លើសពីផ្នែកដ៏តូចមួយ

បើ​អ្នកណា​ចង់​មក​តាមខ្ញុំ នោះ​ត្រូវឲ្យ​លះ​កាត់ចិត្ត​ខ្លួនឯង​ចោលចេញ ហើយ​ផ្ទុក​ឈើឆ្កាង​ខ្លួន​មក​តាមខ្ញុំ​ចុះ។ ម៉ាថាយ ១៦:២៤

យើង​រាល់គ្នា​សុទ្ធតែ​ត្រូវ​លះបង់​អ្វីមួយ ពេលណា​យើង​ត្រូវ​ផ្លាស់​ទៅ​រស់នៅ​កន្លែង​ថ្មី។ តែ​ដើម្បី​ក្លាយជា​អ្នក​តាំង​ទី​លំនៅ​រយៈ​វែង ក្នុង​ទីក្រុង Villas Las Estrellas ទ្វីបអង់តាកទិក ដែល​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​ដាច់​ស្រយ៉ាល គេ​ត្រូវ​លះបង់​អ្វីមួយ ក្នុង​ន័យត្រង់​តែម្តង។ មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ស្ថិតនៅ​ចម្ងាយ ១ពាន់​គីឡូម៉ែត្រ ដូចនេះ បើ​មាន​នរណា​ម្នាក់​រលាក​ពោះវៀនដុះខ្នែង គាត់​នឹង​មាន​បញ្ហា​ធំ​មិន​ខាន។ ដូចនេះ ពលរដ្ឋ​ម្នាក់​ៗ ត្រូវឲ្យ​គេ​វះកាត់​ខ្នែងពោះវៀន​ចោល​ជាមុន​សិន មុននឹង​អាច​ផ្លាស់ទៅ​រស់នៅ​ទីនោះ។

នេះ​ជា​រឿង​ធ្ងន់ធ្ងរ​ណាស់​មែនទេ? តែ​មិន​ធ្ងន់ធ្ងរ​ដូច​ការ​ក្លាយជា​ពលរដ្ឋ​នៃ​នគរ​ព្រះ​ឡើយ។ ដោយសារ​មនុស្ស​ដើរតាម​ព្រះយេស៊ូវ​ ចូលចិត្ត​ធ្វើ​តាមចិត្ត​របស់​ខ្លួនឯង មិនមែន​តាម​ព្រះទ័យ​ព្រះអង្គ(ម៉ាថាយ ១៦:២៥-២៧) ព្រះអង្គ​ក៏បាន​បកស្រាយ អំពី​អត្ថន័យ​នៃ​ការ​ក្លាយជា​សាវ័ក​របស់​ព្រះអង្គ។ ព្រះអង្គ​មាន​បន្ទូល​ថា “បើ​អ្នកណា​ចង់​មក​តាមខ្ញុំ នោះ​ត្រូវឲ្យ​លះ​កាត់ចិត្ត​ខ្លួនឯង​ចោលចេញ ហើយ​ផ្ទុក​ឈើឆ្កាង​ខ្លួន​មក​តាមខ្ញុំ​ចុះ”(ខ.២៤)។ ការ​នេះ​ក៏​រាប់​បញ្ចូល​ការ​ត្រៀមខ្លួន​លះ​បង់​អ្វីៗ ដែល​យើង​ស្រឡាញ់​ខ្លាំង​ជាង​ព្រះអង្គ និង​នគរ​ព្រះអង្គ​ផង​ដែរ។ ពេល​ណា​យើង​លី​ឈើ​ឆ្កាង គឺ​យើង​ប្រកាស​ថា យើង​ស្ម័គ្រចិត្ត​ឆ្លងកាត់​ការ​កៀប​សង្កត់​ពីសង្គម គ្រួសារ និង​សូម្បីតែ​ការ​ស្លាប់​ក៏ដោយ ដើម្បី​ព្រះគ្រីស្ទ។ ក្នុង​ការ​កាត់ចិត្ត​ខ្លួនឯង និង​ការ​លីឈើ​ឆ្កាង យើង​ក៏​ត្រូវ​ស្ម័គ្រចិត្ត​ដើរតាម​ព្រះអង្គ​ផង​ដែរ។ នេះ​ជា​ការ​ដើរតាម​ការដឹកនាំ​របស់​ព្រះអង្គ គ្រប់​ពេល​វេលា ខណៈ​ពេល​ដែល​ព្រះអង្គ​ដឹកនាំ​យើង​ឲ្យ​បម្រើ និង​ធ្វើការ​លះបង់។

ការ​ដើរតាម​ព្រះយេស៊ូវ​ គឺ​មិនគ្រាន់​តែ​ត្រូវឲ្យ​យើង​លះបង់​ចោល​ផ្នែក​ណាមួយ​នៃ​ជីវិត​របស់​យើង​ប៉ុណ្ណោះ​ឡើយ។ ខណៈ​ពេល​ដែល​ព្រះអង្គ​ជួយ​យើង យើង​ត្រូវ​ចុះចូល និង​ថ្វាយ​ជីវិត​យើង​ទាំងមូល​ដល់​ព្រះអង្គ ដោយ​រាប់បញ្ចូល​ទាំង​រូបកាយ​យើង​ផង​ដែរ។—MARVIN WILLIAMS

តើ​ការ​ដើរតាម​ព្រះយេស៊ូវ​ មានន័យ​យ៉ាងណា​ខ្លះ ចំពោះ​អ្នក? តើ​ព្រះអង្គ​កំពុង​បង្គាប់​អ្នក ឲ្យ​លះបង់​ជីវិត​អ្នក​ថ្វាយព្រះ​អង្គ ដូចម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ​ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​លះ​បង់​ការ​អ្វី​ក៏​ដោយ​ដែល​ទូលបង្គំ​ស្រឡាញ់ ខ្លាំង​ជាង​ព្រះអង្គ និង​នគរ​របស់​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: ១សាំ​យ៉ូអែល ១-៣ និង លូកា ៨:២៦-៥៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles