អំណោយ​ដែល​កែ​ប្រែ​ជីវិត

ទំនុក​ដំកើង ១១៩:៩-២០

ទូល​បង្គំ​នឹង​មាន​ចិត្ត​រីករាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះបន្ទូល​ទ្រង់​ឡើយ​។ ទំនុក​ដំកើង ១១៩:១៦

មាន​ពេល​មួយ ខ្ញុំ​បាន​ស្វាគមន៍​ក្រុម​យុវជន ខណៈ​ពេល​ដែល​ខ្ញុំ និង​ស្វាមី​ខ្ញុំ​ចែក​ព្រះ​គម្ពីរ​ដល់​ពួកគេ​។ ខ្ញុំ​ប្រាប់​ពួក​គេ​ថា “ព្រះអង្គ​នឹង​ប្រើ​អំណោយ​ដ៏​មាន​តម្លៃ​ទាំង​នេះ ដើម្បី​កែ​ប្រែ​ជីវិត​អ្នក”។ នៅ​ពេលយប់​នោះ មាន​សិស្ស​ពីរបី​នាក់​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​អាន​កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​យ៉ូហាន​ទាំង​អស់​គ្នា​។ យើង​ក៏បាន​បន្ត​លើក​ទឹក​ចិត្ត​ក្រុម​យុវជន​នេះ ឲ្យ​អាន​ព្រះ​គម្ពីរ​នៅ​ផ្ទះ ខណៈ​ពេល​ដែល​យើង​បង្រៀន​ពួកគេ ក្នុង​អំឡុង​ពេល​នៃ​ការ​ជួបជុំ​រៀង​រាល់​សប្តាហ៍​។ ជាង១សប្តាហ៍​ក្រោយមក ខ្ញុំ​ក៏​បាន​ជួប​សិស្ស​របស់​យើង​ម្នាក់​។ នាង​ថា នាង​នៅតែ​បន្ត​ប្រើ​ព្រះ​គម្ពីរ​ដែល​ខ្ញុំ​បាន​ឲ្យ​នាង​។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ឃើញ​ទី​បន្ទាល់​ដ៏​ល្អ​នៃ​ជីវិត​របស់​នាង ដែល​ពេញ​ដោយ​សេចក្តី​ជំនឿ​។

ព្រះអម្ចាស់​ប្រទាន​អំណាច​ដល់​រាស្រ្ត​ព្រះអង្គ ឲ្យ​អាន និង​សូត្រ​ខ​គម្ពីរ ព្រម​ទាំង​ចាំ​ទំព័រ​ដែល​ពួកគេ​អាច​រក​មើល​ខ​គម្ពីរ​ផង​ដែរ​។ ព្រះ​អង្គ​ជួយ​ឲ្យ​យើង​អាច​បន្ត​ដើរ​តាម​ផ្លូវ​នៃ​សេចក្តី​បរិសុទ្ធ ដោយ​រស់នៅ ស្រប​តាម​ខ​គម្ពីរ(ទំនុក​ដំកើង ១១៩:៩)។ ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យ​យើង​ស្វែងរក​បំណង​ព្រះទ័យ និង​ស្តាប់​បង្គាប់​ព្រះអង្គ ខណៈ​ពេល​ដែល​យើង​ប្រើ​សេចក្តី​ពិត​ដែល​មិន​ចេះ​ប្រែ​ប្រួល​របស់​ព្រះអង្គ ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​បាប និង​កែ​ប្រែ​ជីវិត​យើង(ខ.១០-១១)។ ជា​រៀង​រាល់​ថ្ងៃ យើង​អាច​ទូល​សូម​ព្រះអង្គ​​ជួយ​យើង ឲ្យ​ស្គាល់​ព្រះអង្គ និង​យល់​ព្រះបន្ទូល​ព្រះអង្គ ដែល​មាន​ចែង​ក្នុង​ព្រះ​គម្ពីរ(ខ.១២-១៣)។

ពេលណា​យើង​ស្គាល់​តម្លៃ​នៃ​ការ​រស់នៅ​តាម​ផ្លូវ​របស់​ព្រះ យើង​អាច “អរ​សប្បាយ” ក្នុង​ការ​បង្រៀន​របស់​ព្រះអង្គ ដូច​មនុស្ស​ដែល​អរ​សប្បាយ​នឹង​ទ្រព្យ​សម្បត្តិ​គ្រប់​យ៉ាង(ខ.១៤-១៥)។ បានជា​យើង​អាច​ច្រៀង ដូច​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ថា “ទូល​បង្គំ​នឹង​មាន​ចិត្ត​រីករាយ​ចំពោះ​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន ឥត​ភ្លេច​ព្រះបន្ទូល​ទ្រង់​ឡើយ” (ខ.‌១៦)។ ខណៈ​ពេល​ដែល​យើង​ទូល​សូម​ព្រះវិញ្ញាណបរិសុទ្ធ​ចម្រើន​កម្លាំង​យើង យើង​អាច​ប្រើ​ពេល​វេលា​ដ៏​មាន​តម្លៃ​នីមួយៗ ដោយ​អធិស្ឋាន និង​អាន​ព្រះ​គម្ពីរប៊ីប ជា​អំណោយ​មក​ពី​ព្រះអម្ចាស់ ដើម្បី​កែ​ប្រែ​ជីវិត​យើង​។—Xochitl Dixon

តើ​អ្នក​បាន​ចំណាយ​ពេល​សិក្សា​ព្រះ​គម្ពីរ​ដូច​ម្តេច​ខ្លះ? តើ​ការ​អរសប្បាយ​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ បាន​កែ​ប្រែ​ចិត្ត​គំនិត​ដែល​អ្នក​មាន​ចំពោះ​ការ​ត្រាស់ហៅ​ឲ្យ​ស្តាប់​បង្គាប់​ព្រះអង្គ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​ដ៏​រស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​អរ​សប្បាយ ចំពោះ​ព្រះបន្ទូល​ដ៏​មាន​តម្លៃ ខណៈ​ពេល​ដែល​ព្រះអង្គ​ចម្រើន​កម្លាំង​ទូល​បង្គំ​ឲ្យ​ចុះ​ចូល​នឹង​ប្រាជ្ញា និង​អំណាច​ព្រះអង្គ​ក្នុង​ជីវិត​ទូល​បង្គំ​។

Visit ODBU.org/SF105 to learn more about understanding the Scriptures.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ: យ៉ូប ២៥-២៧ និង កិច្ចការ ១២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles