជា​អ្នកនិពន្ធ​កំណាព្យ មាន​ចម្លើយ​ខ្លះៗ សម្រាប់​សំណួរ​នេះ។ ទ្រង់​មាន​បន្ទូល​ថា សេចក្តី​ពិត​របស់​ព្រះ​ដែល​មាន​ក្នុង​ព្រះគម្ពីរ កែ​ព្រលឹង​យើង​ឡើងវិញ ធ្វើឲ្យ​មនុស្ស​ខ្លៅ​មាន​ប្រាជ្ញា ហើយ​ធ្វើឲ្យ​ចិត្តរីករាយ​ឡើង (ទំនុកដំកើង ១៩:៧-៨)។ ប្រាជ្ញា​ក្នុង​ព្រះគម្ពីរ​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​ទាំង៥ដំបូង ដូចដែល​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១៩ បាន​លើកឡើង (ក៏ដូចជា​ព្រះគម្ពីរ​ប៊ីប​ទាំង​មូល) បាន​ជួយ​យើង​ឲ្យ​ពឹងផ្អែក​ ទៅលើ​ការដឹកនាំ​របស់​ព្រះវិញ្ញាណ ជា​រៀងរាល់ថ្ងៃ(សុភាសិត ២:៦)។

ហើយ​បើ​គ្មាន​ព្រះគម្ពីរ​ប្រើ​ទេ យើង​ក៏​គ្មាន​ផ្លូវ ដើម្បី​ដក​បទពិសោធន៍​ជាមួយ​ព្រះអង្គ និង​ស្គាល់​សេចក្តី​ស្រឡាញ់ និង​ផ្លូវ​ព្រះអង្គ​កាន់តែ​ច្បាស់​បាន​ឡើយ។ ហេតុអ្វី​យើង​ត្រូវ​សិក្សា​ព្រះគម្ពីរ? មូលហេតុ​គឺ​ដោយសារ “សេចក្តី​បញ្ញត្ត​របស់​ព្រះយេហូវ៉ា​សុទ្ធតែ​ទៀងត្រង់ ក៏​បណ្តាល​ឲ្យ​ចិត្តរីករាយ​សប្បាយ”(ទំនុកដំកើង ១៩:៨)។—DAVE BRANON

ហេតុអ្វី​ប្រាជ្ញា​ក្នុង​ព្រះគម្ពីរ​ មាន​សារៈសំខាន់​ចំពោះ​អ្នក ក្នុង​ពេល​សព្វថ្ងៃ? តើ​ធ្វើ​ដូចម្តេច ឲ្យ​អ្នក​អាច​មានការ​រីកចម្រើន​ក្នុង​ការយល់​ដឹង អំពី​ព្រះគម្ពីរ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះអង្គ​ធ្វើឲ្យ​ព្រះបន្ទូល​ព្រះអង្គ ក្លាយជា​ពន្លឺ​បំភ្លឺ​ផ្លូវ​ទូលបង្គំ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​ប្រើ​ប្រាជ្ញា​ក្នុង​ព្រះគម្ពីរ ដើម្បី​ដឹកនាំ​ជំហាន​ទូលបង្គំ ហើយ​ជួយ​ឲ្យ​ទូលបង្គំ​ស្រឡាញ់​ព្រះអង្គ​កាន់តែ​ខ្លាំង​ឡើង។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូស្វេ ១៣-១៥ និង លូកា ១:៥៧-៨០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles