ទុក្ខ​វេទនា និង​ជំនឿ​ដ៏​ជ្រាល​ជ្រៅ

ម៉ាកុស ៥:២១-៣៤

កូន​ស្រី​អើយ សេចក្តី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ​។ ម៉ាកុស ៥:៣៤

ក្នុង​អំឡុង​ពេល​នៃ​ការ​សិក្សា​ព្រះ​គម្ពីរ ក្នុង​ពេល​ព្រឹក​ថ្ងៃ​សៅរ៍ សមាជិក​របស់​យើង​ម្នាក់​​មាន​ការ​ភ័ន្ត​ភាំង ព្រោះ​កូន​ស្រី​ជាទី​ស្រឡាញ់​របស់​គាត់​ដែល​បាន​ដើរ​ផ្លូវ​ខុស បាន​វិល​ត្រឡប់​មក​ទីក្រុង​វិញ​ហើយ ប៉ុន្តែ គាត់​មាន​អារម្មណ៍​ថា​ពិបាក ក្នុង​ការ​រស់នៅ​ជាមួយ​នាង នៅ​ក្រោម​ដំបូល​ផ្ទះ​តែមួយ ដោយសារ​អាកប្ប​កិរិយា​របស់​នាង​។ អ្នក​ចូល​រួម​ការ​សិក្សា​ព្រះ​គម្ពីរ​ម្នាក់​ទៀត មិន​មាន​សុខ​ភាព​ល្អ​ក្នុង​រូបកាយ​របស់​ខ្លួន ដោយសារ​ផល​ប៉ះ​ពាល​របស់​ជម្ងឺ​រ៉ាំរ៉ៃ និង​ការ​មាន​វ័យ​កាន់តែ​ចាស់​។ ការ​ទៅ​ជួប​គ្រូ​ពេទ្យ​ជា​ច្រើន​លើក បាន​ផ្តល់​ឲ្យ​នូវ​ភាព​ធូរ​ស្រាល​តែ​បន្តិច​បន្តួច​។ គាត់​មាន​ការ​បាក់​ទឹក​ចិត្ត​។ តែ​ដោយសារ​ការ​រៀបចំ​របស់​ព្រះ បទ​គម្ពីរ​ម៉ាកុស ជំពូក៥ ជា​បទ​គម្ពីរ​ដែល​ពួក​គេ​លើក​យក​មក​សិក្សា​ជាមួយ​គ្នា នៅ​ថ្ងៃ​នោះ​។ ហើយ​នៅពេល​ដែល​ការ​សិក្សា​បាន​បញ្ចប់ គាត់​កើត​មាន​ក្តី​សង្ឃឹម និង​ក្តី​អំណរ​យ៉ាង​ខ្លាំង​។

ក្នុង​បទ​គម្ពីរ​ម៉ាកុស ៥:២៣ លោក​យ៉ៃរ៉ូស ជា​ឪពុក​ដែល​មាន​កូន​ស្រី​កំពុង​ឈឺ​ធ្ងន់ បាន​ទូល​អង្វរ​ព្រះ​យេស៊ូវ​ថា “កូន​ស្រី​ទូល​បង្គំ​ជិត​ស្លាប់​ហើយ សូម​ទ្រង់​យាង​ទៅ​ដាក់​ព្រះ​ហស្ត​លើ​វា ឲ្យ​បានជា នោះ​វា​នឹង​រស់​វិញ”។ នៅ​តាម​ផ្លូវ​ទៅ​កាន់​ផ្ទះ​របស់​ក្មេង​ស្រី​នោះ ព្រះយេស៊ូវ​បាន​ប្រោស​ស្រ្តី​ម្នាក់ ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​ដ៏​រ៉ាំរ៉ៃ ដោយ​មាន​បន្ទូល​ថា “កូន​ស្រី​អើយ សេចក្តី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ”(ខ.៣៤)។ លោក​យ៉ៃរ៉ូស និង​ស្រ្តី​នោះ បាន​ទទួល​ការ​ជំរុញ​ចិត្ត​ពី​សេចក្តី​ជំនឿ ដែល​ពួកគេ​មាន​ចំពោះ​ព្រះអង្គ បានជា​ពួក​គេ​ទៅ​រក​ព្រះអង្គ ហើយ​ពួកគេ​មិន​បាន​ខក​ចិត្ត​ឡើយ​។ ប៉ុន្តែ ក្នុង​ករណី​ទាំង​ពីរ​នេះ មុន​ពេល​ពួក​គេ​ជួប​ព្រះយេស៊ូវ ស្ថានភាព​របស់​ពួកគេ​កាន់តែ​មាន​ការ​លំបាក តែ​ក្រោយមក អ្វីៗ​ក៏បាន​ល្អ​ប្រសើរ​ឡើង​។

ទុក្ខ​លំបាក​ក្នុង​ជីវិត​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​រូប ដោយ​មិន​រើស​មុខ​។ ទោះ​យើង​មាន​ភេទ អាយុ ជាតិ​សាសន៍ ឬ​ឋានៈ​អ្វី​ក៏ដោយ យើង​រាល់​គ្នា​សុទ្ធ​តែ​ជួប​ស្ថានភាព ដែល​ធ្វើ​ឲ្យ​យើង​ភ័ន្ត​ភាំង ហើយ​បណ្តាល​ឲ្យ​យើង​ស្វែងរក​ដំណោះ​ស្រាយ​។ ចូរ​យើង​កុំ​បណ្តោយ​ឲ្យ​បញ្ហា​ប្រឈម រា​រាំង​យើង​មិន​ឲ្យ​ងាក​ទៅ​រក​ព្រះយេស៊ូវ​ឡើយ តែ​ផ្ទុយ​ទៅវិញ ចូរ​យើង​ប្រើ​វា​ជា​ឱកាស ដើម្បី​ប្រើ​សេចក្តី​ជំនឿ​កាន់តែ​ជ្រាល​ជ្រៅ ចំពោះ​ព្រះ​ដែល​ជ្រាប​អំពី​អារម្មណ៍​របស់​យើង ពេល​យើង​ឈោង​ទៅ​រក​ព្រះអង្គ(ខ.៣០) ហើយ​អាច​ធ្វើ​ឲ្យ​អ្វីៗ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ក្នុង​ជីវិត​យើង​។—Arthur Jackson

តើមាន​ស្ថានភាព​អ្វី​ខ្លះ ដែល​កំពុង​ជំរុញ​អ្នក ឲ្យ​ស្វែងរក​ព្រះយេស៊ូវ? តើ​អ្នក​ចង់​អធិស្ឋាន​អស់ពី​ចិត្ត​ដូច​ម្តេច​ខ្លះ នៅ​ថ្ងៃ​នេះ?

ឱ​ព្រះយេស៊ូវ ព្រះអង្គ​ជ្រាប​អំពី​ស្ថាន​ភាព​ដ៏​ឈឺ​ចាប់ ក្នុង​ជីវិត​ទូល​បង្គំ​។
សូម​ព្រះអង្គ​ធ្វើ​ឲ្យ​ទូល​បង្គំ​មាន​ភាព​រឹងមាំ​ក្នុង​ជំនឿ ទោះ​អ្វីៗ​ប្រែ​ក្លាយ​ពី​អាក្រក់ ទៅជា​​អាក្រក់​កាន់តែខ្លាំងយ៉ាងណា​ក៏ដោយ​។

Visit ODBU.org/CC205 to uncover how we can work through life’s pain.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៩-១០ និង កិច្ចការ ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles